អតីតអ្នកឧកញ៉ា ហេង សិទ្ធី ព្រមានឱ្យអគ្គស្នងការនគរបាលជាតិ លោក ស ថេត ចុះចេញពីតំណែង បើមិនចង់ឱ្យលោកទម្លាយពីប្រភពចំណូលដែលបានមកពីការប្រព្រឹត្តអំពើពុករលួយប្រចាំខែទេនោះ។
អគ្គនាយកក្រុមហ៊ុន Maritime Group លោក ហេង សិទ្ធី បញ្ចេញសារសំឡេងប្រវែងជិត ១០នាទីដែលបានឆ្លើយតបទៅកាន់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ថា លោកនឹងទម្លាយសេចក្តីរាយការណ៍ប្រភពចំណូលរបស់លោក ស ថេត ដែលបានមកពីការប្រព្រឹត្តអំពើពុករលួយទាំងអស់ បើលោក ស ថេត នៅតែគឃ្លើនមិនលាលែងតំណែងទេនោះ។
អតីតអ្នកឧកញ៉ា ហេង សិទ្ធី លើកឡើងថា រាល់ការលាតត្រដាងនូវអំពើពុករលួយរបស់លោក ស ថេត គឺសុទ្ធសឹងតែជាការពិត ព្រោះអគ្គស្នងការនគរបាលជាតិរូបនេះបានប្រព្រឹត្តអំពើអាក្រក់ច្រើនណាស់ ហើយលោកក៏នឹងមិនកែតម្រូវចំពោះការលាតត្រដាងនូវអំពើពុករលួយរបស់លោក ស ថេត ទៅតាមការប្រកាសពីអគ្គស្នងការនគរបាលជាតិដែរ។
អគ្គនាយកក្រុមហ៊ុន Maritime Group រូបនេះអះអាងថា អំពើចោរកម្ម និងបទឧក្រិដ្ឋផ្សេងៗ ដូចជា ការប្រព្រឹត្តអំពើពុករលួយ គប់គិតជាមួយឧក្រិដ្ឋជនដោយយកមុខនាទី និងអំណាចរបស់ខ្លួនទៅការពារឧក្រិដ្ឋជន រួមទាំងការបើកឱ្យមានល្បែងអនឡាញខុសច្បាប់ពេញប្រទេសកម្ពុជា ជាដើម នឹងមិនអាចកើតមាននៅកម្ពុជាទេ បើគ្មានការបើកដៃពីលោក ស ថេត និងលោក ស សុខា ដែលជាថ្នាក់លើរបស់គាត់នោះ។
លោក ហេង សិទ្ធី អំពាវនាវឱ្យប្រជាពលរដ្ឋគាំទ្រចំណាត់ការរបស់នាយករដ្ឋមន្ត្រី បើលោក ហ៊ុន ម៉ាណែត សម្រេចដកតំណែងលោក ស ថេត ពីអគ្គស្នងការនគរបាលជាតិ ព្រោះលោក ហ៊ុន ម៉ាណែត ក៏មានការទើសទាល់ចំពោះការប្រព្រឹត្តអំពើពុករលួយរបស់លោក ស ថេត ដែរ ហើយបើសម្រេចដកតំណែងបុគ្គលរូបនេះ ក៏រឹតតែធ្វើឱ្យគាត់មានការទើសទាល់ថែមទៀត។
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញបដិសេធការលើកឡើងរបស់លោក ហេង សិទ្ធី ទាំងស្រុង ដែលថាជនជាតិសិង្ហបុរីឈ្មោះ ភូ ហ្គិច សេង (ហៅតាក់) បានសូកប៉ាន់អគ្គស្នងការនគរបាលជាតិ លោក ស ថេត ចំនួន ៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីដាក់ឈ្មោះរបស់លោក (ហេង សិទ្ធី) ក្នុងបញ្ជីតាមចាប់ខ្លួនរបស់នគរបាលអន្តរជាតិអាំងទែប៉ូល (Interpol) នោះ។
អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នើឱ្យលោក ហេង សិទ្ធី ធ្វើការកែតម្រូវព័ត៌មានអំពីការផ្សព្វផ្សាយមិនពិតរបស់ខ្លួនឡើងវិញជាបន្ទាន់។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ អតីតអ្នកឧកញ៉ា ហេង សិទ្ធី បានអះអាងថា បុរសជនជាតិសិង្ហបុរីសញ្ជាតិខ្មែរឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅ Tak (តាក់) បានសូកប៉ាន់លុយចំនួន ៥លានដុល្លារអាមេរិកទៅឱ្យអគ្គស្នងការនគរបាលជាតិ លោក ស ថេត ដើម្បីដាក់ឈ្មោះរបស់លោកទៅក្នុងបញ្ជីតាមចាប់ខ្លួនរបស់ប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol)។
ទាក់ទិននឹងបញ្ហានេះ អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះថា គ្រួសារត្រកូលហ៊ុនរបស់លោក ហ៊ុន សែន ជាចង្កោមគ្រួសារនៅពីក្រោយក្រុមឧក្រិដ្ឋជនដែលកំពុងយកប្រទេសកម្ពុជាជាកន្លែងប្រព្រឹត្តឧក្រិដ្ឋកម្មផ្សេងៗ ដូចជា អំពើជួញដូរមនុស្ស លាងលុយកខ្វក់ និងការបោកប្រាស់តាមអនឡាញ ជាដើម។
លោក សម រង្ស៊ី បញ្ជាក់ថា ក្រុមឧក្រិដ្ឋជនដែលកំពុងពួនសម្ងំនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះមានគ្រួសារត្រកូលហ៊ុនជាអ្នកនៅពីក្រោយខ្នង ទើបពួកគេហ៊ានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មគ្រប់បែបយ៉ាងដោយមិនខ្លាចច្បាប់ប្រទេសកម្ពុជា ដែលពួកគេជាអ្នកអនុវត្តនោះឡើយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

