31.7 C
Phnom Penh

ជនជាតិ​វៀតណាម ៣៧​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា​ដោយសារ​លួច​ស្នាក់នៅ​និង​ធ្វើ​ការងារ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយក​អន្តោប្រវេសន៍ បាន​បណ្តេញ​ជនជាតិ​វៀតណាម សរុប​ចំនួន ៣៧​នាក់ ចេញពី​កម្ពុជា ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​លួច​ស្នាក់នៅ និង​ធ្វើការ​ខុស​ច្បាប់ គ្មាន​លិខិត​ឆ្លងដែន និង​បាន​អនុវត្ត​ទោស​ចប់។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក សុខ វាសនា បាន​បញ្ជា​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម សរុប​ចំនួន ៣៧​នាក់ ស្រី ៦​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត និង​ព្រៃវល្លិ ខេត្ត​ស្វាយរៀង។

លោក សុខ វាសនា បាន​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម សរុប​ចំនួន ៣៧​នាក់​នោះ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ទទួល​ពី​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​១ និង​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​២ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ខេត្ត​កណ្តាល និង​រាជធានី​ភ្នំពេញ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​មណ្ឌល​អប់រំ​កែប្រែ​ទី​១ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ។

ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​របស់​កម្ពុជា ដែល​ផ្តល់​សិទ្ធិ​ដល់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អាច​បណ្តេញ​ជនបរទេស​ពី​កម្ពុជា​បាន ដូចជា៖

  • មាត្រា​៣៥ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ត្រូវ​បណ្តេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា រាល់​ជនបរទេស​អន្តោប្រវេសន៍​ណា​ដែល​រំលោភ​លើ​បញ្ញត្តិ​ច្បាប់​អន្តោប្រវេសន៍។
  • មាត្រា​៣៦ រាល់​ជនបរទេស​ដូចជា ទី​១ មាន​អាកប្បកិរិយា និង​សកម្មភាព​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី​២ ក្រសួង​មាន​សមត្ថកិច្ច​មាន​ភស្តុតាង​ជាក់លាក់​ថា​ជន​នោះ​ជា​អ្នក​ប្រឆាំង​នឹង​សន្តិសុខ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី​៣ មក​ធ្វើការ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​គ្មាន​បណ្ណ​ការងារ។
  • មាត្រា​៣៧ រាល់​ជនបរទេស​ណា​ដែល​ចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ខុស​ច្បាប់។
  • មាត្រា​៣៨ សេចក្តី​សម្រេច​បណ្តេញ​ចេញ​ត្រូវ​អនុវត្ត​ភ្លាម ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ សាមី​ខ្លួន​មាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ​ក្នុង​រយៈពេល ២​ខែ។
  • ចំណែក​មាត្រា​៣៩ ការ​បណ្តេញ​ចេញ​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល ៧​ថ្ងៃ​យ៉ាង​យូរ ក្រោយពី​សេចក្តី​សម្រេច​ជា​ផ្លូវការ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លើកលែងតែ​មាន​សាលក្រម​ផ្អាក​ការ​អនុវត្ត​ពី​តុលាការ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ កាលពី​ខែ​មេសា ឆ្នាំ​២០២៤ កន្លង​មក អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​បណ្តេញ​ជនជាតិ​វៀតណាម ចំនួន ២៣១​នាក់​ចេញពី​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​ព្រែកចាក។ ការ​បណ្តេញ​ជនជាតិ​វៀតណាម​ទាំងនោះ ក្រោយពី​សមត្ថកិច្ច​រក​ឃើញ​ថា ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​អនឡាញ ដែល​ប្រព្រឹត្ត​នៅ​តាម ៣​ទីតាំង​ផ្សេង​គ្នា​ក្នុង​ខេត្ត​ព្រះសីហនុ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស