រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា អះអាងថា កងទ័ពមួកខៀវកម្ពុជា ២នាក់បានស្លាប់ក្នុងអំឡុងពេលបេសកកម្មក្នុងទីក្រុង Malakal នៃសាធារណរដ្ឋស៊ូដង់ខាងត្បូង។
រដ្ឋមន្ត្រីតពូជនៃក្រសួងការពារជាតិ លោក ទៀ សីហា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៤ ឧសភា នេះថា លោកស្តាយចំពោះការបាត់បង់យោធិនដ៏ឆ្នើមពីររូប ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា ក្នុងការចូលរួមថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។
យោងតាមរូបថតដែលលោក ទៀ សីហា បានបង្ហោះនោះ កងទ័ពមួកខៀវកម្ពុជា ២នាក់ដែលស្លាប់ មានស្រីម្នាក់ ប្រុសម្នាក់។ នារីយោធិនរូបនោះមានឈ្មោះ ឌួង ម៉ាកាលី និងលោក ផាត់ មុន្នី។
គិតមកដល់ឆ្នាំ២០២៣ កន្លងទៅ កងទ័ពមួកខៀវកម្ពុជាបានស្លាប់ចំនួន ១១រូប ខណៈអ្នកធ្លាប់រងរបួសមានចំនួន ១៥រូប អំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ។
លោក ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០០៦ មក កម្ពុជាបានខិតខំចែករំលែក និងបញ្ជូនកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងអ្នកអង្កេតការណ៍របស់ខ្លួន ដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាកជូនដល់ប្រទេសផ្សេងៗដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជាប្រទេសស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង លីបង់ ស៊ីរី ស៊ីប ប្រទេសយេមែន ឆាដ ម៉ាលី អាហ្វ្រិកកណ្តាល និងប្រទេសកុងហ្គោ។
លោក ហ៊ុន ម៉ាណែត អះអាងថា ជាសមិទ្ធផល កម្ពុជាទទួលបានស្នាដៃដ៏ធំធេងជាច្រើន ដូចជា ការបោសសម្អាតមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្ដេក សំណង់បញ្ឈរ ជួសជុលថែទាំព្រលានយន្តហោះ ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងបំពេញការងារមនុស្សធម៌ផ្សេងៗដល់ប្រជាជនក្នុងតំបន់បេសកកម្មដែលមានហានិភ័យខ្ពស់។
កាលពីឆ្នាំ២០២៣ កន្លងមក កម្ពុជាបន្តទទួលបានលំដាប់លេខ២ ក្នុងការបរិច្ចាគកម្លាំងវីរយុទ្ធនារីក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់លេខរៀងទី១២ ក្នុងចំណោម ១២០ប្រទេស ដែលបានបរិច្ចាគកងកម្លាំងក្រោមឆត្រអង្គការសហប្រជាជាតិ។
ចាប់តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពជាង ៨ពាន់នាក់ នៅប្រទេសចំនួន ៩ រួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេមែន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

