28.4 C
Phnom Penh

ក្រុម​អង្គការ​សង្គម​ជាង ៦០ ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​១៣​ចំណុច​ក្នុង​ថ្ងៃ​នៃ​ទិវា​ពលកម្ម​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ សមាគម និង​សហជីព​ជាង ៦០ លើក​សំណើ​អាទិភាព​ចំនួន ១៣​ចំណុច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ពិចារណា និង​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​នាំមក​នូវ​វិបុលភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ និង​សុខុមាលភាព​របស់​កម្មករ​និយោជិត និង​ប្រជាពលរដ្ឋ​កម្ពុជា។

សំណើ​ទាំងអស់​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ញើ​សារ​មួយ​ថ្ងៃ​មុន​ទិវា​ពលករ​អន្តរជាតិ (International Workers’ Day) ១ ឧសភា ដោយ​ប្ដេជ្ញា​ថា​នឹង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​មាន​ប្រាក់ខែ​សមរម្យ មាន​គុណភាព​ជីវិត ហើយ​ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។

គួរ​កត់សម្គាល់​ថា សម័យ​មុន​គេ​ហៅថា ទិវា​បុណ្យ​ការងារ ឬ​ទិវា​បុណ្យ​ពលករ​អន្តរជាតិ ឬ​ទិវា ១​ឧសភា គឺ​ផ្ទុយ​ពី​ទិវា​បុណ្យ​ជាតិ​អាមេរិកាំង ហៅ ទិវា​ការងារ ឬ​ទិវា​ពលកម្ម (Labor Day) ដែល​ប្រារព្ធ​នៅ​ដើម​ខែ​កញ្ញា ថ្វីត្បិតតែ​ខ្លឹមសារ​នៃ​ទិវា​ទាំង​ពីរ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា គឺ​ផ្តល់​តម្លៃ​ដល់​ពលករ​កម្មករ​បាន​ចូលរួម​ធ្វើ​វិភាគទាន​ផលិត​ធ្វើ​ឲ្យ​សង្គម​លូតលាស់​រីកចម្រើន។

អង្គការ​ក្រៅ​រដ្ឋាភិបាល រួម​ទាំង​សមាគម និង​សហជីព​ចំនួន ៦២​ស្ថាប័ន ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​ពលករ​អន្តរជាតិ ១​ឧសភា ដោយ​លើកឡើង​នូវ​សំណើ​ចំនួន ១៣​ចំណុច ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​ឡើងវិញ​នូវ​លម្ហ​សេរីភាព​ជា​មូលដ្ឋាន សេរីភាព​ក្នុង​ការ​បង្កើត​សហជីព និង​អនុវត្ត​តាម​អនុសាសន៍​របស់​សភា​អឺរ៉ុប ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ត្រឡប់​មក​វិញ​ផង​ដែរ។

បន្ថែម​ពី​នេះ ក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួប​ពិភាក្សា​ជាមួយ​សមាគម​និយោជក និង​តំណាង​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ធំៗ ដើម្បី​រក​វិធីសាស្ត្រ​ធានា​ស្ថិរភាព​ការងារ​ជូន​កម្មករ និង​ការ​វិនិយោគ​នៅ​កម្ពុជា ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​សហជីព និង​ភាគី​ពាក់ព័ន្ធ រួម​ទាំង​សំណើ​ជាច្រើន​ទៀត​ផង​ដែរ។

ប្រភព​ដដែល​លើកឡើង​ថា វិស័យ​ការងារ​នៅតែ​ជា​វិស័យ​ចម្បង​បំផុត​មួយ​របស់​ប្រទេស​កម្ពុជា ហើយ​ការ​ទទួល​បាន​កំណើន​ប្រាក់ចំណូល​ខ្ពស់​របស់​កម្ពុជា​កន្លង​មក ក៏​បាន​មកពី​ការ​ប្រឹងប្រែង​ធ្វើ​ការងារ​របស់​កម្មករ​និយោជិត​ដែរ ប៉ុន្តែ​កម្មករ​និយោជិត​ទាំងនេះ​នៅតែ​ទទួល​បាន​ប្រាក់ឈ្នួល​ទាប​នៅឡើយ។

សេចក្តី​ថ្លែងការណ៍​នេះ​អះអាង​ថា រាល់​ថ្ងៃ កម្មករ​និយោជិត ជាពិសេស​កម្មការិនី​នៅតែ​ប្រឈម​បញ្ហា​នៅ​កន្លែង​ការងារ ដូចជា កិច្ចសន្យា​ការងារ​មាន​ថេរវេលា​ខ្លី សម្ពាធ​ការងារ​ត្រូវ​បំពេញ​តាម​បរិមាណ​ផលិតកម្ម លក្ខខណ្ឌ​ការងារ​មិន​សមរម្យ អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​ការ​បៀតបៀន​ដោយ​ការ​រើសអើង​ពី​និយោជក ព្រមទាំង​ការ​គំរាម​បញ្ឈប់​ពី​ការងារ ជាដើម។

លើស​ពី​នោះ កម្មករ​និយោជិត និង​ថ្នាក់ដឹកនាំ​សហជីព​មួយ​ចំនួន​នៅតែ​ប្រឈម​ឧបសគ្គ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ខ្លួន ដូចជា សេរីភាព​ក្នុង​ការ​បញ្ចេញមតិ សេរីភាព​ក្នុង​ការ​បង្កើត​សហជីព និង​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ជាដើម ទោះបីជា​សិទ្ធិ​សេរីភាព​ទាំងនេះ​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ក៏ដោយ។

អង្គការ​សមាគម​ទាំងនេះ បញ្ជាក់​ថា កម្មករ និង​ថ្នាក់ដឹកនាំ​សហជីព ត្រូវ​រង​នូវ​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ ឬ​ការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ ជាបន្តបន្ទាប់ ដោយសារតែ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​មូលដ្ឋាន និង​ភាព​សកម្ម​និយម​ក្នុង​ការ​ការពារ​ពី​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ការងារ ជាដើម។

នៅ​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ អង្គការ​សង្គម​ស៊ីវិល​ជាច្រើន បាន​សហការ​គ្នា​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​ពលករ​អន្តរជាតិ ១​ឧសភា នៅ​ក្នុង​បរិវេណ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​បរិវេណ​កោះនរា ដែល​មាន​ពលរដ្ឋ​ប្រមាណ​ជា ២៥០០​នាក់​មកពី​សហព័ន្ធ​សហជីព សហជីព និង​កម្មករ​និយោជិត រួម​ទាំង​សមាជិក​ក្រុម​សង្គម​ស៊ីវិល​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស