28.4 C
Phnom Penh

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា បដិសេធ​ការ​ផ្សព្វផ្សាយ​របស់​ថៃ ដែល​ថា​ខ្មែរ​សុំ​ចរចា​ឱ្យ​មាន​ឈប់​បាញ់​ជាមួយ​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា ទាត់ចោល​សេចក្តី​រាយការណ៍​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​បាន​រាយការណ៍​ថា ប្រទេស​កម្ពុជា សុំ​ចរចា​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជាមួយ​ភាគី​ថៃ នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) កាលពី​ថ្ងៃទី​២៤ ធ្នូ នោះ។

លោក​បញ្ជាក់​ថា សំណើ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ គឺ​ធ្វើ​ទៅ​តាម​សេចក្តី​ថ្លែងការណ៍​ពី​ប្រធាន​អាស៊ាន ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ពិសេស​ស្តីអំពី​ស្ថានការណ៍​បច្ចុប្បន្ន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ នៅ​ទីក្រុង​កូឡាឡាំពួរ ប៉ុណ្ណោះ មិនមែន​ជា​ការ​សុំ​ចរចា​ជាមួយ​ថៃ ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ទាំង​យប់​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ​ថា សារព័ត៌មាន​ថៃ មួយ​ចំនួន ទាំង​ផ្លូវការ និង​មិន​ផ្លូវការ បាន​យក​លិខិត​ផ្លូវការ​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ដែល​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ ទៅ​ផ្សព្វផ្សាយ​ក្នុង​ចេតនា​បំភាន់​ធ្វើ​ដូចជា​លិខិត​បែកធ្លាយ។

លោក ទៀ សីហា លើកឡើង​ថា សម័យ​បច្ចុប្បន្ន​នេះ មាន​ទាំង​កម្មវិធី​បកប្រែ Google Translate មាន​ទាំង​កម្មវិធី​បកប្រែ ChatGPT និង​កម្មវិធី​បកប្រែ Gemini ជាដើម ដែល​អាច​បកប្រែ​ភាសា​អង់គ្លេស​បាន​ដូច​អត្ថន័យ​ដើម​ជិត ១០០% ប៉ុន្តែ​សារព័ត៌មាន​ថៃ បែរ​ជា​យក​លិខិត​នោះ​ទៅ​ផ្សាយ​ខុស​ពី​ខ្លឹមសារ​ពិត​ដែល​បញ្ជាក់​ក្នុង​លិខិត​នោះ​ទៅវិញ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា រូប​នេះ​បញ្ជាក់​ថា ខ្លឹមសារ​ក្នុង​លិខិត​ចុះ​ថ្ងៃទី​២២ ធ្នូ ដែល​កម្ពុជា បាន​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ ជុំវិញ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ពិសេស​ស្ដីពី​ស្ថានការណ៍​បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថៃ នោះ គឺ​ខុស​ពី​ការ​ចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ មួយ​ចំនួន​ទាំងស្រុង។

ការ​ចេញ​មុខ​បដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន​ថៃ បាន​ផ្សព្វផ្សាយ​លិខិត​ក្រសួង​ការពារ​ជាតិ​កម្ពុជា ជុំវិញ​សំណើ​សម្រាប់​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) កាលពី​ថ្ងៃ​ពុធ។

កាលពី​ថ្ងៃទី​២៤ ខែ​ធ្នូ កាសែត Thai Enquirer បាន​រាយការណ៍​ថា លិខិត​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ផ្ញើ​ជូន​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ គឺជា​ការ​បង្ហាញ​នូវ​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​ចរចា​បទ​ឈប់​បាញ់​ជាមួយ​ប្រទេស​ថៃ ដែល​ជា​ជំហាន​ដ៏​សំខាន់​មួយ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​លក្ខខណ្ឌ​ដែល​ប្រទេស​ថៃ បាន​កំណត់។

ជាមួយ​គ្នា​នេះ សារព័ត៌មាន​ដទៃ​ទៀត​ផ្សាយ​ថា កងទ័ព​ខ្មែរ​កាលពី​ថ្ងៃ​ពុធ ទី​២៤ ធ្នូ បាន​បាញ់​រ៉ុក្កែត BM-21 នៅ​ម៉ោង ៥:៣០​នាទី​ព្រឹក ប្រមាណ ៧០០​គ្រាប់ ធ្លាក់​តាម​ភូមិ-ស្រុក​ថៃ ៩៨​កន្លែង បណ្តាល​ឲ្យ​ខូចខាត​វត្ត សាលារៀន និង​មន្ទីរពេទ្យ ក្នុង​ខេត្ត​អ៊ុប៊ុនរាជធានី សុរិន្ទ និង​ស៊ីសាកេត។

ប្រភព​មន្ត្រី​ថៃ ដដែល រាយការណ៍​ថា ប្រទេស​ថៃ បញ្ជាក់​ឡើងវិញ​នូវ​លក្ខខណ្ឌ​ស្នូល​ចំនួន ៣ សម្រាប់​ការ​ចរចា​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា ដោយ​កំណត់​ឱ្យ​កម្ពុជា ត្រូវតែ​ប្រកាស​បញ្ឈប់​ការ​វាយប្រហារ​លើ​ថៃ ជា​មុន និង​ត្រូវតែ​បញ្ឈប់​ការ​ប្រើ​កម្លាំង​យោធា​ជា​បន្តបន្ទាប់ រួម​ទាំង​សហការ​ជាក់ស្តែង​លើ​ការ​ដោះ​មីន​មនុស្សធម៌​ផង​ដែរ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​លោក ណាថាផន ណាក់ផានីត រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ ដោយ​លើក​សំណើ​ចំនួន ៣ ថា៖

  • ទី​១ កិច្ចប្រជុំ GBC សម្រាប់​ថ្ងៃទី​២៤ ធ្នូ គួរ​រៀបចំ​ក្នុង​ទម្រង់​ដូច​គ្នា​នឹង កិច្ចប្រជុំ GBC ពិសេស ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៥ នៅ​ទីក្រុង​កូឡាឡាំពួរ ដូច​មាន​ចែង​ក្នុង​កថាខណ្ឌ​ទី​១៣ នៃ​កំណត់ហេតុ​ការ​ព្រមព្រៀង​គ្នា។
  • ទី​២ ដោយ​ហេតុផល​សន្តិសុខ អំពី​ការ​ប្រយុទ្ធ​កំពុង​កើតមាន​តាម​បណ្តោយ​ព្រំដែន កិច្ចប្រជុំ​នេះ​គួរ​ត្រូវ​បាន​ធ្វើឡើង​នៅ​ទីតាំង​ដែល​មាន​សុវត្ថិភាព និង​អព្យាក្រឹត ព្រោះ​ក្នុង​បរិបទ​នេះ ប្រទេស​ម៉ាឡេស៊ី បាន​យល់ព្រម​រៀបចំ​ទទួល​កិច្ចប្រជុំ​នៅ​ទីក្រុង​កូឡាឡាំពួរ ដែរ។
  • ទី​៣ ចំពោះ​របៀបវារៈ កិច្ចប្រជុំ​គួរ​ពិភាក្សា​លើ​ចំណុច​សំខាន់ ៤ គឺ​ទី​១ ការ​បញ្ឈប់​អំពើ​ប្រយុទ្ធ​ទាំងស្រុង​ភ្លាមៗ គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ និង​សេចក្តី​ថ្លែងការណ៍​រួម​កូឡាឡាំពួរ ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ រួម​ទាំង​កិច្ចព្រមព្រៀង​ផ្សេងៗ​ក្រោម​ក្របខ័ណ្ឌ​នេះ។ ទី​២ ការ​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព និង​មាន​កិត្តិយស ដោយ​គ្មាន​ការ​រាំងស្ទះ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ដែល​រង​ផល​ប៉ះពាល់​ឲ្យ​ទៅ​កាន់​លំនៅឋាន និង​ជីវភាព​ធម្មតា​របស់​ពួកគេ​ដូច​មុន​ពេល​ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា។ ទី​៣ គឺ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី តាមរយៈ​ការ​បន្ត​អនុវត្ត​ពេញលេញ​ភ្លាមៗ​នូវ​សេចក្តី​ថ្លែងការណ៍​រួម​កូឡាឡាំពួរ ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ និង​ការ​ធ្វើ​ឱ្យ​សកម្ម​ឡើងវិញ​ជាបន្ទាន់​នូវ​យន្តការ​ដែល​មាន​ស្រាប់​ក្រោម​ក្របខ័ណ្ឌ​នេះ រួម​ទាំង​ការ​កំណត់​ព្រំដែន និង​សកម្មភាព​ដោះ​មីន​មនុស្សធម៌។ ចំណែក​ទី​៤ គឺ​ការ​ពង្រឹង​តួនាទី​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (ASEAN Observer Team – AOT) ក្នុង​ការ​ធានា​ការ​អនុវត្ត និង​ការ​ផ្ទៀងផ្ទាត់​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​ផ្សេងៗ​ក្រោម​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ ផង​ដែរ។

កិច្ចប្រជុំ GBC នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៥។ បើ​រយៈពេល ៣​ថ្ងៃ​នេះ ដំណើរការ​ដោយ​រលូន នៅ​កិច្ចប្រជុំ​បន្ទាប់ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ បន្ត​ទៀត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស