26.6 C
Phnom Penh

អ្នក​ឃ្លាំមើល​សង្គម​ចាត់ទុក​ការ​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​បង្ហាញ​ឱ្យ​ឃើញ​ការ​បែកបាក់​ជាតិ​ខ្មែរ​កាន់តែ​ខ្លាំង ពិបាក​រក​ចំណុច​ផ្សះផ្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត ចាត់ទុក​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីអំពី​ការ​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត បង្ហាញ​ឱ្យ​ឃើញ​ពី​ទំហំ​នៃ​ការ​បែកបាក់​ជាតិ​ខ្មែរ​កាន់តែ​ខ្លាំង និង​កាន់តែ​ពិបាក​រក​ចំណុច​ផ្សះផ្សា។

លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១ កញ្ញា ថា រាជរដ្ឋាភិបាល​ខ្មែរ​ចេះ​អត់ធ្មត់​ចំពោះ​សត្រូវ​ដែល​ឈ្លានពាន​ទឹកដី​របស់​ខ្លួន និង​សត្រូវ​ដែល​បាន​សម្លាប់​ពលរដ្ឋ និង​កម្លាំង​ការពារ​ជាតិ​ខ្មែរ ចុះ​ហេតុ​អ្វី​រដ្ឋាភិបាល​មិន​អាច​អត់ធ្មត់​ចំពោះ​ខ្មែរ​ដូច​គ្នា ដើម្បី​ស្វែងរក​ការចរចា​បង្រួបបង្រួម​ជាតិ។ ត្រង់​ចំណុច​នេះ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ ឬ​បក្ស​ជួង ធ្លាប់​បរិយាយ​តាម​វេទិកា​សាធារណៈ​ជាច្រើន​ឆ្នាំ​មុន​ថា រដ្ឋាភិបាល​សព្វថ្ងៃ​មិនមែន​ជា​រដ្ឋាភិបាល​ខ្មែរ​ទេ។

នៅ​ចុង​ខែ​សីហា លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទៅ​ចូលរួម​ក្នុង​បុណ្យ​ជាតិ​យៀកណាម ខួប ៨០​ឆ្នាំ នៃ​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង និង​ជប៉ុន ផ្តើម​ពី​ការ​បះបោរ​ពី​អាទិត្យ កាន់កាប់​ទីតាំង​មហាអំណាច​បរទេស​ទាំង​ពីរ នា​ខែ​សីហា ឆ្នាំ​១៩៤៥ ដោយ​ថ្លែង​គោរព​សរសើរ​មេដឹកនាំ​ចលនា​វៀតមិញ ប្រធាន ហូ ជី មិញ។

លោក វ៉ន ចាន់ឡូត បញ្ជាក់​ថា យោង​តាម​ខ្លឹមសារ​នៃ​ច្បាប់​ស្ដីពី​ការ​ដក​សញ្ជាតិ​ខ្មែរ​នេះ គឺ​សំដៅ​ប្រឆាំង​លើ​ក្រុម​អ្នក​រិះគន់​នៅ​ឯ​នាយ​សមុទ្រ ប៉ុន្តែ​ច្បាប់​នេះ​ទំនង​ជា​នឹង​ជំរុញ​ឱ្យ​ចលនា​ប្រឆាំង​ក្រៅ​ប្រទេស​កាន់តែ​មាន​សន្ទុះ និង​ឥទ្ធិពល​ទៅវិញ។

អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១ កញ្ញា នេះ​ថា សមាជិក​ព្រឹទ្ធសភា​ចំនួន ៥៤​នាក់ បាន​លើក​ដៃ​អនុម័ត​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ស្តីអំពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​សញ្ជាតិ​ជា​ឯកច្ឆន្ទ​ឥត​កែប្រែ ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ។

ប្រភព​ដដែល អះអាង​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​កែសម្រួល និង​បន្ថែម​របប​គតិយុត្តិ​អំពី​ការ​បាត់​សញ្ជាតិ​ខ្មែរ តាមរយៈ​ការ​ដក​សញ្ជាតិ​ខ្មែរ​លើ​ជន​ដែល​រស់នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា ឬ​នៅ​ក្រៅ​ប្រទេស ដើម្បី​ឱ្យ​ស្រប​តាម​មាត្រា​៣៣​ថ្មី នៃ​រដ្ឋធម្មនុញ្ញ។

អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​នេះ គឺជា​ឧបករណ៍​គតិយុត្តិ​ដ៏​សំខាន់​ដែល​ធានា​ធម្មនុញ្ញភាព ធានា​ការពារ​សន្តិភាព អធិបតេយ្យ​ជាតិ និង​ទប់ស្កាត់​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​បំផ្លាញ​ឧត្ដម​ប្រយោជន៍​ជាតិ សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ និង​ប្រជាជន​កម្ពុជា ហើយ​ក៏​បង្ហាញ​ឱ្យ​ឃើញ​អំពី​ភាព​រឹងមាំ​នៃ​ក្របខ័ណ្ឌ​ច្បាប់​ក្នុង​ការ​ពង្រឹង​កិច្ច​ការពារ​ជាតិ​ដែរ។

កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៥ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​ថា មាន​ខ្មែរ​មួយ​ក្រុម​កំពុង​គប់គិត​គ្នា​ជាមួយ​ថៃ គ្រោង​បង្កើត​កម្លាំង​វាយប្រហារ​កម្ពុជា ដូច្នេះ​បុគ្គល​ទាំងនោះ​កំពុង​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ហើយ​ពួកគេ​ក៏​ជា​គោលដៅ​នៃ​ច្បាប់​ដក​សញ្ជាតិ​នេះ​ដែរ។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា ណែត កាលពី​ខែ​កក្កដា កន្លង​ទៅ ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ភាគ​ខាងជើង​ខេត្ត​កំពង់ធំ ថា៖ «មាន​ប្រទេស​ចំនួន​១៥០ ក្នុង​ចំណោម​ប្រទេស​ចំនួន​២០០ ជា​សមាជិក​អង្គការ​សហប្រជាជាតិ មាន​ច្បាប់​ដក​សញ្ជាតិ​ដើម រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង។»

អ្វី​ដែល​លោក​មិន​ដឹង ទោះជា​រៀន​នៅ​សហរដ្ឋ​អាមេរិក​ក្តី​នោះ ឬ​មិន​បាន​ប្រាប់​ប្រជាពលរដ្ឋ​អស់​នោះ គឺ​ប្រព័ន្ធ​ច្បាប់​រក​យុត្តិធម៌​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ មាន​ឯករាជភាព មិន​ធ្វើ​តាម​ចំណង់​អ្នក​នយោបាយ​ចង់បាន ក្រមព្រហ្មទណ្ឌ និង​ក្រមរដ្ឋប្បវេណី​អត់​លាយឡំ​គ្នា​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត បន្ថែម​ថា៖ «កុំ​ព្រួយបារម្ភ! បើ​អ្នក​ជា​អ្នក​ស្នេហា​ជាតិ​ពិតប្រាកដ មិន​ប្រឆាំង​នឹង​ផល​ប្រយោជន៍​ជាតិ​នោះ។ បើ​អ្នក​គប់គិត​នឹង​បរទេស​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ នោះ​អ្នក​មិនមែន​ជា​ជនជាតិ​កម្ពុជា ទេ។»

ក្នុង​ន័យ​នេះ អ្នក​សង្កេតការណ៍​រិះគន់​ថា លោក​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​របស់​លោក​មួយ​នគរ បិទ​ត្រចៀក បិទ​ភ្នែក និង​បិទ​មាត់៖ កុំ​ស្តាប់ កុំ​មើល កុំ​ឃើញ កុំ​និយាយ​ស្តី​រឿង​ខុសឆ្គង​ក្នុង​ការ​ដឹកនាំ​ប្រទេស គឺ​ចាំ​ស្តាប់​តែ​រដ្ឋាភិបាល ឬ​ធ្វើ​តាម​តែ​ទិស​បក្ស​មួយ​ផ្លូវ​តែប៉ុណ្ណោះ បើ​ចង់បាន​សុខ។ ផ្ទុយទៅវិញ ពលរដ្ឋ​ខ្មែរ​នៅ​ចងចាំ​ថា ឪពុក​គាត់ មីងមា​គាត់ សុទ្ធតែ​ជា​អ្នក​គប់គិត​នឹង​បក្ស​កុម្មុយនីស្ត​យៀកណាម ឲ្យ​លើក​ទ័ព​មក​រំលោភ​ឈ្លានពាន ត្រួតត្រា កាន់កាប់​ប្រទេស​កម្ពុជា បង្ក​វិនាសកម្ម​ក្នុង​ផែនការ «ក៥» ហើយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ភាគ​ធំ ត្រូវ​ដឹងគុណ សងគុណ​មួយ​ជីវិត។ ម្យ៉ាង​ទៀត បើ​ពលរដ្ឋ​ខ្មែរ​មិន​អើពើ​រឿង​នយោបាយ​ទេ គឺ​មាន​ន័យ​ទុក​ឲ្យ​តែ​អ្នក​មាន​អំណាច​សម្រេច​វាសនា​ខ្លួន​ឲ្យ​រហូត​ថ្ងៃ​ស្លាប់ និង​បន្ត​បំផ្លាញ​ប្រទេស​ជាតិ។

ទាក់ទង​នឹង​ការ​ដក​សញ្ជាតិ​ខ្មែរ​នេះ អង្គការ​ការពារ​សិទ្ធិមនុស្ស ដូចជា Human Rights Watch ជាដើម នៅ​ថ្ងៃទី​១ កញ្ញា នេះ​ថ្លែង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ គឺ​ស្មើ​បង្កើត​ឧបករណ៍​ដ៏​គ្រោះថ្នាក់​បំបិទ​មាត់​ពលរដ្ឋ​ដែល​មាន​មតិ​ផ្ទុយ​ពី​គោលនយោបាយ​រដ្ឋាភិបាល និង​កំណត់​អ្នក​ណា​ជា​ខ្មែរ អ្នក​ណា​មិនមែន​ខ្មែរ។

Bryony Lau នាយិកា​រង​នៃ​អង្គការ Human Rights Watch ផ្នែក​កិច្ចការ​អាស៊ី ថ្លែង​ថា៖ «ច្បាប់​នេះ​ពង្រេចពង្រឹល​សិទ្ធិ​មូលដ្ឋាន​ខាង​សញ្ជាតិ ហើយ​នឹង​ធ្វើ​ឲ្យ​សកម្មជន អ្នក​សារព័ត៌មាន អ្នក​នយោបាយ​ជំទាស់ និង​ពលរដ្ឋ​ឯ​ទៀត ជា​មនុស្ស​គ្មាន​ប្រទេស​រស់នៅ។ ជាមួយ​គ្នា​នេះ សមាជិក​ក្រុម​គ្រួសារ​លោក ហ៊ុន សែន អ្នក​ខ្លះ​មាន​សញ្ជាតិ​ពីរ អ្នក​ខ្លះ​មាន​សញ្ជាតិ​បី ដូចជា​គ្រួសារ​លោក នេត សាវឿន ជាដើម។»

ជាមួយ​គ្នា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន រីដា បាន​ចាត់ទុក​ការ​អនុម័ត​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ខ្មែរ​នេះ គឺជា​ចេតនា​ដើម្បី​បំបែកបំបាក់​ជាតិ​កាន់តែ​ខ្លាំង ជាជាង​ការ​ពង្រឹង​នីតិរដ្ឋ និង​ការ​ផ្សះផ្សា​ជាតិ​ដែល​កំពុង​បែកបាក់​ស្រាប់​ទៅ​ហើយ​នោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស