34.1 C
Phnom Penh

អាជ្ញាធរ​ស្រុក​វាលវែង​ព្រមាន​ឈូស​ផ្ទះ​ពលរដ្ឋ​នៅ​តំបន់​ជិត​ផ្លូវ​អន្ទង់អាំង បើ​មិន​ព្រម​ផ្ដិត​មេដៃ​រើ​ចាកចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ព្រមាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​លំនៅឋាន​របស់​ពលរដ្ឋ​ស្ថិត​នៅ​ភូមិ​ដីក្រហម ឃុំ​អន្លង់រាប បើ​ពួកគេ​មិន​ព្រម​ផ្ដិត​មេដៃ​ចាកចេញ​ពី​លំនៅឋាន និង​ទទួលយក​ការ​ដោះដូរ​ក្រោម​ការ​រៀបចំ​របស់​អាជ្ញាធរ​ទេ​នោះ។

សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា អាដហុក (adhoc) ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៨ មីនា នេះ​ថា កាលពី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រមាណ​ជា ៩​ព្រឹក មាន​កង​កម្លាំង​នគរបាល និង​អាជ្ញាធរ​ស្រុក​វាលវែង បាន​ចុះ​ទៅ​បង្ខំ​ឱ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ​យល់ព្រម​ចាកចេញ​ពី​លំនៅឋាន​របស់​ខ្លួន និង​បង្ខំ​ឱ្យ​ព្រម​ទទួលយក​ការ​ដោះដូរ​ក្រោម​ការ​ចាត់ចែង​របស់​អាជ្ញាធរ​គ្រប់​បែប​យ៉ាង។

ផ្ទុយទៅវិញ បើ​ពលរដ្ឋ​ទាំង ១៩​គ្រួសារ​នោះ​មិន​ព្រម​តាម​ការ​បង្ខំ​របស់​អាជ្ញាធរ​ទេ នៅ​ថ្ងៃទី​១៨ និង​ថ្ងៃទី​១៩ ខែ​មីនា នេះ អាជ្ញាធរ​នឹង​នាំ​យក​គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយ​លំនៅឋាន​របស់​ពួកគេ​ចោល​ដោយ​មិន​ទទួល​ខុសត្រូវ​រាល់​ការ​ខូចខាត​ឡើយ ហើយ​នៅ​រសៀល​ថ្ងៃទី​១៧ ខែ​មីនា ក៏​មាន​គ្រឿងចក្រ​ចូល​ទៅ​តំបន់​នោះ​ពិត​មែន ប៉ុន្តែ​ពលរដ្ឋ​នៅតែ​បដិសេធ​មិន​ព្រម​ផ្ដិត​មេដៃ​ចាកចេញ​ដដែល។

ប្រភព​ដដែល​លើកឡើង​ថា អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ គួរតែ​ចុះ​ទៅ​ជួប​ពលរដ្ឋ​នៅ​តំបន់​នោះ ដើម្បី​សាកសួរ ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត​ពី​ហេតុផល​ដែល​ពួកគេ​មិន​ព្រម​ចាកចេញ ជាជាង​ការ​ដាក់​ឱសានវាទ​ក្នុង​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ។

សមាគម​អាដហុក ទទូច​ឱ្យ​អាជ្ញាធរ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​រាជរដ្ឋាភិបាល​ពិចារណា​ឡើងវិញ ដោយ​ប្រើប្រាស់​យន្តការ​ចរចា សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ទទួល​បាន​ការ​អភិរក្ស ការ​សាទរ និង​ការ​ចូលរួម​ពី​ពលរដ្ឋ​រងគ្រោះ​នៅ​តំបន់​ដែល​កំពុង​មាន​បញ្ហា​នោះ។

កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បាន​ចេញ​សេចក្តី​ជូនដំណឹង​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ឱ្យ​ផ្លាស់​ទី​ចេញពី​តំបន់​ជិត​ផ្លូវ​អន្ទង់អាំង​ជាដាច់ខាត និង​ដកហូត​ទីតាំង​ដី​នោះ​ទុក​ជា​សម្បត្តិ​រដ្ឋ។

ប្រភព​ដដែល​បញ្ជាក់​ថា ពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​នោះ គឺ​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់ ព្រោះ​អាជ្ញាធរ​បាន​រៀបចំ​ដោះស្រាយ​តំបន់​អន្ទង់អាំង​នេះ ឬ​ភ្នំ​១៥០០ ឱ្យ​ទៅ​ជា​តំបន់​បៃតង​អស់​ហើយ ប៉ុន្តែ​ក្នុង​ករណី​ប្រជាពលរដ្ឋ​មិន​ព្រម​រើ​ចេញ រដ្ឋបាល​ខេត្ត​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ឱ្យខាងតែ​បាន។

យ៉ាងណាក៏ដោយ ពលរដ្ឋ​ប្រមាណ ២០​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​ជាង ៣០​គ្រួសារ​រស់នៅ​តំបន់​ភ្នំ​១៥០០ ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃទី​៦ ខែ​មីនា បាន​នាំគ្នា​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌ និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ក្នុង​បំណង​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​រឿង​ដីធ្លី​នេះ។

តំណាង​ពលរដ្ឋ​ទាំងនោះ​បញ្ជាក់​ថា ពួកគេ​បាន​ទិញ​ដី​ទាំងនោះ​ពី​ក្រុម​ទាហាន និង​ពលរដ្ឋ​ផ្សេង​ទៀត និង​បាន​រស់នៅ​តំបន់​នោះ​ជាង ១០​ឆ្នាំ​មក​ហើយ ព្រមទាំង​បាន​សង់​ផ្ទះ​ថ្ម​រស់នៅ​យ៉ាង​សុខសាន្ត​រហូត​មក ដោយ​ពុំ​បាន​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ដូច​ការ​ចោទប្រកាន់​ឡើយ។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​១៤ ខែ​មីនា កន្លង​ទៅ ស្ត្រី​រងគ្រោះ​ម្នាក់​ឈ្មោះ សែម សុខគា ដែល​រស់នៅ​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​បី​កូន​តូច​មក​តវ៉ា​តែ​ម្នាក់​ឯង​នៅ​មុខ​ក្រសួង​យុត្តិធម៌ ទាំង​យំ​ស្រែក ដោយ​អះអាង​ថា ដី​របស់​ខ្លួន​ដែល​បាន​កាន់កាប់​អស់​រយៈពេល​ជាង ១០​ឆ្នាំ និង​មាន​បណ្ណ​កម្មសិទ្ធិ​ហើយ​នោះ ត្រូវ​បាន​អាជ្ញាធរ​រឹបអូស​យក​ទាំងអស់​នៅ​ពេលនេះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៦ ខែ​មីនា ក្រសួង​យុត្តិធម៌ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់​ថា ក្រសួង​បាន​ចាត់តាំង​ក្រុម​ការងារ​ចុះ​ស្រាវជ្រាវ​លើ​បញ្ហា​ដីធ្លី​របស់​ស្ត្រី​រូប​នេះ​រួចរាល់​ហើយ​ដើម្បី​ស្វែងរក​ការពិត។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​លោក ខូយ រីដា អភិបាល​ខេត្ត​ពោធិ៍សាត់ ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ ព្រោះ​ទូរសព្ទ​មិន​ចូល៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស