26.8 C
Phnom Penh

អ្នក​សង្កេតការណ៍៖ ឃាតកម្ម​លើ​លោក លិម គិមយ៉ា ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ធំ​បំផុត​ប្រព្រឹត្ត​ដោយ​គ្រួសារ​ហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សង្កេតការណ៍​កម្ពុជា ចាត់ទុក​ឃាតកម្ម​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក លិម គិមយ៉ា ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដ៏​ធំ​បំផុត​ដែល​ប្រព្រឹត្ត​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន ប៉ុន្តែ​បើ​គ្រួសារ​ហ៊ុន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ​ទេ ត្រូវតែ​បើក​ការ​ស៊ើបអង្កេត​ដោយ​តម្លាភាព។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ មករា នេះ​ថា ដោយសារតែ​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះ​ជា​អ្នក​មាន​អំណាច​នៅ​ស្រុក​ខ្មែរ ទើប​ឃាតករ​សម្រេច​រត់​គេច​ខ្លួន​ចូល​ទឹកដី​ខ្មែរ ជាពិសេស​លោក ហ៊ុន ម៉ានី កូនប្រុស​ពៅ​លោក ហ៊ុន សែន ត្រូវ​ជាប់​សង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​នេះ​ខ្លាំង​បំផុត។

លោក ម៉ែន ណាត លើកឡើង​ថា ទង្វើ​របស់​គ្រួសារ​ហ៊ុន​ជុំវិញ​អំពើ​ឃាតកម្ម​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា គ្រួសារ​មួយ​នេះ​អាច​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ក្នុង​កម្រិត​រដ្ឋាភិបាល​តែម្តង បន្ទាប់ពី​ពួកគេ​យក​ទឹកដី​ថៃ ជា​ទីតាំង​សម្រាប់​បាញ់​សម្លាប់​មនុស្ស​ដើម្បី​ទម្លាក់​កំហុស​ទៅ​លើ​រដ្ឋាភិបាល​ថៃ ឱ្យ​ស្អុយ​ឈ្មោះ​ដោយសារ​ឧក្រិដ្ឋកម្ម​ដែល​ពួកគេ​បង្ក​ឡើង។

ប្រភព​ដដែល​បញ្ជាក់​ថា ឧក្រិដ្ឋកម្ម​នេះ​គឺ​ជាប់​ពាក់ព័ន្ធ​ដល់​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល ៣​ប្រទេស គឺ​ថៃ ជា​ប្រទេស​សាមី​ដែល​ត្រូវ​រក​ជន​ដៃ​ដល់​យក​មក​កាត់ទោស និង​ស្រាវជ្រាវ​អ្នក​ពាក់ព័ន្ធ​ដែល​នៅ​ពីក្រោយ​ឱ្យខាងតែ​បាន។ ចំណែក​រដ្ឋាភិបាល​បារាំង ក៏​ត្រូវ​រក​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​របស់​គេ​ក្នុង​អំពើ​ឃាតកម្ម​នេះ​ដែរ ព្រោះ​លោក លិម គិមយ៉ា មិន​ត្រឹមតែ​មាន​ភរិយា​ជា​ជនជាតិ​បារាំង ទេ ខ្លួន​គាត់​ផ្ទាល់​ក៏​មាន​សញ្ជាតិ​បារាំង ដែរ។ ដោយឡែក​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ផ្តល់​ការ​សហការ​ស្រាវជ្រាវ​ក្នុង​អំពើ​ឃាតកម្ម​នេះ​ដោយ​ចៀស​មិន​រួច​ឡើយ នៅ​ពេល​ដែល​អាជ្ញាធរ​ថៃ បាន​រក​ឃើញ​ជនសង្ស័យ​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ហៅ Mr Pich ថា​ជា​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ​ខ្លាំង​បំផុត​ជាមួយ​ឃាតករ​ក្នុង​ការ​បាញ់​សម្លាប់​នេះ។

លោក ម៉ែន ណាត ព្រមាន​ថា បើ​គ្រួសារ​ហ៊ុន​មិន​បើក​ការស៊ើបអង្កេត​លើ​ឃាតកម្ម​នេះ​ដោយ​តម្លាភាព​ទេ នោះ​គឺ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា អ្នក​នៅ​ពីក្រោយ​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​កម្រិត​អន្តរជាតិ​នេះ គឺជា​គ្រួសារ​ត្រកូល​ហ៊ុន​តែម្តង។

កាលពី​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៥ ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា បន្ទាប់ពី​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា និង​ផ្អែក​តាម​សំណូមពរ​ស្នើសុំ​កិច្ចសហការ​ពី​អាជ្ញាធរ​ថៃ សមត្ថកិច្ច​កម្ពុជា​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ភូមិ​ព្រៃស្វាយ ឃុំ​ព្រៃស្វាយ ស្រុក​មោងឫស្សី​ខេត្ត​បាត់ដំបង។

ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ជនសង្ស័យ​រូប​នេះ​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​ថៃ វិញ​តាម​សំណូមពរ​របស់​នគរបាល​ថៃ បន្ទាប់ពី​នគរបាល​ជាតិ​កម្ពុជា​បញ្ចប់​នីតិវិធី​រួចរាល់។

ជុំវិញ​បញ្ហា​នេះ សភា​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិមនុស្ស (APHR) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ដាច់អហង្ការ​កាលពី​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៥ លើ​ឃាតករ​ឈាម​ត្រជាក់​ដែល​បាន​បាញ់​សម្លាប់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា នៅ​កណ្តាល​ទីក្រុង​បាងកក។

សភា​អាស៊ាន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទាំង​ពីរ គឺ​កម្ពុជា និង​ថៃ ចាត់​វិធានការ​ជាបន្ទាន់​កុំ​ឱ្យ​ឃាតកម្ម​បែប​នេះ​កើតមាន​បន្ត​ទៀត ដើម្បី​ធានា​សុវត្ថិភាព និង​ការ​ការពារ​ជន​និរទេស​នយោបាយ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ក្នុង​តំបន់។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ លោក មួង ណារ៉េត លើកឡើង​កាលពី​ថ្ងៃទី​៨ មករា នេះ​ថា ការ​បាត់បង់​លោក លិម គិមយ៉ា គឺជា​ការ​បាត់បង់​អ្នក​លើកស្ទួយ​សិទ្ធិ​សេរីភាព សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​យ៉ាង​ធំធេង ព្រោះ​លោក លិម គិមយ៉ា តែងតែ​បញ្ចេញមតិ​តវ៉ា​ទាមទារ​លើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​រហូត​មក។

លោក មួង ណារ៉េត អះអាង​ថា ជុំវិញ​ករណី​ឃាតកម្ម​នេះ បើ​ទោះបី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​រឿង​នេះ​ជា​ដែន​សមត្ថកិច្ច​របស់​ថៃ ក្នុង​ការ​បំពេញ​ភារកិច្ច​គ្រប់​បែប​យ៉ាង​ក៏ដោយ ប៉ុន្តែ​ក្នុង​នាម​រដ្ឋាភិបាល​ខ្មែរ​ដែល​តំណាង​ឱ្យ​ពលរដ្ឋ​កម្ពុជា ១៧​លាន​នាក់ ក៏​ត្រូវ​ចេញ​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ជំហរ​ចំពោះ​ករណី​បាញ់​សម្លាប់​លើ​ពលរដ្ឋ​របស់​ខ្លួន​ដែរ ប៉ុន្តែ​មក​ដល់​ពេលនេះ រដ្ឋាភិបាល​កម្ពុជា​នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ដដែល៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស