32.1 C
Phnom Penh

កម្ពុជា​មិន​ទាន់​ទទួល​ដំណឹង​ផ្លូវការ​ពី​ការ​ដាក់​កម្ពុជា​ចូល​ក្នុង​បញ្ជី​លឿង​របស់​អាមេរិក​នៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា កម្ពុជា​មិន​ទាន់​ទទួល​បាន​ដំណឹង​ជា​ផ្លូវការ​ណា​មួយ​ពាក់ព័ន្ធ​ការ​ដាក់​កម្ពុជា​ចូល​ក្នុង​បញ្ជី​លឿង​របស់​អាមេរិក ក្នុង​ចំណោម ៤៣​ប្រទេស ដែល​រឹត​បន្តឹង​ប្រជាជន​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន​នៅឡើយ​ទេ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា កម្ពុជា​កំពុង​រក​ព័ត៌មាន​បន្ថែម​ជុំវិញ​នឹង​សេចក្ដី​ព្រាង​របស់​ក្រសួង​ការបរទេស​អាមេរិក ដែល​រឹត​បន្តឹង​ប្រជាជន​ប្រមាណ ៤៣​ប្រទេស​ចូល​ទឹកដី​អាមេរិក។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រូប​នេះ​ថា ជំហរ​កម្ពុជា​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ពេញលេញ​ជាមួយ​អាមេរិក។ លើស​ពី​នេះ បាន​ជំរុញ​ការ​ពន្លឿន​លើ​កិច្ចការ​មាតុភូមិ​និវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ដែល​អាមេរិក​គ្រោង​បញ្ជូន​ចេញ​មក​វិញ​ផង​ដែរ។

លោក​បន្ត​ថា ក្រសួង​មហាផ្ទៃ និង​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​និង​កំពុង​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​អាមេរិក។

ទាក់ទិន​នឹង​បញ្ហា​ខាងលើ លោក អំ សំអាត នាយក​ប្រតិបត្តិ​អង្គការ​លីកាដូ (LICADHO) បាន​ឲ្យ​ដឹង​ថា បើ​ក្រសួង​ការបរទេស​អាមេរិក​អនុម័ត​ជា​ផ្លូវការ​លើ​សេចក្ដី​ព្រាង​នេះ នឹង​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​កម្ពុជា។ លោក​បន្ថែម​ថា អ្នក​ជួប​បញ្ហា​លំបាក​ខ្លាំង គឺ​និស្សិត​ខ្មែរ​ដែល​ទៅ​សិក្សា រួម​ទាំង​អ្នកជំនួញ​ខ្មែរ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​នេះ។

លោក អំ សំអាត បន្ថែម​ថា ប្រទេស​ដែល​ស្ថិត​ក្នុង​បញ្ជី​នេះ​ដោយសារ​អាមេរិក​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​លិខិត​ឆ្លងដែន​ខុស​ច្បាប់។ លោក​យល់​ថា អាច​ពាក់ព័ន្ធ​នឹង​លម្ហ​សេរីភាព និង​បញ្ហា​ពុករលួយ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កែលម្អ​ស្ថានភាព​សេរីភាព និង​បង្កើន​ការ​អនុវត្ត​តាម​ច្បាប់​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

កាលពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៥ រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ពិចារណា​លើ​ការ​រឹតត្បិត ឬ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចូល​ទឹកដី​អាមេរិក​ចំពោះ​ពលរដ្ឋ​មកពី​ជាង ៤០​ប្រទេស ដែល​ត្រូវ​បែងចែក​ជា​បី​ប្រភេទ គឺ​ប្រទេស​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ចូល​ទៅ​ក្នុង​ពណ៌​ក្រហម ពណ៌​ទឹកក្រូច និង​ពណ៌​លឿង ក្នុង​នោះ​ប្រទេស​កម្ពុជា ក៏​ត្រូវ​បាន​ចាត់​ក្នុង​ប្រទេស​ប្រភេទ​ពណ៌​លឿង​ដែរ។

ប្រទេស​ចំនួន ១១ ដែល​ស្ថិត​ក្នុង​បញ្ជី​ពណ៌​ក្រហម ដូចជា អាហ្វហ្គានីស្ថាន កូរ៉េខាងជើង និង​វេណេហ្ស៊ុយអេឡា ជាដើម ត្រូវ​ហាមឃាត់​ទាំងស្រុង​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក។ ចំណែក​ប្រទេស​ដែល​ស្ថិត​ក្នុង​បញ្ជី​ពណ៌​ទឹកក្រូច​ដែល​មាន​ចំនួន ១០​ប្រទេស ដូចជា បេឡារុស ឡាវ និង​ភូមា ជាដើម ត្រូវ​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ដល់​និស្សិត ទិដ្ឋាការ​អន្តោប្រវេសន៍ និង​ទិដ្ឋាការ​ទេសចរណ៍ ជាដើម ប៉ុន្តែ​ត្រូវ​លើកលែង​ទិដ្ឋាការ​សម្រាប់​ធ្វើ​អាជីវកម្ម។

ដោយឡែក​ប្រទេស​ដែល​ស្ថិត​ក្នុង​បញ្ជី​ពណ៌​លឿង​ទាំង ២២ រួម​មាន កម្ពុជា និង​ប្រទេស​ម៉ាលី ជាដើម អាច​ប្រឈម​នឹង​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ចូល​ទឹកដី​អាមេរិក ឬ​បញ្ចូល​ក្នុង​បញ្ជី​ពណ៌​ក្រហម និង​បញ្ជី​ពណ៌​ទឹកក្រូច​ផង​ដែរ ប៉ុន្តែ​ប្រទេស​ដែល​ស្ថិត​ក្នុង​បញ្ជី​ពណ៌​លឿង​នេះ មាន​ពេល ៦០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២០ ខែ​មករា មក ដើម្បី​ធ្វើ​របាយការណ៍​ចុងក្រោយ​ដាក់​ជូន​សេតវិមាន​ពិនិត្យ និង​សម្រេច៕

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី (រូប​ឆ្វេង) និង​រូប​ស្ដាំ​បង្ហាញ​ពី​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​បញ្ជី​លឿង

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស