27.4 C
Phnom Penh

រាជពិធី​ច្រត់​ព្រះនង្គ័ល៖ រាជបុរោហិត​ទស្សន៍ទាយ​ថា នគរ​នឹង​សម្បូរ​ផល​កសិកម្ម​នៅ​ឆ្នាំ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពួក​ព្រាហ្មណ៍​បុរោហិត ជោតិកាចារ្យ ព្រះ​រាជគ្រូ​ប្រចាំ​ព្រះបរមរាជវាំង បាន​ប្រកាស​ដោយ​យោង​តាម​ការ​បរិភោគ​របស់​គោ​ឧសភរាជ ឬ​គោ​ឈ្មោល​ស្តេច នា​ព្រះ​រាជពិធី​មង្គល​ទ្វាទសមាស វប្បមង្គល ឬ​ច្រត់​ព្រះនង្គ័ល នៅ​ខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៥ ក្រោម​ព្រះ​រាជាធិបតី ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​បង្ហាញ​ថា ស្រូវ ពោត និង​សណ្ដែក​នៅ​ក្នុង​ឆ្នាំ​២០២៥ នេះ​ទទួល​បាន​ទិន្នផល​ល្អ។

ឆ្នាំ​នេះ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល​ខេត្ត​កំពង់ឆ្នាំង ជា​តំណាង​ព្រះមហាក្សត្រ ដោយ​ធ្វើ​ជា​ស្តេច​មាឃ កាន់​នង្គ័ល​ទី​ពីរ និង​ភរិយា​របស់​លោក គឺ​លោកស្រី ផាត សុផានី ជា​ព្រះ​មេហួ។ លោក ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​អ្នក​កាន់​នង្គ័ល​យោង ឬ​នង្គ័ល​ទី​មួយ រីឯ​នង្គ័ល​ទី​បី ឬ​នង្គ័ល​យោង​ខាង​ក្រោយ កាន់​ដោយ​លោក វណ្ណា បូរិទ្ធ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ។

ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ត្រូវ​បាន​អម​ព្រះ​រាជដំណើរ​ដោយ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ប្រធាន​រដ្ឋសភា លោកស្រី ឃួន សុដារី លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ជាច្រើន​រូប​ទៀត ដើម្បី​ចូលរួម​ក្នុង​ព្រះ​រាជពិធី​ច្រត់​ព្រះនង្គ័ល​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

បន្ទាប់ពី​ស្តេច​មាឃ និង​ព្រះ​មេហួ បាន​ភ្ជួរ​ដី​ដោយ​ប្រើ​គោ​ឧសភរាជ​ចំនួន ៣​ជុំវិញ​ព្រះ​ស្រែ​មក ព្រាហ្មណ៍​ព្រះ​រាជគ្រូ​ក៏​បាន​សូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ​ឧសភរាជ​ដែល​ទឹម​ច្រត់​ព្រះនង្គ័ល​នោះ​ឲ្យ​បរិភោគ​អាហារ​ចំនួន ៧​មុខ រួម​មាន ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និង​ស្រា ទៅ​តាម​ទំនៀម​បរម​បុរាណ។

ក្រោយ​គោ​ឧសភរាជ​បរិភោគ​អាហារ​ដែល​ដាក់​តាំង​រួចរាល់ ព្រាហ្មណ៍​ព្រះ​រាជគ្រូ​បុរោហិត​បាន​ប្រកាស​ថា លទ្ធផល​ដែល​បាន​មកពី​ការ​ផ្សង​គោ​ឧសភរាជ​បរិភោគ​នូវ​អាហារ​ទាំង ៧ បាន​បង្ហាញ​ថា គោ​ឧសភរាជ​បាន​បរិភោគ ស្រូវ ៩៥% ពោត ៩៥% និង​សណ្តែក ៨០%។

ព្រះរាជ​ពិធី​ដែល​មាន​ការ​តាំង​ពិព័រណ៍​ផលិតផល​កសិកម្ម សិប្បកម្ម​ក្នុង​ស្រុក​ឆ្នាំ​២០២៥ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​ឧសភា នេះ នា​ទី​ព្រះ​ស្រែ​នៅ​បរិវេណ​កីឡដ្ឋាន​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ ព្រះ​រាជពិធី​ច្រត់​ព្រះនង្គ័ល ត្រូវ​ប្រារព្ធ​ធ្វើឡើង​ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​៤​រោច ខែ​ពិសាខ ដែល​ជា​ព្រះ​រាជពិធី​ដ៏​សំខាន់​មួយ​នៃ​ពិធីបុណ្យ ឬ​មង្គល​ទ្វាទសមាស។

ព្រះរាជ​ពិធី​តាម​ក្បួន​ជោតិសាស្ត្រ​បែប​ព្រហ្មញ្ញ​សាសនា​នេះ រៀបចំ​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​សម្រាប់​ស្រុកទេស​ទៅ​តាម​ការ​គយគន់​មើល​សត្វ «គោ​ឧសភរាជ» បរិភោគ​អាហារ​អ្វី​ខ្លះ​ទាំង ៧​យ៉ាង មាន​ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និង​ស្រា។

ប្រជាកសិករ​ខ្មែរ​តែង​មាន​ជំនឿ​ថា រាល់​អាហារ​ដែល​គោ​ឧសភរាជ​បាន​បរិភោគ គឺជា​ការ​បញ្ជាក់​ពី​ទិន្នផល​ដំណាំ​នៅ​ថ្ងៃ​ខាងមុខ។ ម្យ៉ាង​ទៀត ជំនឿ​ចំពោះ​ពិធី​មួយ​នេះ នៅតែ​ជា​រឿង​ចាំបាច់​ក្នុង​ការ​អភិរក្ស និង​ថែរក្សា​ទំនៀមទម្លាប់ ហើយ​វា​ក៏​ជា​ការ​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ផង​ដែរ។ ពិធី​នេះ​ជា​និមិត្តរូប​នៃ​រដូវ​ផ្តើម​ការ​ដាំដុះ​សម្រាប់​កសិករ​ខ្មែរ​តាម​បែប​លទ្ធិព្រាហ្មណ៍ ប៉ុន្តែ​រៀង​រាល់​ឆ្នាំ ប្រផ្នូល​លេច​ចេញ​ពី​គោ​ឧសភរាជ​បរិភោគ​ធញ្ញជាតិ​អ្វីៗ​នោះ ជួនកាល​ក៏​ត្រូវ​ខ្លះ ជួនកាល​ខុស​ខ្លះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស