មន្ត្រីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ទម្លាយថា រដ្ឋត្រូវខាតប្រាក់ចំនួន ១៥លានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ ក្រោមការប្រព្រឹត្តអំពើពុករលួយពីអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) លោក ម៉េង ហុង និងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ។
អគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) លោក ម៉េង ហុង គឺជាកូនប្រសារបស់អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ដែលត្រូវជាតំណាងរាស្ត្រខេត្តពោធិ៍សាត់ សព្វថ្ងៃនេះ ហើយក៏ត្រូវជាបងប្អូនជីដូនមួយនឹងលោក កែវ រតនៈ ដែលជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពេលបច្ចុប្បន្ននេះដែរ។
មន្ត្រីបេឡាជាតិសន្តិសុខសង្គមជាច្រើននាក់ បានសរសេរលិខិតផ្ញើមកកាន់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៥ កុម្ភៈ នេះថា លោក ហេង សួរ និងលោក ម៉េង ហុង បានគប់គិតគ្នាកេងប្រវ័ញ្ចលុយរដ្ឋប្រមាណជា ១៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ខណៈការប្រព្រឹត្តអំពើពុករលួយបែបនេះបានកើតមានអស់ជាច្រើនឆ្នាំមកហើយ។
ប្រភពដដែលទម្លាយថា ល្បិចកលដែលពួកគេគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយនោះ មានដូចជា ម្ចាស់គ្លីនិក ឬគិលានដ្ឋាន ចេញវិក្កយបត្រឱ្យអតិថិជនទៅដកលុយពីស្ថាប័នបេឡាជាតិសន្តិសុខសង្គម ប៉ុន្តែខាងមន្ត្រីបេឡាជាតិសន្តិសុខសង្គមបែរជាចេញវិក្កយបត្រដកលុយលើសពីចំនួនកំណត់ទៅវិញ។ ឧទាហរណ៍ វិក្កយបត្រដែលមានទឹកប្រាក់ ៥០ដុល្លារ ខាង ប.ស.ស ចេញវិក្កយបត្រដកប្រាក់ ៧០ដុល្លារ ជាដើម។ នេះមានន័យថា ដាក់ចំណាយបន្ថែមឲ្យលើសពីចំណាយដើម។
លើសពីនេះទៀត ក៏មានការគប់គិតគ្នាប្រើវិធីទូទាត់វិក្កយបត្រហួសកំណត់ពីអតិថិជន ដើម្បីកាត់យកលុយពីស្ថាប័នបេឡាជាតិសន្តិសុខសង្គមមកចែកគ្នារវាងម្ចាស់គ្លីនិក និងមន្ត្រីបេឡាជាតិសន្តិសុខសង្គមទាំងនោះដែរ។
មន្ត្រីទាំងនេះអះអាងថា ក្រោយបែកធ្លាយអំពើពុករលួយទាំងនេះ ខាងក្រសួងការងារបានដាក់កំហិតឱ្យម្ចាស់គ្លីនិក និងមណ្ឌលសុខភាពដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះ ត្រូវបង្វិលលុយសងទៅរដ្ឋវិញ បើមិនដូច្នោះទេ ក្រសួងការងារនឹងអនុវត្តវិធានការច្បាប់។
ប៉ុន្តែម្ចាស់គ្លីនិក និងមណ្ឌលសុខភាពទាំងនោះ ត្អូញត្អែរថា ពួកគេបានបង់លុយ ១០% ទៅ ២០% ជារៀងរាល់ខែទៅឱ្យមន្ត្រីបេឡាជាតិសន្តិសុខសង្គម ដូច្នេះពួកគាត់គ្មានលទ្ធភាពសងលុយទាំងនោះទៅរដ្ឋវិញទេ។ ផ្ទុយទៅវិញ ក្រសួងគួរស៊ើបអង្កេតលើមន្ត្រីរបស់ខ្លួនដែលបានទទួលលុយពីពួកគេរហូតមក។
ប្រភពមន្ត្រីដដែលនេះបញ្ជាក់ថា បើម្ចាស់គ្លីនិក ឬគិលានដ្ឋាន ឬមណ្ឌលសុខភាពមួយណាមានបំណងចុះកិច្ចសន្យាជាដៃគូជាមួយបេឡាជាតិសន្តិសុខសង្គម ត្រូវតែរត់ការក្រោមសេណារីយ៉ូសែស្រឡាយបក្ខពួករបស់លោក ម៉េង ហុង និងលោក ហេង សួរ ប៉ុន្តែត្រូវបង់លុយចាប់ពី ២ម៉ឺន ៥ពាន់ដុល្លារ ដល់ ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិកសម្រាប់ទីតាំងនីមួយៗ។
ប្រភពដដែលទម្លាយថា ក្រោយបែកធ្លាយអំពើពុករលួយនេះ ការចុះកិច្ចសន្យាជាដៃគូជាមួយគ្លីនិក និងមណ្ឌលសុខភាពត្រូវបានផ្អាកបណ្ដោះអាសន្នក្នុងពេលនេះ ខណៈលោក ម៉េង ហុង ក៏កំពុងរត់ការរក្សាតំណែងរបស់ខ្លួនដែរ ព្រោះកូនមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលផ្សេងទៀតក៏ចង់បានតំណែងខ្លាញ់នេះដែរ។
គិតត្រឹមឆ្នាំ២០២៣ មានគ្លីនិក និងមណ្ឌលសុខភាពជិត ២ពាន់ទីតាំងហើយ ទាំងរដ្ឋ ទាំងឯកជន ដែលបានចុះកិច្ចសន្យាផ្តល់សេវាកម្មជាដៃគូជាមួយស្ថាប័នបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ក្នុងនោះ គ្លីនិក និងមណ្ឌលសុខភាពរដ្ឋមានជាង ១៥០០កន្លែង ខណៈគ្លីនិក និងមណ្ឌលសុខភាពឯកជនក៏មានចំនួនជាង ១៣០កន្លែងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

