យុវជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី សច្ចាថាទោះបីកញ្ញាត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ក៏កញ្ញាមិនលើកដៃសុំទោសអាជ្ញាធរ ចំពោះរឿងដែលខ្លួនមិនបានធ្វើខុសជាដាច់ខាត។
អង្គការចលនាមាតាធម្មជាតិកម្ពុជា (Mother Nature of Cambodia) សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២១ មករា នេះថា យុវជនខ្មែរមិនតិចនាក់ទេដែលទទួលបានកម្លាំងជំរុញទឹកចិត្តពីភាពក្លាហានរបស់កញ្ញា ភួន កែវរស្មី រួមទាំងអង្គការចលនាមាតាធម្មជាតិដែលកំពុងបន្តបេសកកម្មរបស់ខ្លួនសព្វថ្ងៃនេះ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ មករា នេះដោយទទូចឱ្យរដ្ឋាភិបាលពិនិត្យលើសំណុំរឿងសកម្មជនបរិស្ថានដែលកំពុងត្រូវបានចោទប្រកាន់ និងឃុំខ្លួនទាំងអយុត្តិធម៌ជាច្រើននាក់កន្លងមកនោះ។
លោក ស៊ឹង សែនករុណា លើកឡើងថា សកម្មភាពយុវជនទាំងនេះមិនមែនធ្វើសកម្មភាពដើម្បីបំផ្លាញរដ្ឋាភិបាល ឬបំផ្លាញប្រទេសជាតិទេ ប៉ុន្តែគឺជាការជួយរដ្ឋាភិបាលទៅវិញប៉ុណ្ណោះ ហើយសកម្មភាពរបស់ពួកគេក៏បានជួយរារាំងពីការបំផ្លាញបរិស្ថាន និងធនធានធម្មជាតិពីសំណាក់ឈ្មួញខុសច្បាប់ និងមន្ត្រីពុករលួយផងដែរ។
មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា សកម្មភាពរបស់យុវជនបរិស្ថានទាំងនោះ គឺពិតជាគួរឱ្យស្ងើចសរសើរ និងគួរឱ្យគោរពជាទីបំផុតចំពោះការលះបង់របស់ពួកគេសម្រាប់ការចូលរួមការពារបរិស្ថាន និងសម្បត្តិជាតិ ហើយផ្ទុយទៅវិញ ការកាត់ទោសពួកគេឱ្យជាប់ពន្ធនាគារពីសកម្មភាពទាំងនេះ គឺប្រៀបបីដូចជាការដាក់បណ្តាសាលើប្រទេសកម្ពុជាឱ្យកាន់តែឆាប់រលាយហិនហោចទៅវិញប៉ុណ្ណោះ។
កាលពីដើមខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី រួមជាមួយសកម្មជនចលនាមាតាធម្មជាតិ ៩នាក់ផ្សេងទៀត ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ ដើម្បីផ្តួលរំលំរដ្ឋាភិបាល កាលពីឆ្នាំ២០២១» ដែលត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារចន្លោះពី ៦ឆ្នាំទៅ ៨ឆ្នាំ។
កញ្ញា ភួន កែវរស្មី ត្រូវបានតុលាការបញ្ជាឱ្យយកទៅឃុំខ្លួននៅពន្ធនាគារ «ម៤» ក្នុងខេត្តពោធិ៍សាត់ ខណៈសកម្មជនចលនាមាតាធម្មជាតិផ្សេងទៀត ដូចជា លោក យីម លាងហ៊ី ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ លោក លី ចាន់ដារ៉ាវុត ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល លោក ថុន រដ្ឋា ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តត្បូងឃ្មុំ និងកញ្ញា ឡុង គន្ធា ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

