ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបន្តគំរាមកំហែងលើចិន ដោយប្រកាសប៉ុនប៉ងដាក់ពន្ធលើប្រទេសចិន ឱ្យកើនឡើងដល់ ១០៤% ដែលរដ្ឋការលោក ត្រាំ បានដាក់ចិន ៥៤% ហើយនោះ។
ការគំរាមដាក់ពន្ធលើចិន ៥០% ទៀតនេះ ប្រសិនបើទីក្រុងប៉េកាំង មិនព្រមបោះបង់ពន្ធសងសឹករបស់ខ្លួនលើការនាំចូលទំនិញរបស់អាមេរិក។ នេះបើយោងតាមការបង្ហោះសាររបស់លោក ត្រាំ នៅលើបណ្ដាញសង្គម Truth Social ចេញផ្សាយដោយសារព័ត៌មាន Business Insider កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។
ជាការឆ្លើយតប ក្រសួងពាណិជ្ជកម្មចិន កាលពីព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា បានប្ដេជ្ញាតស៊ូប្រយុទ្ធប្រឆាំងនឹងការយកពន្ធគយរបស់អាមេរិករហូតដល់ទីបញ្ចប់។
ក្រសួងពាណិជ្ជកម្មចិន បញ្ជាក់ថា ការគំរាមបង្កើនការយកពន្ធរបស់អាមេរិកប្រឆាំងនឹងចិន គឺជាកំហុសមួយបន្ថែមលើកំហុសមួយ ដែលបានបង្ហាញឱ្យឃើញពីធម្មជាតិចូលចិត្តសម្លុតគំរាមរបស់ក្រុងវ៉ាស៊ីនតោន ប៉ុន្តែចិន មិនចុះញ៉មចំពោះការសម្លុតគំរាមបែបនេះឡើយ។
ចិន គំរាមវិញថា ប្រសិនបើអាមេរិកនៅតែបន្តធ្វើតាមដូចផែនការបញ្ឆេះសង្គ្រាមពាណិជ្ជកម្មមែននោះ ចិននឹងតស៊ូប្រយុទ្ធរហូតដល់ទីបញ្ចប់។
ចិន ប្រកាសថា ប្រសិនបើអាមេរិកបង្កើនការយកពន្ធ នោះចិននឹងចាត់វិធានការវាយបកដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។
តែទោះជាយ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្មចិន នៅតែទទូចថា ក្រុងប៉េកាំង មានបំណងស្វែងរកកិច្ចសន្ទនាជាមួយអាមេរិក ហើយថាគ្មាននរណាម្នាក់ឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មមួយនោះទេ។
ប្រសិនបើលោក ត្រាំ បន្តដាក់ពន្ធលើចិន ៥០% បន្ថែមទៀត ទំនិញចិននាំចូលអាមេរិក អាចនឹងប្រឈមនឹងកម្រិតពន្ធ ១០៤%។
អ្វីជាការកត់សម្គាល់ កាលពីអាណត្តិដំបូង លោក ត្រាំ បានបញ្ឆេះសង្គ្រាមពាណិជ្ជកម្មផ្ដោតតែទៅលើប្រទេសចិន ខ្លាំងជាងគេ។ តែនៅពេលនេះ ក្រោយពីបានជាប់ឆ្នោតសាជាថ្មី លោក ត្រាំ នៅតែចងកម្មចងពៀរជម្លោះពាណិជ្ជកម្មនឹងចិន ដដែល។ ជាក់ស្ដែង រដ្ឋការរបស់លោក ត្រាំ បំបាក់ចិន បានភ្លាមៗជាមួយនឹងការដាក់សម្ពាធលើរដ្ឋាភិបាលប្រទេសប៉ាណាម៉ា ឱ្យបោះបង់ចោលភាគហ៊ុនព្រែកជីកប៉ាណាម៉ា ដែលក្រុមហ៊ុនចិនហុងកុង ជាម្ចាស់ភាគហ៊ុន។
ទីបំផុត ព្រែកជីកប៉ាណាម៉ា កំពុងតែធ្លាក់ក្នុងដៃអាមេរិកជាមួយនឹងរដ្ឋាភិបាលប៉ាណាម៉ា យល់ព្រមឱ្យក្រុមហ៊ុនហុងកុងរបស់ប្រទេសចិន ដកភាគហ៊ុនរបស់ខ្លួន ព្រោះមិនចង់មានភាពតានតឹងជាមួយរដ្ឋការរបស់លោក ដូណាល់ ត្រាំ។
បើទោះជាបានជោគជ័យលើករណីនេះ តែលោក ត្រាំ មិនអស់ចិត្តនោះទេ។ លោកបានគាបសង្កត់ប្រទេសប៉ាណាម៉ា ដោយគំរាមរដ្ឋាភិបាលប៉ាណាម៉ា ឱ្យបញ្ឈប់ជាបន្ទាន់គម្រោងវិនិយោគទុនផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន ដែលមានលើទឹកដីប៉ាណាម៉ា ក្រោមហេតុផលថាតាមរយៈគម្រោងនេះ ចិនអាចនាំទ័ពមកដាក់ពង្រាយលើទឹកដីប៉ាណាម៉ា បង្កអសន្តិសុខក្នុងតំបន់។
ក្រោយពីលោក ត្រាំ គំរាមចង់លើកទ័ពលើប៉ាណាម៉ា នៅទីបំផុត រដ្ឋបាលប៉ាណាម៉ា បច្ចុប្បន្ននេះក៏បានស្នើបញ្ឈប់កិច្ចព្រមព្រៀងខ្សែក្រវាត់មួយផ្លូវមួយជាមួយចិន។
រដ្ឋាភិបាលប៉ាណាម៉ា ដែលសម្រេចឱ្យចិន ដកគម្រោងនេះដោយបន្ទោសទៅលើរដ្ឋាភិបាលមុនថាចុះកិច្ចព្រមព្រៀងរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួន។
នេះជាចំណុចមួយដែលអាចនិយាយពីលោក ត្រាំ ក្នុងអាណត្តិទី២ តាមវាយចិន ហើយចូលដល់អាណត្តិទី២ ទៀត ក៏នៅតែបន្តវាយចិន។
ឥឡូវនេះ លោក ត្រាំ នៅបន្តវាយចិន ទៀត តែក៏ងាកទៅវាយប្រទេសផ្សេងៗទៀតដែលមានសក្ដានុពលសេដ្ឋកិច្ច ដូចជា ក្រុមប្រទេសសហភាពអឺរ៉ុប អាល្លឺម៉ង់ អង់គ្លេស បារាំង កាណាដា ឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុន ជាដើម។
ប្រទេសទាំងអស់នេះសុទ្ធតែជាដៃគូសហប្រតិបត្តិក្នុងក្រុមប្រទេស G20។ ក្រៅពីបញ្ឆេះសង្គ្រាមជាមួយប្រទេសចំណូលខ្ពស់ដែលមានឧស្សាហកម្មជឿនលឿន លោក ត្រាំ បានពង្រីកសង្គ្រាមពាណិជ្ជកម្មធ្លាយដល់ប្រទេសកំពុងអភិវឌ្ឍដែលមានចំណូលមធ្យមកម្រិតទាប។
និយាយទៅ ជិត ១០០ប្រទេសនៅទូទាំងពិភពលោក បានប៉ះសឹងតែទាំងអស់ដោយសារតែលោក ត្រាំ យកពន្ធមិនលើកលែងឡើយ។
ប្រទេសក្រីក្រកំពុងតែអង្វរសុំលោក ត្រាំ បន្ធូរបន្ថយពន្ធឡើងវិញ តែលោក ត្រាំ នៅមិនព្រម។ អ្វីដែលលោក ត្រាំ មិនព្រម ព្រោះប្រទេសទាំងនោះវេចខ្ចប់ទំនិញពីចិន ហើយដាក់ស្លាកថាផលិតក្នុងប្រទេសរបស់ពួកគេ ដែលនាំឱ្យលោក ត្រាំ មិនទម្លាក់ពន្ធលើប្រទេសទាំងនោះទេ។
យ៉ាងណា មានប្រទេសមួយដែលលោក ត្រាំ លើកលែងពន្ធទាំងស្រុង គឺប្រទេសរុស្ស៊ី ដែលកំពុងបង្កសង្គ្រាមនៅអ៊ុយក្រែន។ រុស្ស៊ី ជាប្រទេសមួយដែលកំពុងរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក និងពីក្រុមប្រទេសអឺរ៉ុប រួមទាំងប្រទេសដែលប្រឆាំងរុស្ស៊ី ឈ្លានពានអ៊ុយក្រែន។
សហរដ្ឋអាមេរិកបានប្រកាសពន្ធគយថ្មីនេះ ត្រូវបានលើកលែងសម្រាប់រុស្ស៊ី ដោយសារតែរុស្ស៊ី កំពុងបន្តការចរចាជុំវិញការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមនាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិសេតវិមាន លោក Kevin Hassett។
លោក Hassett បានពន្យល់ថា រុស្ស៊ីត្រូវបានដកចេញពីបញ្ជីប្រទេសដែលប្រឈមនឹងពន្ធថ្មី ដោយសារតែរុស្ស៊ី កំពុងស្ថិតក្នុងដំណើរការកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ហើយបើអាមេរិកបង្កជម្លោះពាណិជ្ជកម្មថ្មីជាមួយរុស្ស៊ី នោះវាអាចបង្កគ្រោះថ្នាក់ដល់កិច្ចពិភាក្សាទាំងនោះ។
ប៉ុន្តែជាមួយគ្នានេះ អ៊ុយក្រែនដែលជាប្រទេសខ្វះមិនបានក្នុងការចរចាសន្តិភាពដូចរុស្ស៊ី ដែរ បែរជាត្រូវបានបញ្ចូលក្នុងបញ្ជីប្រទេសដែលត្រូវទទួលពន្ធថ្មី ១០% ហើយពន្ធនេះនឹងត្រូវបានអនុវត្តចំពោះការនាំចេញមុខទំនិញរបស់អ៊ុយក្រែន ទៅកាន់សហរដ្ឋអាមេរិក៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

