32.1 C
Phnom Penh

អគ្គលេខាធិការ​រាជបណ្ឌិត្យសភា​ប្រាប់​ពលរដ្ឋ​ខ្មែរ​កុំ​រុញ​ប្រទេស​ទៅ​ជា​លេណដ្ឋាន​សង្វៀន​ភូមិសាស្ត្រ​នយោបាយ​ចិន-អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត យង់ ពៅ ព្រមាន​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រុញ​ប្រទេស​របស់​ខ្លួន​ទៅ​ជា​លេណដ្ឋាន​នៃ​សង្វៀន​ភូមិសាស្ត្រ​នយោបាយ​រវាង​ចិន និង​អាមេរិក ជុំវិញ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ។

បណ្ឌិត យង់ ពៅ លើកឡើង​ក្នុង​វេទិកា​ស្ដីពី​ធនាគារ​ខួរក្បាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា-ចិន នៅ​ថ្ងៃទី​០៧ វិច្ឆិកា ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កុំ​បញ្ចេញ​ទស្សនៈ​អវិជ្ជមាន​លើ​មិត្ត​ចិន ជ្រុល​ហួសហេតុ ចៀសវាង​អូស​ទាញ​ឱ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​លេណដ្ឋាន​នៃ​សង្វៀន​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច។

មន្ត្រី​រដ្ឋាភិបាល​ដដែល​នេះ លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ចោទប្រកាន់​ពី​ឥរិយាបថ​ចិន ចំពោះ​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ប៉ុន្តែ​តាម​ការពិត ប្រទេស​ចិន ក៏​មាន​ចំណែក​យ៉ាង​ច្រើន​ដែរ​ក្នុង​ការ​ចូលរួម​សម្របសម្រួល​រហូត​មាន​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នៅ​ទីក្រុង​កូឡាឡាំពួរ កាលពី​ចុង​ខែ​តុលា នោះ។

លោក​បញ្ជាក់​ថា ជុំវិញ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ មិន​គួរ​គប្បី​លើក​តម្កើង​ប្រទេស​មួយ ហើយ​វាយប្រហារ​ប្រទេស​មួយ​ផ្សេង​ទៀត​នោះ​ទេ ព្រោះ​ការ​ធ្វើ​បែប​នេះ នឹង​នាំ​គ្រោះថ្នាក់​ដល់​ប្រទេស​កម្ពុជា​ខ្លួនឯង ដូច្នេះ​ពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​អូស​ទាញ​ឱ្យ​កម្ពុជា ក្លាយ​ជា​សមរភូមិ​នៃ​ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​មហាអំណាច​ណា​មួយ​ឡើយ។

កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចេញ​មុខ​ផ្ដួចផ្ដើម​ឱ្យ​មាន​បទ​ឈប់​បាញ់ បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​ឈ្លោះ​គ្នា​រហូត​ឈាន​ដល់​ការ​ប្រើ​អាវុធ​បាញ់​ផ្លោង​ដាក់​គ្នា​ទៅវិញ​ទៅមក។

នៅ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ លោក ដូណាល់ ត្រាំ ក៏បាន​ចេញ​មុខ​ធ្វើ​ជា​សាក្សី​ម្តង​ទៀត​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា-ថៃ ប៉ុន្តែ​ពិធី​នេះ​មិន​មាន​វត្តមាន​ចិន នោះ​ទេ។ បន្ថែម​ពី​នេះ អាមេរិក ក៏​លើកលែង​ទណ្ឌកម្ម​ហាមឃាត់​លក់​អាវុធ​ឱ្យ​កម្ពុជា និង​ប្រកាស​បើក​ផ្លូវ​ឱ្យ​មាន​ការ​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កម្ពុជា​ឡើងវិញ​ថែមទៀត។

ចំណែក​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា លោក វ៉ាង វិនពីន (WANG Wenbin) អះអាង​កាលពី​ពាក់កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០២៥ ថា ភាគី​ចិន បាន​ឃាត់ និង​ជំរុញ​ឱ្យ​មាន​ការ​ពិភាក្សា​យ៉ាង​សកម្ម​ជុំវិញ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ ដែល​បាន​កើតឡើង​តាំងពី​ដំបូង​មក​ម្ល៉េះ។

ឯកអគ្គរដ្ឋទូត​ចិន រូប​នេះ​បញ្ជាក់​ថា បេសកជន​ពិសេស​របស់​ភាគី​ចិន បាន​បំពេញ​បេសកកម្ម​សម្របសម្រួល​លើក​ទី​៣ ហើយ ខណៈ​ចិន ក៏​រីករាយ​ក្នុង​ការ​ផ្តល់​ជំនួយ​យ៉ាង​សកម្ម​ស្របតាម​ការ​ចង់បាន​របស់​ភាគី​ទាំង​ពីរ​ដែរ។

ជុំវិញ​បញ្ហា​នេះ អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី លើកឡើង​ថា សង្គ្រាម ៥​ថ្ងៃ​រវាង​កម្ពុជា-ថៃ ត្រូវ​បាន​សហរដ្ឋ​អាមេរិក អន្តរាគមន៍​ខ្លាំង​ឱ្យ​មាន​បទ​ឈប់​បាញ់ ប៉ុន្តែ​ចិន ដូចជា​រារែក​ក្នុង​ការ​អន្តរាគមន៍​ចំពោះ​សង្គ្រាម​មួយ​នេះ ដែល​ខុស​ពី​ឆ្នាំ​២០០៨ ចិន​បាន​បង្ហាញ​ជំហរ​ច្បាស់លាស់​ថា ខ្លួន​នៅ​ខាង​កម្ពុជា ក្នុង​ពេល​ដែល​កម្ពុជា មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នា​ពេល​នោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស