27.4 C
Phnom Penh

ក្រុម​កូដករ​ណាហ្គា​វើលដ៍​បន្ត​ចេញ​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ជិត ១០​ចំណុច ក្រោយ​គ្មាន​ដំណោះស្រាយ​ជាង​៣​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កូដករ​ណាហ្គា​វើលដ៍ បន្ត​ចេញ​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បញ្ឈប់​ការ​រើសអើង​សហជីព​គ្រប់​រូបភាព ព្រោះ​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ក្នុង​ក្រុមហ៊ុន​បនល្បែង​មួយ​នេះ នៅតែ​ត្រូវ​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​កាន់តែ​ធ្ងន់ធ្ងរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ក្រុម​កូដករ​ណាហ្គា​វើលដ៍ ចេញ​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ កាលពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៥ នេះ ដោយ​លើក​ផ្ទាំង​បដា​ធំៗ​ដែល​បាន​សរសេរ​លក្ខខណ្ឌ​ទាមទារ​ជិត ១០​ចំណុច និង​ប្រើ​ឧបករណ៍​បំពង​សំឡេង​ក្នុង​ការ​ទាមទារ​យុត្តិធម៌​នេះ បន្ទាប់ពី​ពួកគេ​រង​ភាព​អយុត្តិធម៌​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​អស់​រយៈពេល​ជាង ៣​ឆ្នាំ​ដោយ​គ្មាន​ដំណោះស្រាយ។

ប្រភព​ដដែល​អះអាង​ថា រយៈពេល​ជាង ៣​ឆ្នាំ​នៃ​ការ​ទាមទារ​របស់​កម្មករ​មិនមែន​ជា​ការ​ស៊ីឈ្នួល​ទេ ហើយ​ក៏​មិនមែន​ដើម្បី​ញុះញង់​ដែរ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​តែប៉ុណ្ណោះ ដូចជា​ការ​ទាមទារ​ឱ្យ​ថៅកែ​ណាហ្គា​វើលដ៍ ទទួល​យក​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ឲ្យ​ចូល​ធ្វើការ​វិញ និង​ត្រូវ​គិត​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ផង​ដែរ។

ក្រៅ​ពី​នេះ​ទៀត ត្រូវ​គិត​ប្រាក់​បញ្ចប់​កិច្ចសន្យា​ការងារ​បន្ថែម​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ក្នុង​ឆ្នាំ​២០២០ និង​ដើម​ឆ្នាំ​២០២១ ហើយ​ក៏​ត្រូវ​ផ្ដល់​ប្រាក់​បំណាច់​អតីតភាព​ការងារ និង​ប្រាក់​រឭក​អតីតភាព​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ និង​ត្រូវ​ដំឡើង​ប្រាក់ឈ្នួល​គោល ៧% លើ​ប្រាក់ឈ្នួល​បច្ចុប្បន្ន​ថែម​ទៀត។

លើស​ពី​នេះ ត្រូវ​បញ្ឈប់​ការ​កេងប្រវ័ញ្ច​តាមរយៈ​ការ​ប្រើ​បុគ្គលិក​ក្រោម​ផ្លាក «កម្មសិក្សា» ជា​ថ្នូរ​ឱ្យ​ពួកគេ​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ។ បន្ថែម​លើ​នេះ​ទៀត ក៏​ត្រូវ​បញ្ឈប់​ប្រធាន​ផ្នែក​កាស៊ីណូ​លោក Florian Pastiu ថែម​ទៀត និង​ត្រូវ​ផ្តល់​ប្រាក់ឈ្នួល​គោល​ស្មើ​គ្នា​រវាង​បុគ្គលិក​ក្នុង​ស្រុក​ធៀប​នឹង​បុគ្គលិក​ក្រៅ​ស្រុក​ដែល​មាន​ឋានៈ និង​ផ្នែក​ដូច​គ្នា​ផង​ដែរ។

ក្រុម​កូដករ​រងគ្រោះ​ទាំងនេះ​បញ្ជាក់​ថា ពួកគេ​គ្រាន់តែ​ចង់បាន​ដំណោះស្រាយ​ពី​ថៅកែ​ក្រុមហ៊ុន​ក្នុង​ភាព​យុត្តិធម៌​ដែល​ម្ចាស់​បនល្បែង​ស៊ីសង​មួយ​នេះ​បាន​រំលោភ​សិទ្ធិ​ការងារ​របស់​ពួកគេ និង​រំលោភ​ច្បាប់​ការងារ​នៅ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មករា នេះ​ថា ការ​លើកស្ទួយ​សិទ្ធិ​ការងារ​របស់​កម្មករ គឺជា​កត្តា​សំខាន់​ដែល​រដ្ឋាភិបាល​ត្រូវតែ​ធានា​ឱ្យ​បាន ព្រោះ​អ្នក​វិនិយោគ​ល្អៗ​ដែល​គោរព​ច្បាប់ ពួកគេ​ផ្តល់​អាទិភាព​បំផុត​លើ​សិទ្ធិ​ការងារ​សម្រាប់​កម្មករ​និយោជិត។

លោក សេក សុជាតិ លើកឡើង​ថា ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ដែល​គេ​មើល​ឃើញ​ថា​មិន​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគិន​បរទេស​សព្វថ្ងៃ​នេះ ក៏​ដោយសារតែ​ប្រទេស​កម្ពុជា​មិន​ធានា​បាន​នូវ​សិទ្ធិ​ការងារ​សម្រាប់​កម្មករ​នេះ​ដែរ ជាពិសេស​ករណី​រំលោភ​សិទ្ធិ​ការងារ​លើ​កម្មករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​ការ​រំលោភ​សិទ្ធិ​សហជីព​ឯករាជ្យ​ដែល​បាន​បន្ត​ជា​យូរ​ឆ្នាំ​មក​នេះ។

អ្នក​ឃ្លាំមើល​រូប​នេះ​បញ្ជាក់​ថា បើ​ប្រទេស​កម្ពុជា​ចង់បាន​អ្នក​វិនិយោគ​ឱ្យ​ចូល​ទៅ​រកស៊ី​ដើម្បី​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ រាជរដ្ឋាភិបាល​ក៏​ត្រូវ​ធានា​សិទ្ធិ​ការងារ​របស់​កម្មករ​ជា​មុន​ដែរ ព្រោះ​អ្នក​វិនិយោគ​ល្អៗ​កំពុង​រង់ចាំ​មើល​ថា​តើ​ប្រទេស​កម្ពុជា​អាច​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​របស់​ខ្លួន​បាន​ដែរ​ឬ​ក៏​អត់​ក្នុង​ពេលនេះ។

គិត​ចាប់តាំងពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ ដែល​ក្រុម​កូដករ​ណាហ្គា​វើលដ៍ បាន​នាំគ្នា​ចេញ​តវ៉ា​ទាមទារ​រក​យុត្តិធម៌ បន្ទាប់ពី​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​បញ្ឈប់​ពួកគេ​ពី​ការងារ​ដោយ​រំលោភ​ច្បាប់ គឺ​មាន​រយៈពេល ៣​ឆ្នាំ ១​ខែ ៨​ថ្ងៃ (១១៣៥​ថ្ងៃ) ហើយ ប៉ុន្តែ​ដំណោះស្រាយ​នៅតែ​គ្មាន​សម្រាប់​ជនរងគ្រោះ ខណៈ​ក្រសួង​ការងារ ក្រោម​ការ​ដឹកនាំ​របស់​លោក ហេង សួរ ក៏​មិន​បាន​ចេញ​មុខ​រក​យុត្តិធម៌​ឱ្យ​កម្មករ​រងគ្រោះ​ទាំងនេះ​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស