អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី លើកឡើងថា គ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសកម្ពុជា មិនមែនឱ្យពលរដ្ឋខ្ចីលុយដើម្បីចងការប្រាក់ទេ ប៉ុន្តែពួកគេឱ្យលុយទៅពលរដ្ឋខ្ចី គឺដើម្បីចងកប្រជាជនខ្មែរប៉ុណ្ណោះ ព្រោះគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នោះតម្រូវឱ្យកូនបំណុលបង់ការប្រាក់ខ្ពស់កប់ពពក។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ កុម្ភៈ នេះថា នៅប្រទេសកម្ពុជា ធនាគារពុករលួយ បានឃុបឃិតជាមួយគ្រួសារលោក ហ៊ុន សែន បោកបញ្ឆោតពលរដ្ឋឱ្យចុះកិច្ចសន្យាខ្ចីប្រាក់ដែលមានអត្រាការប្រាក់ខ្ពស់កប់ពពកដែលមានចន្លោះពី ១២% ទៅ ៣០% ក្នុងមួយឆ្នាំ រហូតដល់ប្រជាពលរដ្ឋមិនអាចមានលទ្ធភាពសងត្រឡប់វិញ។
លោក សម រង្ស៊ី លើកឡើងថា ប្រជាពលរដ្ឋខ្លះខ្ចីលុយពីធនាគារយកទៅទិញផ្ទះ តែងត្រូវបានឧកញ៉ាខិលខូចបោកប្រាស់ដោយការលក់ផ្ទះខ្យល់ឱ្យពួកគេ ជាហេតុនាំឱ្យពលរដ្ឋទាំងនោះជំពាក់បំណុលរុំខ្លួនរហូតឈានដល់ការបែកបាក់គ្រួសារ និងសម្លាប់ខ្លួនថែមទៀត ព្រោះតែបំណុលវ័ណ្ឌក។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះអះអាងថា អត្រាការប្រាក់កម្ចីទិញផ្ទះជាមធ្យមនៅប្រទេសបារាំង ប្រហែលជា ៤% ក្នុងមួយឆ្នាំ ដែលស្មើនឹង ០,៣% ក្នុង ១ខែ ចំណែកឯនៅសហរដ្ឋអាមេរិកវិញ គឺការប្រាក់ចន្លោះពី ១% ទៅ ៧% ក្នុង ១ឆ្នាំ ដែលស្មើនឹងចន្លោះពី ០,០8% ទៅ ០,៥% ក្នុង ១ខែតែប៉ុណ្ណោះ។
លោក សម រង្ស៊ី បញ្ជាក់ថា ទាំងពលរដ្ឋអាមេរិក និងបារាំង សុទ្ធតែមានប្រាក់ចំណូលខ្ពស់ ខណៈការប្រាក់កម្ចីពីធនាគារក៏ស្ថិតក្នុងកម្រិតទាប ជាហេតុនាំឱ្យពួកគេអាចទទួលប្រយោជន៍ច្រើនពីប្រាក់កម្ចីទាំងនោះ ប៉ុន្តែនៅប្រទេសកម្ពុជាវិញ ពលរដ្ឋខ្មែរក្រីក្រ ខណៈការប្រាក់កម្ចីពីធនាគារខ្ពស់កប់ពពក ដែលជាហេតុនាំឱ្យពលរដ្ឋក្រីក្រទាំងនោះជាប់បំណុលវ័ណ្ឌកទៅវិញ។
លោកអះអាងថា នៅប្រទេសបារាំង អាមេរិក និងប្រទេសផ្សេងៗទៀត ប្រសិនបើអ្នកខ្ចីគ្មានលទ្ធភាពសងបំណុលវិញទេ អ្នកខ្ចីអាចប្រកាសក្ស័យធន ហើយធនាគារក៏មិនរឹបអូសផ្ទះសម្បែងពួកគេដែរ ដោយធនាគារប្រើវិធីដោះស្រាយផ្សេងៗ ដូចជា ការបន្ថយការប្រាក់ ឬក៏តម្រូវឱ្យកូនបំណុលបង់សងលុយត្រឡប់ទៅវិញក្នុងកម្រិតតិចតួចសម្រាប់រយៈពេលវែង ជាដើម។
ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យអន្តរជាតិ 60 Decibels រកឃើញថា កម្ពុជានៅតែស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសដែលមានទីផ្សារហិរញ្ញវត្ថុមិនល្អ និងមានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះ ពលរដ្ឋខ្មែរប្រមាណ ៣២% ដែលខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ បាននិយាយថា ការបង់សងបំណុល គឺជាបន្ទុកធ្ងន់ធ្ងរ។
ទាក់ទិននឹងបញ្ហានេះ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការបញ្ចប់ការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។
អង្គការលីកាដូ បានរកឃើញថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ យ៉ាងហោចណាស់ ៦% នៃអ្នកខ្ចីប្រាក់ បានលក់ដីធ្លីដើម្បីសងបំណុលខ្នាតតូច និងរកឃើញថាចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ពលរដ្ឋខ្មែរប្រមាណ ១សែន ៦ម៉ឺន ៧ពាន់នាក់ បានលក់ដីដើម្បីសងកម្ចីមីក្រូហិរញ្ញវត្ថុដែលពួកគេជាប់បំណុល។
អង្គការដដែលនេះបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរសរុប ១៧លាននាក់ អ្នកដែលមានគ្រួសារជាង ៣លាន ៦សែនគ្រួសារបានជាប់បំណុលធ្ងន់ធ្ងរ ខណៈបំណុលដែលកើតចេញពីកម្ចីមីក្រូហិរញ្ញវត្ថុ គឺមានដល់ទៅ ៣លានកម្ចី៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

