32 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​មាន​ជំងឺ​ទឹកនោម​ផ្អែម​កើន​ឡើង ៥៩% ដែល​ជា​កម្រិត​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ​២០២៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា អះអាង​ថា ក្នុង​ឆ្នាំ​២០២៤ ការ​ប្រើប្រាស់​សេវា​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន បាន​កើន​ឡើង​ចំនួន ៥៩% ដែល​ជា​កម្រិត​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់​នៅ​ប្រទេស​កម្ពុជា។

នេះ​បើ​យោង​តាម​ការ​អះអាង​ពី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​លើក​ទី​៤៤ ក្នុង​ក្រសួង​សុខាភិបាល នា​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៥។

លោក​ថា អ្នក​ប្រើ​សេវា​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ក្នុង​ឆ្នាំ​២០២៤ បាន​កើន​ឡើង ៥៩,១៨​ភាគរយ ប្រៀបធៀប​នឹង​ឆ្នាំ​២០២៣ ក្នុង​នោះ​អ្នកជំងឺ​ថ្មី​មាន​ចំនួន​ជាង ២៣​ម៉ឺន​នាក់ ខណៈ​អ្នកជំងឺ​ទឹកនោម​ផ្អែម​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​ជាង ១​ម៉ឺន ៧​ពាន់​នាក់ ពោល​កើន​ឡើង ៤៣,២៥%។

លោក ឈាង រ៉ា បាន​ឲ្យ​ដឹង​ថា ជំងឺ​ទឹកនោម​ផ្អែម​នេះ​គឺជា​ឃាតករ​លាក់​មុខ​ដែល​សម្លាប់ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្លាក់​ខ្លួន​ពិការ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​កាន់​ប្រទេស​មួយ​ដែល​មាន​ដង់ស៊ីតេ​ពលរដ្ឋ​វ័យ​ចំណាស់​កាន់តែ​ច្រើន។

ក្នុង​ឆ្នាំ​២០២៥ នេះ រាជរដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ ២០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម និង​លើសឈាម​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ។

កាលពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​លើកឡើង​ថា ការ​ជួយ​របស់​រដ្ឋាភិបាល​ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម គឺ​ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​ខ្មែរ និង​ថា​នេះ​ជា​គោលនយោបាយ​សុខាភិបាល​របស់​រដ្ឋាភិបាល​ដែល​គិត​ពី​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ។

កាលពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា រដ្ឋសភា​ខ្មែរ​បាន​អនុម័ត​ថវិកា​ជាតិ​ឆ្នាំ​២០២៥ ដោយ​ក្រសួង​សុខាភិបាល ទទួល​បាន​ច្រើន​ជាងគេ គឺ​ជិត ១៤០​លាន​ដុល្លារ​នៃ​ចំនួន​ទឹកប្រាក់​សរុប ៩,៣២​ពាន់​លាន​ដុល្លារ (៣៧៩៥០​ពាន់​លាន​រៀល)។

ទឹកនោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​លេច​ឡើង​នៅ​ពេល​លំពែង​លែង​ផលិត​សារធាតុ​អាំងស៊ុយលីន​បាន​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​នៃ​សរីរាង្គកាយ ឬ​នៅ​ពេល​ដែល​សរីរាង្គ​នេះ​លែង​ប្រើប្រាស់​អាំងស៊ុយលីន​បាន​ដោយ​ត្រឹមត្រូវ។ ទម្លាប់​បរិភោគ​ចំណី​អាហារ​មាន​ជាតិ​ផ្អែម​ហួស​ប្រមាណ ក៏​ជា​ហេតុ​មួយ​នាំ​ទៅ​ឲ្យ​មាន​រោគ​ទឹកនោម​ផ្អែម​ដែរ។ ជំងឺ​ទឹកនោម​ផ្អែម​មាន​ពីរ​ប្រភេទ គឺ​ទឹកនោម​ផ្អែម​ប្រភេទ​១ និង​ទឹកនោម​ផ្អែម​ប្រភេទ​២។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា បញ្ហា​ជំងឺ​ទឹកនោម​ផ្អែម​បាន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​គ្រួសារ សង្គម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ដែល​ជា​បន្ទុក​រដ្ឋ​ត្រូវ​ទទួល​រ៉ាប់រង​ចំពោះ​អ្នក​មាន​ជំងឺ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស