30.7 C
Phnom Penh

ក្រសួង​ធនធាន​ទឹក​អំពាវនាវ​ឱ្យ​កសិករ​ស្ដាប់​តាម​ការ​ណែនាំ​របស់​ក្រសួង ដើម្បី​កុំ​ឱ្យ​ខ្វះ​ទឹក​ធ្វើ​ស្រែ​រដូវប្រាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ថោ ជេដ្ឋា អំពាវនាវ​ឲ្យ​ប្រជាកសិករ​ស្ដាប់​តាម​ការ​ណែនាំ​របស់​ក្រសួង​ពាក់ព័ន្ធ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ស្រូវ​រដូវប្រាំង ដើម្បី​កុំ​ឲ្យ​ខាតបង់​ដោយសារតែ​ខ្វះ​ទឹក ខណៈ​ការ​ប្រើប្រាស់​ទឹក​សម្រាប់​វិស័យ​កសិកម្ម​មាន​ការ​កើន​ឡើង​ច្រើន​នៅ​រយៈពេល​ចុងក្រោយ​នេះ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា ប្រធានបទ «ការ​គ្រប់គ្រង​សក្ដានុពល​ទឹក និង​ស្ថានភាព​ប្រព័ន្ធ​ធារាសាស្ត្រ​កម្ពុជា» លោក ថោ ជេដ្ឋា ថ្លែង​ថា ការ​ប្រើប្រាស់​ទឹក​សម្រាប់​វិស័យ​កសិកម្ម​មាន​ការ​កើន​ឡើង​ច្រើន​នៅ​រយៈពេល​ចុងក្រោយ​នេះ។ លោក​ថា ផែនការ​ធ្វើ​ស្រូវ​រដូវប្រាំង​ឆ្នាំ​២០២៤-២០២៥ មាន​ចំនួន ៥៣​ម៉ឺន​ហិកតា តែ​ការ​អនុវត្ត​ជាក់ស្ដែង​មាន​រហូត​ដល់​ទៅ ៩០​ម៉ឺន​ហិកតា ឬ​ស្មើ​នឹង ១៧០%។

ប្រភព​ដដែល​អះអាង​ថា លោក​អំពាវនាវ​ឲ្យ​ប្រជាកសិករ​ត្រូវ​យកចិត្ត​ទុកដាក់​ស្ដាប់​ការ​ណែនាំ​របស់​ក្រសួង​ធនធាន​ទឹក ដែល​តែងតែ​ប្រកាស​ជា​រៀង​រាល់​ឆ្នាំ​នៅ​ចុង​រដូវ​វស្សា​ពី​ស្ថានភាព​ធនធាន​ទឹក​សម្រាប់​ស្រោចស្រព​ស្រូវ​រដូវប្រាំង។ លោក​បន្ត​ថា ការ​ប្រកាស​របស់​ក្រសួង​ជំនាញ គឺ​ធ្វើ​យ៉ាងណា​ដើម្បី​បង្ការ​កុំ​ឱ្យ​ខាត​ដល់​កសិករ​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ស្រែ​ប្រាំង​លើស​ផែនការ និង​ខ្វះ​ទឹក​ស្រោចស្រព។

ក្រសួង​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នៅ​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ប្រមាណ ៣​ពាន់​ម៉ែត្រគូប​ទៀត ដែល​ចាំបាច់​ត្រូវការ​អាងទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ​ឱ្យ​មាន​លក្ខណៈ​ពេញលេញ​បន្ថែម​ទៀត ដើម្បី​ធានា​បាន​ទឹក​ស្រោចស្រព​ដល់​ផ្ទៃដី​របស់​កសិករ។

ក្រសួង​បាន​ព្យាករ​ថា ក្នុង​រយៈពេល​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ​ខាង​មុខ កម្ពុជា​អាច​ត្រូវការ​ស្តុក​ទឹក​ពី ១៥០០​លាន​ទៅ ២​ពាន់​លាន​ម៉ែត្រគូប​បន្ថែម​ទៀត ដើម្បី​បម្រើ​ទាំង​កសិកម្ម និង​ទឹក​ស្អាត។

ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​លើកឡើង​ថា ចំណាត់ការ​របស់​រដ្ឋបាល​ខេត្ត គឺជា​វិធានការ​បង្ការ​បណ្ដោះអាសន្ន​មួយ​ដែល​អាជ្ញាធរ​គួរ​មាន​ចំណាត់ការ​សម្រាប់​រយៈពេល​វែង ដើម្បី​ធានា​ការ​កាត់បន្ថយ​បញ្ហា​ខ្វះ​ទឹក​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។ អាជ្ញាធរ​គួរ​ពិនិត្យ​មើល​ទីតាំង​ភូមិសាស្ត្រ​ដែល​សមស្រប​ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ទឹក ឬ​អាង​ស្តុក​ទឹក​សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​រដូវប្រាំង។

តាម​ក្រសួង​ធនធាន​ទឹក បច្ចុប្បន្ន​នេះ ប្រព័ន្ធ​ធារាសាស្ត្រ​កម្ពុជា​មាន​ប្រវែង​សរុប​ប្រហែល ៧​ម៉ឺន​គីឡូម៉ែត្រ និង​អាច​ស្តុក​ទឹក​បាន​ប្រមាណ ៤​ពាន់​លាន​ម៉ែត្រគូប ក្នុង​នោះ​មាន​ពី​អាង​ទឹកធំ និង​តូច​ប្រហែល ១៥០០​អាង។ ក្នុង​ទំហំ​បរិមាណ​ទឹក​ទាំងនោះ គឺ ៨០% ត្រូវ​បាន​ប្រើប្រាស់​ស្រោចស្រព​លើ​ផ្ទៃដី​កសិកម្ម ពិសេស​ដំណាំ​ស្រូវ ខណៈ​បរិមាណ​ទឹក ២០% ទៀត​សម្រាប់​ផ្គត់ផ្គង់​ទឹក​ស្អាត និង​បម្រើ​ឱ្យ​វិស័យ​ឧស្សាហកម្ម៕

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ថោ ជេដ្ឋា ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម នៅ​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៥។

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស