25.7 C
Phnom Penh

បណ្ឌិត​បី​រូប​ផ្សាយ​អត្ថបទ​រួម​គ្នា​ពី​ផលវិបាក​អំពី​ផលិតផល​កសិកម្ម​ស្រូវ​អង្ករ​ខ្មែរ បើ​មាន​វិបត្តិ​អាកាសធាតុ​ប្រែប្រួល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ឌិត​បី​រូប​បាន​សរសេរ​អត្ថបទ​រួម​គ្នា​ផ្សាយ​ក្នុង​សារព័ត៌មាន Asia News Network កាលពី​ថ្ងៃទី​១៨ ខែ​កុម្ភៈ ដោយ​ព្យាករ​អំពី​ផលវិបាក​ដែល​ប៉ះពាល់​ដល់​ផលិតផល​កសិកម្ម​ស្រូវ-អង្ករ​ខ្មែរ ព្រមទាំង​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀងអាហារ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ផង។

បញ្ញវន្ត​ទាំង​បី​រូប​សរសេរ​ថា កសិកម្ម​គឺជា​ផ្នែក​មួយ​នៃ​ការ​រស់រាន​មាន​ជីវិត​សម្រាប់​ពលរដ្ឋ​ខ្មែរ ទាំង​ខាង​វប្បធម៌ ទាំង​ខាង​សង្គមកិច្ច និង​សេដ្ឋកិច្ច។

ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា ផលិតផល​ក្នុង​ស្រុក​សរុប​បាន​ថយ​ចុះ​ជា​លំដាប់​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០២២ គឺ​ធ្លាក់​ពី ៣៥,៥% មក​នៅ ១៦,៥%។ ផលិតកម្ម​ស្រូវ-អង្ករ​ក្នុង​វិស័យ​កសិកម្ម​ជា​មោទនា ឬ​មោទនភាព​សម្រាប់​ជនជាតិ​ខ្មែរ ដែល​ពលរដ្ឋ​ខ្មែរ​ពឹង​ផ្អែក និង​មាន​ប្រជាពលរដ្ឋ​ដល់​ប្រមាណ ៥​លាន​នាក់​ប្រកប​អាជីវកម្ម​ធ្វើ​ស្រែ ឬ ៣៥% នៃ​ពលរដ្ឋ​ទាំងអស់ ព្រមទាំង​ដាំដុះ​លើ​ផ្ទៃដី ៦០% ឬ ១/៣ នៃ​ប្រទេស​កម្ពុជា។

អង្ករ​ក្រអូប​ខ្មែរ​ឈ្មោះ ផ្ការំដួល និង​ម្លិះ​អង្គរ ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ពិភពលោក ទទួល​រង្វាន់​ជាច្រើន​ដង ហើយ​ចុងក្រោយ​នេះ គឺ​នៅ​ឆ្នាំ​២០២៤។ ជាមួយ​គ្នា​នេះ វិស័យ​កសិកម្ម ក៏​ប្រឈម​នឹង​ការ​គំរាមកំហែង​ដែរ។

ប្រទេស​កម្ពុជា ក៏​មិន​ខុស​ពី​ប្រទេស​ដទៃ​ដែរ ផល​កសិកម្ម​គឺ​អាស្រ័យ​លើ​អាកាសធាតុ។ ការ​ប្រែប្រួល​អាកាសធាតុ​អាច​នាំ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ ដូចជា ជំនន់​ទឹក ការ​រាំង​ស្ងួត​ហួតហែង ភ្លើង​ឆេះ​ព្រៃ​ដូច​ដែល​កើត​មាន​នៅ​ទ្វីប​ផ្សេងៗ​ជាដើម។

អ្នកនិពន្ធ​រំឭក​ព្រឹត្តិការណ៍​ឆ្នាំ​២០២៤ ក្នុង​រដូវវស្សា ដែល​ទឹក​ជន់​បណ្តាល​ឲ្យ​ផ្ទៃ​ដី​ស្រែ​លិចលង់ ៥​ម៉ឺន​ហិកតា ខូចខាត​ផល​ដំណាំ ៦០% ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ ៦​ម៉ឺន​គ្រួសារ និង​ខូចខាត​ផ្ទះសម្បែង ២​ម៉ឺន​ខ្នង។ គ្រោះ​ធម្មជាតិ​ជា​កត្តា​ដ៏​ធំ​បំផុត​ដែល​ប៉ះពាល់​ដល់​ផលិតកម្ម​ស្រូវ-អង្ករ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស