អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនខ្លួនមន្ត្រីនគរបាលពីររូបទៅតុលាការ ក្រោយពីរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការទទួលសំណូក ៧៧ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែងជនជាតិថៃ ចំនួន ៤៣នាក់ ដែលសមត្ថកិច្ចចម្រុះបានឃាត់ខ្លួន ដោយមូលហេតុស្នាក់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ ឧសភា ថា ជនសង្ស័យពីរនាក់ គឺឈ្មោះ វ៉ន វាសនា (ហៅ Mr Dorn) អធិការរងនៃអធិការដ្ឋានស្រុកបវេល និងលោក តាំង សំណាង (ឬ សុខ ច័ន្ទសំណាង) ជាជំនួយការអគ្គនាយករងនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ។ ពួកគេឃុបឃិតគ្នា រួមជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងការប៉ុនប៉ងរត់ការសូកប៉ាន់លុយចំនួន ៧សែន ៧ម៉ឺន ៤ពាន់ដុល្លារ ដើម្បីដោះលែងជនជាតិថៃ ចំនួន ៤៣នាក់ ដែលសមត្ថកិច្ចចម្រុះបានឃាត់ខ្លួន ដោយមូលហេតុស្នាក់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា។
លោក សយ ច័ន្ទវិចិត្ត បន្ថែមថា ទង្វើរបស់ជនសង្ស័យទាំងនោះ មានធាតុផ្សំនៃបទល្មើសប៉ុនប៉ងសូកប៉ាន់ តាមបញ្ញត្តិមាត្រា៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ មាត្រា២៧ (និយមន័យប៉ុនប៉ង) និងមាត្រា៦០៥ (បទសូកប៉ាន់នៃក្រមព្រហ្មទណ្ឌ)។
ប្រភពដដែលអះអាងថា លោក វ៉ន វាសនា បានយកប្រាក់ដែលខ្លួនទទួលបានពីកម្រៃរត់ការ ទៅដាក់ធនាគារ និងប្រើប្រាស់ ដែលជាធាតុផ្សំនៃបទល្មើសលាងសម្អាតប្រាក់ តាមបទប្បញ្ញត្តិមាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
មាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ ចែងពីបទសូកប៉ាន់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ។ ជាមួយគ្នានេះដែរ មាត្រា៣៨ ចំណុចទី១ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានបង្ហាញពីបទសម្អាតប្រាក់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ ៥ឆ្នាំ និងពិន័យពី ១០០លានរៀលទៅ ៥០០លានរៀល ឬរហូតដល់ស្មើនឹងតម្លៃទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការសម្អាតប្រាក់។
កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះពិនិត្យ និងវាយតម្លៃការស្នាក់នៅ និងធ្វើការរបស់ជនបរទេសក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនជាតិថៃ ៤៣នាក់ដែលស្នាក់នៅ និងធ្វើការដោយខុសច្បាប់។
បន្ទាប់មក នៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា ជនសង្ស័យទាំងនោះបានឃុបឃិតគ្នាយកប្រាក់ចំនួនជាង ៧៧ម៉ឺនដុល្លារ រត់ការ ឬសូកប៉ាន់ ដើម្បីដោះលែងអ្នកទាំង ៤៣នាក់ដែលបានឃាត់ខ្លួន ប៉ុន្តែផែនការនេះមិនបានជោគជ័យឡើយ ដោយអ្នកទាំង ៤៣នាក់នោះ ត្រូវសមត្ថកិច្ចចាត់នីតិវិធីបណ្តេញចេញពីកម្ពុជា នៅពីថ្ងៃទី៨ ខែឧសភា។
លោក សយ ច័ន្ទវិចិត្ត បន្ថែមថា ចំពោះអ្នកពាក់ព័ន្ធ ៤នាក់ទៀត ដែលពុំទាន់ឃាត់ខ្លួនបាន ក្រុមការងារកំពុងធ្វើការស៊ើបអង្កេត។
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានឲ្យដឹងថា មន្ត្រីនគរបាលទាំង ២នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស នៅថ្ងៃទី២៦ ខែឧសភា នេះ ក្រោយពីបញ្ចប់ការស៊ើបសួរ។ ចំពោះរឿងរ៉ាវលម្អិត លោក ប្លង់ សុផល មិនបញ្ជាក់ឡើយ ដោយសារកំពុងស្ថិតក្នុងនីតិវិធីស៊ើបសួរ។
តាំងពីដើមឆ្នាំ២០២៥ នេះ ACU បានចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ២នាក់ ពាក់ព័ន្ធនឹងករណីស៊ីសំណូកប្រាក់ជាថ្នូរនឹងការបង្ក្រាបបទល្មើស។ ចំណែកកាលពីដើមខែមីនា កន្លងទៅ ACU បានប្តឹងអភិបាលរងខេត្តកំពង់ស្ពឺ ជាមួយបក្ខពួក ២នាក់ផ្សេងទៀត ក្នុងសំណុំរឿងពុករលួយកិបកេងប្រាក់ប្រមាណ ៤០ម៉ឺនដុល្លារ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

