31.7 C
Phnom Penh

ជនជាតិ​ចិន​៣​នាក់​សម្លាប់​នារី​ខ្មែរ រួច​យក​សព​កប់​នៅ​ក្បែរ​ផ្សារ​អ៊ីអន៣ ត្រូវ​ចោទ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ជនជាតិ​ចិន ៣​នាក់​ដែល​សម្លាប់​នារី​ខ្មែរ រួច​យក​សព​ទៅ​កប់​នៅ​ក្បែរ​ផ្សារ​អ៊ីអន៣ ពី​បទ «ឃាតកម្ម​គិត​ទុក​ជា​មុន» តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ។

ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆាយ ហុង បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា មេខ្លោង​ជនជាតិ​ចិន​ក្នុង​ករណី​ឃាតកម្ម​សម្លាប់​នារី​ខ្មែរ​ម្នាក់ រួច​យក​សព​កប់​នៅ​ក្បែរ​ផ្សារ​អ៊ីអន៣ ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ស្រាវជ្រាវ​បង្ក្រាប​បាន​ហើយ។

លោក​បញ្ជាក់​ថា ករណី​ឃាតកម្ម​នេះ​មាន​មេខ្លោង​ម្នាក់ និង​អ្នក​ពាក់ព័ន្ធ​ពីរ​នាក់ សរុប ៣​នាក់ ត្រូវ​ចាប់​ខ្លួន​បាន​ទាំងអស់។

ប្រភព​ខាងលើ​បាន​ឱ្យ​ដឹង​ថា មេខ្លោង​ក្នុង​អំពើ​ឃាតកម្ម​សម្លាប់​នារី​ម្នាក់​នេះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៥ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដោយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​សហការ​ស្រាវជ្រាវ។ លោក​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ជនជាតិ​ចិន ៣​នាក់​ដែល​សម្លាប់​នារី​ខ្មែរ រួច​យក​សព​កប់​នៅ​ក្បែរ​ផ្សារ​អ៊ីអន៣ ពី​បទ «ឃាតកម្ម​គិត​ទុក​ជា​មុន» តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ។

ករណី​ឃាតកម្ម​នេះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជនសង្ស័យ ២​រូប​ទៀត​ជា​ជនជាតិ​ចិន កាលពី​ថ្ងៃទី​១ មីនា ក្រោយពី​ទទួល​ពាក្យបណ្ដឹង​របស់​ម្ដាយ​ជនរងគ្រោះ។ តាម​សមត្ថកិច្ច ពួកគេ​ទាំង​ពីរ​នាក់​ទទួលស្គាល់​ថា​បាន​ចូលរួម​ក្នុង​សកម្មភាព​សម្លាប់​នារី​ជនរងគ្រោះ​កាលពី​យប់​ថ្ងៃទី​២៧ ខែ​កុម្ភៈ ដោយ​ឈ្មោះ YANG KAIXIN ជា​អ្នក​រៀប​គម្រោង។

ភ្លាមៗ​នោះ កម្លាំង​ជំនាញ​បាន​បន្ត​ការ​ស្រាវជ្រាវ​ដោយ​ឃាត់​ខ្លួន​បាន​ជនសង្ស័យ ២​នាក់​ឈ្មោះ CHEN CONG អាយុ ៣០​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិត​ឆ្លងដែន​លេខ EM2676148 ត្រង់​ចំណុច​អគារ​ព្រីនស៍ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ជា​សង្សារ​នារី​រងគ្រោះ និង​ឈ្មោះ LI HAOHAO ភេទ​ប្រុស ជនជាតិ​ចិន អាយុ ៣៤​ឆ្នាំ លិខិត​ឆ្លងដែន​លេខ EB2013601 ត្រង់​ស្ពាន​អាកាស​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ។

ក្រោយពី​ការ​សាកសួរ អ្នក​ទាំង​ពីរ​បាន​សារភាព​ថា ពួក​ខ្លួន​ពិត​ជា​បាន​ចូលរួម​ក្នុង​សកម្មភាព​សម្លាប់​នារី​ជនរងគ្រោះ​ខាងលើ​មែន​កាលពី​យប់​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​មាន​ឈ្មោះ YANG KAIXIN ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​ជា​ជនជាតិ​ចិន លិខិត​ឆ្លងដែន EL4710161 (ចាប់​ខ្លួន​នៅ​ថ្ងៃទី​៥ ខែ​មីនា) ជា​អ្នក​រៀបចំ​គម្រោង​សម្លាប់​នារី​ជនរងគ្រោះ ដោយ​មូលហេតុ​នារី​រងគ្រោះ​បាន​ដឹង​រឿង​សម្ងាត់​របស់​ពួក​ខ្លួន។

ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​មាន​កិច្ចសហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង។

ទោះយ៉ាងណា រឿង​សម្ងាត់​របស់​ជនជាតិ​ចិន​ខាង​លើ​ដែល​ហ៊ាន​ដល់​ការ​ធ្វើ​ឃាត​នារី​រងគ្រោះ​ជា​សង្សារ មិន​ត្រូវ​បាន​លាតត្រដាង​នៅឡើយ​ទេ ថា​តើ​ជា​រឿង​សម្ងាត់​អ្វី​ឱ្យ​ប្រាកដ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស