នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាម សរុបចំនួន ២០នាក់ ក្នុងនោះស្រី ៥នាក់ ចេញពីប្រទេសកម្ពុជា ពីព្រោះជាប់ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងបង្ខាំងមនុស្សដោយខុសច្បាប់។
យោងតាមការផ្សាយរបស់អគ្គនាយកអន្តោប្រវេសន៍នៅថ្ងៃទី២៥ មេសា នេះបានឲ្យដឹងថា ជនជាតិវៀតណាម ទាំង ២០នាក់នោះ គឺមានជាប់ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ (មានលិខិតឆ្លងដែន និងគ្មានលិខិតឆ្លងដែន) ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់) និងករណីឆបោកមានស្ថានទម្ងន់ទោសគ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់)។
ប្រភពដដែលបានអះអាងថា អាជ្ញាធរបានបញ្ជូនជនជាតិវៀតណាម ទាំង ២០នាក់នោះកាលពីថ្ងៃទី២៣ ខែមេសា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកខេត្តកំពត។
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលជនជាតិវៀតណាម ដែលត្រូវបានបណ្តេញពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ៣នាក់ ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ៧នាក់ ទទួលពីការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ចំនួន ១នាក់ និងទទួលពីពន្ធនាគារខេត្តព្រះសីហនុ ចំនួន ៩នាក់។
កាលពីខែកុម្ភៈ កន្លងមក អាជ្ញាធរប្រទេសកម្ពុជាក៏បានបញ្ជូនជនជាតិវៀតណាម ចំនួន ១៧៧នាក់ទៅកាន់ប្រទេសពួកគេវិញ ក្រោយពីពួកគេរស់នៅលើទឹកដីខ្មែរដោយខុសច្បាប់ ប្រព្រឹត្តរបររកស៊ីឆបោកតាមអនឡាញ និងមានទំនាក់ទំនងផ្លូវភេទជាមួយកុមារ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលបន្ទុកនាយកដ្ឋានជនបរទេស លោក សុខ សុមនា បានឱ្យដឹងកន្លងមកថា ជនជាតិវៀតណាម ទាំងអស់នេះ បានឆ្លងដែនមកស្រុកខ្មែរដោយខុសច្បាប់ និងធ្វើការងារខុសច្បាប់ដោយគ្មានបណ្ណការងារ។ លោកថា ពួកគេនឹងត្រូវទទួលទោសដោយយោងទៅតាមច្បាប់ប្រទេសវៀតណាម។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីខែមេសា ឆ្នាំ២០២៤ កន្លងមក អាជ្ញាធរខេត្តព្រះសីហនុ បានបណ្តេញជនជាតិវៀតណាម ចំនួន ២៣១នាក់ចេញពីប្រទេសកម្ពុជា តាមច្រកអន្តរជាតិព្រែកចាក។ ការបណ្តេញជនជាតិវៀតណាម ទាំងនោះ មកពីសមត្ថកិច្ចរកឃើញថាពួកគេមានជាប់ពាក់ព័ន្ធពីបទល្មើសឆបោកតាមអនឡាញ ដែលប្រព្រឹត្តនៅតាមទីតាំងបីផ្សេងគ្នាក្នុងខេត្តព្រះសីហនុ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

