អ្នកសង្កេតការណ៍អបអរសាទរចំពោះការសម្រេចកាត់សេចក្តីរបស់តុលាការលើសំណុំរឿងឃាតកម្មប្រព្រឹត្តដោយអតីតឧកញ៉ា ស្រី ស៊ីណា ដោយផ្តល់យុត្តិធម៌ជល់ជនរងគ្រោះ និងជាការព្រមានទៅដល់អ្នកមានលុយ និងមានអំណាចមួយចំនួនដែលមិនគោរពច្បាប់។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ ធ្នូ នេះថា ការរក្សាបាននូវយុត្តិធម៌សម្រាប់ជនរងគ្រោះពីស្ថាប័នតុលាការ គឺជាការធានានូវភាពសុខសាន្តសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ហើយការផ្ដន្ទាទោសអតីតឧកញ៉ា ស្រី ស៊ីណា ក្នុងសំណុំរឿងឃាតកម្មនេះ ក៏ជាទំនុកចិត្តមួយសម្រាប់ពលរដ្ឋ ហើយក៏ជាការបង្ហាញអំណាចផ្លូវច្បាប់ខាងតុលាការក្នុងការការពារជនរងគ្រោះផងដែរ។
លោក សេក សុជាតិ បញ្ជាក់ថា ប្រសិនបើស្ថាប័នតុលាការអនុវត្តច្បាប់ដោយមិនប្រកាន់បក្ខពួក មិនរើសអើងនិន្នាការនយោបាយ មិនលម្អៀងទៅខាងអ្នកមានលុយ និងមានអំណាច នោះប្រព័ន្ធយុត្តិធម៌នៃរដ្ឋាភិបាលទាំងមូលនឹងរឹងមាំ ព្រមទាំងទទួលបានការទុកចិត្តពីពលរដ្ឋកាន់តែខ្លាំង ខណៈនីតិរដ្ឋរបស់កម្ពុជាក៏នឹងវិវត្តទៅរកភាពកាន់តែល្អប្រសើរថែមទៀត។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការផ្ដន្ទាទោសអតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់ជនរងគ្រោះពីរនាក់គូដណ្ដឹងឱ្យជាប់ពន្ធនាគាររយៈពេល ៣១ឆ្នាំ និងបង្គាប់ឲ្យបង់សំណង ២លានដុល្លារសហរដ្ឋអាមេរិកដល់ជនរងគ្រោះ រួមជាមួយសំណង ៥០ម៉ឺនដុល្លារផ្សេងទៀតដល់អ្នករងរបួសផងដែរ។
សេចក្តីជូនដំណឹងដដែល ឱ្យដឹងថា តុលាការបានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌចំនួន៣ ពាក់ព័ន្ធនឹងជនជាប់ចោទឈ្មោះ ស្រី ស៊ីណា គឺសំណុំរឿងពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត សំណុំរឿងពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងសំណុំរឿងពីបទរំលោភលើលំនៅឋាន។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ ធ្នូ នេះថា គ្រួសារអ្នកស្លាប់ម្នាក់ៗទទួលបានសំណង ១លានដុល្លារអាមេរិក ពិតជារឿងកម្រកើតមានណាស់នៅក្នុងប្រព័ន្ធយុត្តិធម៌ខ្មែរសម្រាប់ករណីឃាតកម្ម ប៉ុន្តែក៏ជារឿងស័ក្ដិសមណាស់ដែរសម្រាប់ឧកញ៉ាដែលមានលុយ ហើយប្រព្រឹត្តអំពើឃោរឃៅ និងប្រមាថជីវិតអ្នកដទៃរូបនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

