អគ្គនាយកក្រុមហ៊ុន Maritime Group លោក ហេង សិទ្ធី បន្តបញ្ចេញមុខឧក្រិដ្ឋជននៅពីក្រោយនៃការលាងលុយកខ្វក់ ឆបោកតាមអ៊ីនធឺណិតខុសច្បាប់ ការខ្ចីបុលអនឡាញខុសច្បាប់ បើកធនាគារលាងលុយ ដើម្បីជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បើកការស៊ើបអង្កេតលើឧក្រិដ្ឋជនទាំងនោះជុំវិញការប្រព្រឹត្តអំពើពុករលួយ និងការការពារឧក្រិដ្ឋជនដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។
អតីតអ្នកឧកញ៉ា ហេង សិទ្ធី បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដោយបង្ហាញឈ្មោះលោក យ៉ាន ណារ៉ុង ដែលជាឧក្រិដ្ឋជនដ៏ធំបំផុតនៅពីក្រោយការលាងលុយកខ្វក់ ការឆបោកតាមអ៊ីនធឺណិតខុសច្បាប់ បំណុលខុសច្បាប់ ការខ្ចីបុលអនឡាញខុសច្បាប់ ធនាគារលាងលុយ ការការពារការចាប់ជំរិត។
លោក ហេង សិទ្ធី បានសរសេរលម្អិតថា លោក យ៉ាន ណារ៉ុង អាចបញ្ជាដល់ប្រមុខប៉ូលិសដើម្បីការពាររាល់អំពើខុសច្បាប់នៅប្រទេសកម្ពុជា ជាថ្នូរនឹងប្រាក់រាប់ពាន់លានដុល្លារ ដែលសូម្បីតែលោក គួច ចំរើន ក៏ធ្វើការឱ្យគាត់ដែរ។ គាត់អាចបញ្ជាលោក ស ថេត ឲ្យការពារឧក្រិដ្ឋជនបាន។
ប្រភពដដែលអះអាងថា លោកសូមជំរុញដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បើកការស៊ើបអង្កេតលើឧក្រិដ្ឋជននេះដែលជាពលរដ្ឋខ្មែរប៉ុន្តែបំផ្លាញជាតិ មុនយឺតពេល។ លោកថា គ្មានប៉ូលិសណាអាចប៉ះលោក យ៉ាន ណារ៉ុង បានទេ សូម្បីតែមេអនឡាញ Phua Gek seng ហៅ តាក់ ក៏លោក យ៉ាន ណារ៉ុង ជាអ្នកការពារដែរ។
លោក យ៉ាន ណារ៉ុង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សហការជាមួយអ្នកឧកញ៉ា ហ៊ុន តូ ព្រមទាំងជនជាតិចិន និងអ្នកវិនិយោគក្នុងប្រទេសកម្ពុជា បង្អើតក្រុមហ៊ុន ហួយវ័ន ឡាយហ្វ៍ អ៊ិនសួរេន ម.ក (HUIONE LIFE INSURANCE PLC) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៣ ជាន់ទី៣ ផ្លូវលេខ២០០៧ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នកឧកញ៉ា ហ៊ុន តូ ជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកក្រុមហ៊ុនជាមួយជនជាតិចិន ឈ្មោះ Lan JIANPING, Li XIONG, Tia THOMAS និងឈ្មោះ យ៉ាន ណារ៉ុង។
លោក យ៉ាន ណារ៉ុង ក៏ជាអគ្គនាយកធនាគារ ហេងហ៊ី (ខេមបូឌា) ខមមើសល ប៊ែង ម.ក (HENG HE (CAMBODIA) COMMERCIAL BANK PLC)) ដែលក្រុមហ៊ុននេះជាប់សង្ស័យថាជាបណ្ដាញឧក្រិដ្ឋកម្មឆបោក និងជួញដូរមនុស្សនៅប្រទេសកម្ពុជា។
លើសពីនោះទៀត លោក ហេង សិទ្ធី ក៏អះអាងថាលោក គួច ចំរើន កំពុងតែភ័យ ដោយឱ្យកូនចៅដើរចែកលុយមកនិយាយល្អពីគាត់ក្នុងហ្វេសប៊ុក ដើម្បីកុំឱ្យមេគាត់សង្ស័យ ហើយគាត់កំពុងឆ្ងល់ថាចិនមួយណាយករឿងនឹងទៅប្រាប់លោក។
កាលពីថ្ងៃទី២២ ធ្នូ អតីតអ្នកឧកញ៉ា ហេង សិទ្ធី បានរាយការណ៍ និងប្តឹងឱ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតជាបន្ទាន់លើលោក គួច ចំរើន អតីតអភិបាលខេត្តព្រះសីហនុ និងដែលបច្ចុប្បន្នជាអភិបាលខេត្តកណ្តាល អំពីបទប្រព្រឹត្តអំពើពុករលួយក្នុងពេលបំពេញការងារ។ លោកថា លោក គួច ចំរើន ទទួលបានលុយរាប់លានដុល្លារពីការប្រព្រឹត្តអំពើពុករលួយតាមរយៈចេញមុខការពារ។
លើសពីនេះទៀត លោក ហេង សិទ្ធី ក៏បានអំពាវនាវឱ្យលោក ហ៊ុន ម៉ាណែត បើកការស៊ើបអង្កេតលើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អគ្គស្នងការនគរបាលជាតិ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជុំវិញការប្រព្រឹត្តអំពើពុករលួយ និងការការពារឧក្រិដ្ឋជនដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។
លោក ហេង សិទ្ធី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនថា លោកសុំប្តឹងទៅកាន់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដោយផ្ទាល់ ដើម្បីស្នើសុំរកយុត្តិធម៌ជុំវិញរឿងរបស់លោក បន្ទាប់ពីបុរសជនជាតិសិង្ហបុរីសញ្ជាតិខ្មែរឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅ Tak (តាក់) បានសូកប៉ាន់លុយចំនួន ៥លានដុល្លារអាមេរិកទៅឱ្យអគ្គស្នងការនគរបាលជាតិ លោក ស ថេត ដើម្បីដាក់ឈ្មោះរបស់លោកទៅក្នុងបញ្ជីតាមចាប់ខ្លួនពីប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol)។
ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត គួរតែបើកការស៊ើបអង្កេតលើករណីនេះ ដើម្បីទទួលបាននូវទំនុកចិត្តពីប្រជាពលរដ្ឋ ព្រោះអ្នកដែលជាប់សង្ស័យក្នុងរឿងពុករលួយ និងនៅពីក្រោយឧក្រិដ្ឋជននេះ គឺសុទ្ធសឹងតែមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលរបស់គាត់ទាំងអស់។
ការឆបោកតាមប្រព័ន្ធអនឡាញ គឺជាប្រធានបទរសើបដែលសារព័ត៌មានបរទេសបន្តផ្ដោតសំខាន់លើកម្ពុជា។ ទីភ្នាក់ងារប្រឆាំងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ក៏ធ្លាប់បានរាយការណ៍ថា កម្ពុជាបានក្លាយជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាមួយនឹងប្រាក់ចំណូលដែលប្រមូលបានពីឧស្សាហកម្មមួយនេះក្នុងទឹកប្រាក់ចន្លោះពី ៧,៥ពាន់លានដល់ ១២,៥ពាន់លានដុល្លារ ឬស្មើនឹងពាក់កណ្តាលនៃផលិតផលសរុបក្នុងស្រុករបស់កម្ពុជា។
ចំណែកឯគម្រោងរាយការណ៍ពីអំពើឧក្រិដ្ឋកម្ម និងអំពើពុករលួយហៅកាត់ OCCRP បានចេញផ្សាយសេចក្តីរាយការណ៍ស្រាវជ្រាវមួយកាលពីថ្ងៃទី០៤ ខែតុលា ដោយបានរកឃើញថា កម្ពុជាកំពុងលាក់បាំងព័ត៌មានស្ដីពីការផ្តល់សញ្ជាតិឱ្យជនបរទេសដែលជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

