ដំណឹងពីប្រទេសសិង្ហបុរី នៅថ្ងៃទី៨ ខែឧសភា ឲ្យដឹងថា សេដ្ឋកិច្ចប្រទេសកម្ពុជា នឹងថយចុះមួយកម្រិតពីការព្យាករពេលមុន ពី ៦% ក្នុងឆ្នាំ២០២៤ និង ៥% កាលពីឆ្នាំ២០២៣ មកនៅ ៤,៩% ក្នុងឆ្នាំ២០២៥ នេះ មកពីមុខជំនួញខាងនាំសម្លៀកបំពាក់កាត់ដេរពឹងផ្អែកលើទីផ្សារនៅសហរដ្ឋអាមេរិក ខ្លាំងក្លាពេក។
យោងតាមការសិក្សាពីការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ហៅកាត់ថា អាមរ៉ូ (AMRO) ដែលអ្នកជំនាញសេដ្ឋកិច្ចបីនាក់ឈ្មោះ ជីន ហូឆយ គូ ជិញលី និង ហឺ អ៊ីខ ចុះទៅសិក្សាកាលពីចុងខែមេសា ឆ្នាំ២០២៥ នេះ សរសេរថា នៅឆ្នាំ២០២៦ សេដ្ឋកិច្ចប្រទេសកម្ពុជា អាចនឹងចុះដល់ ៤,៧% ទៀតផង ដោយសារតែការដំឡើងពន្ធនាំចូលពីសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ ទីផ្សារសម្រាប់បន្ទះថាមពលអគ្គិសនីដោយព្រះអាទិត្យ ក៏ចង្អៀតសម្រាប់ប្រទេសជាច្រើនពីសហគមន៍អាស៊ាន រួមទាំងប្រទេសកម្ពុជាផងដែរ។ ពីប្រទេសថៃឡង់ដ៍ វិញ ពលរដ្ឋខ្មែរ និងលាវ នាំគ្នាឈប់ទិញគោ ឬសាច់គោបរិភោគពីប្រទេសថៃ ព្រោះតែសត្វគោឆ្លងមេរោគពងកន្ទួលពីមេរោគឈ្មោះ អាន់ថ្រាក់ (anthrax)៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

