ប្រធានក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ឈ្មោះ លី សុង (LI XIONG) ត្រូវបានសមត្ថកិច្ចកម្ពុជា និងចិន សហការចាប់ខ្លួនបញ្ជូនទៅប្រទេសចិន វិញ ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ ខណៈសញ្ជាតិខ្មែររបស់មេឧក្រិដ្ឋជនរូបនេះក៏ត្រូវបានលុបចោលតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី៣១ មីនា កន្លងទៅដែរ។
ក្រសួងមហាផ្ទៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការចាប់ខ្លួនពលរដ្ឋចិន ឈ្មោះ លី សុង (LI XIONG) កាលពីថ្ងៃទី៣១ ខែមីនា ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ មេសា នេះថា ប្រធានក្រុមហ៊ុន Huione Group ឈ្មោះ លី សុង (LI XIONG) ត្រូវបានចាប់បញ្ជូនទៅកាន់ប្រទេសចិន ដើម្បីបន្តនីតិវិធីតាមច្បាប់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ក្រសួងមហាផ្ទៃ បញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងផ្អែកតាមកិច្ចសហប្រតិបត្តិការរួមគ្នារវាងសមត្ថកិច្ចកម្ពុជា និងចិន អស់រយៈពេលជាច្រើនខែមកហើយ។
ការចាប់ខ្លួនមេឧក្រិដ្ឋជនអនឡាញនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាដាក់ឱសានវាទបោសសម្អាតបទល្មើសអនឡាញឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ នេះ។
ក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយចំណាត់ការបង្ក្រាបឧក្រិដ្ឋកម្មតាមអនឡាញកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា កម្ពុជាប្ដេជ្ញាបោសសម្អាតបទល្មើសអនឡាញឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ នេះ ដ្បិតកម្ពុជាបានក្លាយជាប្រទេសរងគ្រោះពីបទល្មើសមួយនេះជាយូរមកហើយ។
ជុំវិញបញ្ហានេះ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បង្ហាញរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា លោក ហ៊ុន តូ ដែលត្រូវជាបងប្អូនជីដូនមួយរបស់លោក ហ៊ុន ម៉ាណែត បានជាប់ពាក់ព័ន្ធយ៉ាងខ្លាំងជាមួយក្រុមហ៊ុន Huione ព្រោះគាត់គឺជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះ។
លោក ហ៊ុន តូ ដែលត្រូវជាបងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងជាក្មួយប្រុសបង្កើតប្រធានគណបក្សកាន់អំណាចលោក ហ៊ុន សែន បានជាប់ឈ្មោះក្នុងអំពើឧក្រិដ្ឋជាច្រើន ទាំងនៅប្រទេសកម្ពុជា និងនៅបរទេស ដូចជាប្រទេសអូស្ត្រាលី ជាដើម។
ជាក់ស្តែង ក្រុមអ្នកស្រាវជ្រាវរូបិយប័ណ្ណគ្រីបតូ Chainalysis កាលពីចុងខែសីហា ឆ្នាំ២០២៤ បានចង្អុលមុខក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ ថាបានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោករូបិយប័ណ្ណគ្រីបតូ ព្រមទាំងបានពាក់ព័ន្ធនឹងទីផ្សារឆបោករូបិយប័ណ្ណគ្រីបតូដ៏ខ្មៅងងឹត ក្នុងតម្លៃទឹកប្រាក់រហូតដល់ជាង ៤៩ពាន់លានដុល្លារអាមេរិកតាំងពីឆ្នាំ២០២១ មក។
យ៉ាងណាក៏ដោយ គេមិនដែលឃើញរដ្ឋាភិបាលដែលដឹកនាំដោយត្រកូលហ៊ុន បើកការស៊ើបអង្កេតលើសាច់ញាតិរបស់ខ្លួនម្នាក់នេះឡើយ បើទោះបីជាលោក ហ៊ុន តូ ត្រូវសារព័ត៌មានអន្តរជាតិផ្សាយ និងបង្ហាញភស្តុតាងជាបន្តបន្ទាប់ក៏ដោយ។
ពាក់ព័ន្ធនឹងបញ្ហានេះ អតីតឧកញ៉ា ហេង សិទ្ធី ធ្លាប់បានទម្លាយកាលពីដើមខែមករា ឆ្នាំ២០២៥ ថា អ្នកឧកញ៉ា ហ៊ុន តូ និងមេឧក្រិដ្ឋជនរបស់គាត់ឈ្មោះ យ៉ាន ណារ៉ុង កំពុងប្រតិបត្តិការលាងលុយខ្មៅតាមរយៈធនាគារពាណិជ្ជ ហេង ហ៊ី (HENG HE) និងក្រុមហ៊ុន ហួយវ័ន (Hui ONE) ខណៈអគ្គស្នងការនគរបាលជាតិ លោក ស ថេត គឺជាអ្នកការពារដឹកជញ្ជូនលុយទាំងនេះ។
លោក ហេង សិទ្ធី អះអាងថា ពួកគេបានសហការគ្នាជាមួយជនជាតិចិន បើកធនាគារពាណិជ្ជឈ្មោះ ហេង ហ៊ី និងក្រុមហ៊ុន ហួយវ័ន ដែលត្រូវគេរកឃើញថាក្រុមហ៊ុននេះបានជាប់ពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋកម្មលាងលុយកខ្វក់ និងរូបិយប័ណ្ណគ្រីបតូ។
ឯកសារធនាគារពាណិជ្ជ ហេង ហ៊ី មួយចំនួនដែលត្រូវបានអតីតឧកញ៉ា ហេង សិទ្ធី ទម្លាយកាលពីដើមឆ្នាំ២០២៥ បង្ហាញថា អ្នកឧកញ៉ា ហ៊ុន តូ គឺជានាយកគ្រប់គ្រងក្រុមហ៊ុន ហួយវ័ន ចំណែកបុរសម្នាក់ទៀតដែលត្រូវលោកអះអាងថាជាឧក្រិដ្ឋជនឈ្មោះ យ៉ាន ណារ៉ុង នោះ គឺជាអគ្គនាយក ខណៈជនជាតិចិន ផ្សេងទៀត ក៏មានតួនាទីជានាយក និងជាអគ្គនាយកក្នុងក្រុមហ៊ុននេះដូចអ្នកទាំងពីរដែរ។
ជុំវិញបញ្ហានេះ ក្រុមហ៊ុនវិភាគទិន្នន័យប្រតិបត្តិការកុំព្យូទ័រតាមប្រព័ន្ធបច្ចេកវិទ្យា Blockchain ឈ្មោះ «អេលីបទីក» (Elliptic) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ (London) ចក្រភពអង់គ្លេស (UK) បានរកឃើញថា កម្មវិធីទីផ្សារអនឡាញឈ្មោះ «ហួយវ័ន ហ្គារេនធី» (Huione Guarantee) បង្កើតឡើងដោយសម្ពន្ធក្រុមហ៊ុនចិននៅកម្ពុជាឈ្មោះ «ហួយវ័ន គ្រុប»។
ក្រុមហ៊ុននេះ ត្រូវបានរកឃើញថាបានប្រតិបត្តិការអាជីវកម្មទូទាត់ និងប្តូរប្រាក់ឈ្មោះ «ហួយវ័ន ផេ» (Huione Pay) ខណៈលោក ហ៊ុន តូ គឺជានាយកនៃក្រុមហ៊ុន ហួយវ័ន ផេ ដែលកំពុងត្រូវបានក្រុមអ្នករកស៊ីឆបោកតាមអនឡាញ ប្រើប្រាស់យ៉ាងទូលំទូលាយក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ។
កាលពីខែឧសភា ឆ្នាំ២០២៥ ក្រសួងរតនាគារអាមេរិក តាមរយៈបណ្ដាញប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (FinCEN) បានស្នើឱ្យមានការអនុវត្តច្បាប់លើក្រុមហ៊ុន Huione ដែលជារបស់លោក ហ៊ុន តូ។
បណ្ដាញប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (FinCEN) បញ្ជាក់ថា ចាប់តាំងពីខែសីហា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ហួយវ័ន គ្រុប និងបណ្ដាញក្រុមហ៊ុនជាបុត្រសម្ពន្ធ បានជួយលាងលុយកខ្វក់ចំនួន ៤ពាន់លានដុល្លារឱ្យក្រុមឧក្រិដ្ឋជន រួមទាំងក្រុមចោរបច្ចេកវិទ្យារបស់កូរ៉េខាងជើង ប្រមាណ ៣៧លានដុល្លារ និង ៣០០លានដុល្លារពីក្រុមឆបោកតាមអ៊ីនធឺណិតផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

