32.9 C
Phnom Penh

សង្គម​ស៊ីវិល​ប្រកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល ប្រកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ នៅ​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​មាន​ការ​ទទួលស្គាល់​ជា​សកល​ថា កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ​ក៏​មាន​សិទ្ធិ​ដូច​គ្នា​នឹង​កម្មករ​ដទៃ​ទៀត​ដែរ។

សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) និង​អង្គការ​អុកស្វាម (OXFAM) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​១២ មិថុនា ដោយ​សម្រេច​ប្រារព្ធ​ទិវា​អន្តរជាតិ​កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ ក្រោម​ប្រធានបទ «គាំពារ​សង្គម និង​ការងារ​សមរម្យ​សម្រាប់​កម្មករ​ការងារ​តាម​ផ្ទះ» នៅ​ថ្ងៃទី​១៥ ខែ​មិថុនា ខាង​មុខ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ អះអាង​ថា ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​លេខ​១៨៩ ស្ដីពី​ការងារ​សមរម្យ​សម្រាប់​កម្មករ​ការងារ​តាម​ផ្ទះ​នៅឡើយ​ទេ ចំណែកឯ​ច្បាប់​ស្ដីពី​ការងារ ក៏​មិន​ទាន់​បាន​ចែង​ជាក់លាក់​អំពី​កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ​នៅឡើយ​ដែរ។

ប្រភព​ដដែល បញ្ជាក់​ថា ទោះបីជា​ប្រកាស​លេខ​២៣៥ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ឆ្នាំ​២០១៨ បាន​អនុលោម​ជាមួយ​នឹង​បទបញ្ញត្តិ​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ​លេខ​១៨៩ និង​អនុសាសន៍​លេខ​២០១ ក៏​ពិត​មែន ប៉ុន្តែ​ប្រកាស​នេះ​មិន​បាន​រាប់​បញ្ចូល​កម្មករ​ការងារ​តាម​ផ្ទះ​ឆ្លងដែន មិន​បាន​បញ្ជាក់​ពី​ការ​កសាង​សមត្ថភាព និង​យន្តការ​ច្បាស់លាស់​ដើម្បី​ការពារ​កម្មករ​ការងារ​តាម​ផ្ទះ​នៅឡើយ​ទេ ជាពិសេស​កម្មករ​ជា​កុមារ។ ជាង​នេះ​ទៀត ស្តង់ដា​ទម្រង់​កិច្ចសន្យា​ការងារ​សម្រាប់​កម្មករ​ការងារ​តាម​ផ្ទះ ក៏​នៅ​មិន​ទាន់​បង្កើត​ឡើង​ដែរ។

កម្មករ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​កម្ពុជា ធ្វើ​កិច្ច​ការងារ​ជាច្រើន ដូចជា ការ​ចម្អិន​អាហារ បោស​សម្អាត បោក​អ៊ុត ថែទាំ​កុមារ ថែទាំ​មនុស្ស​ចាស់ ថែទាំ​សមាជិក​គ្រួសារ ថែទាំ​សួន ថែទាំ​ទ្រព្យសម្បត្តិ ថែទាំ​សត្វ​ចិញ្ចឹម និង​បើកបរ​រថយន្ត​សម្រាប់​គ្រួសារ​ដែល​ខ្លួន​បម្រើ​ការ​ឱ្យ ជាដើម។

ជុំវិញ​បញ្ហា​នេះ អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា កម្មករ​ការងារ​តាម​ផ្ទះ​នៅតែ​ជា​កម្មករ​ដែល​ស្ថិត​ក្នុង​ភាព​ងាយ​រងគ្រោះ​ជាងគេ ក្នុង​ចំណោម​កម្មករ​ដទៃ​ទៀត ដូចជា ការ​ប្រឈម​នឹង​ការ​កំណត់​សេរីភាព​នៃ​ការ​ធ្វើ​សកម្មភាព ទទួល​បាន​ប្រាក់ឈ្នួល​ទាប គ្មាន​កិច្ចសន្យា​ការងារ​ច្បាស់លាស់ ធ្វើការ​លើស​ម៉ោង សម្រាក​មិន​គ្រប់គ្រាន់ ការងារ​ច្រើន​លើសលប់ រួម​ទាំង​ងាយ​ប្រឈម​នឹង​ហានិភ័យ​ផ្នែក​ហិង្សា​លើ​រូបរាងកាយ ផ្លូវភេទ និង​ការ​ជួញដូរ​ទៀត​ផង។

កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០១៨ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ប្រកាស​ស្ដីពី​លក្ខខណ្ឌ​ការ​បម្រើការ​ការងារ​តាម​ផ្ទះ ដែល​មាន ១៥​ប្រការ ដោយ​ចែង​អំពី​ការ​ការពារ​សិទ្ធិ​របស់​កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ រួម​ទាំង​ការ​ផ្តល់​សិទ្ធិ​នានា​ដូច​គ្នា​នឹង​កម្មករ-កម្មការិនី​ដែល​បម្រើ​ការងារ​នៅ​តាម​រោងចក្រ​សហគ្រាស​ផ្សេងៗ​ដែរ។

ប្រការ​៤ នៃ​ប្រកាស​របស់​ក្រសួង​ការងារ បាន​ចែង​ថា កម្មករ​ការងារ​តាម​ផ្ទះ ត្រូវ​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ ហើយ​បើ​ក្មេង​អាយុ​ចាប់ពី ១៥​ឆ្នាំ​ដល់​ក្រោម ១៨​ឆ្នាំ អាច​អនុញ្ញាត​ឲ្យ​ធ្វើ​ការងារ​ផ្ទះ​ណា​ដែល​ស្រាលៗ និង​មិន​មាន​លក្ខណៈ​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​ប៉ះពាល់​ដល់​សុខភាព​ទេ។

យ៉ាងណាក៏ដោយ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លើកឡើង​ថា សព្វថ្ងៃ​នេះ កម្មករ​ការងារ​តាម​ផ្ទះ​នៅ​កម្ពុជា​មិន​ទាន់​ទទួល​បាន​ការ​ចុះឈ្មោះ​ពេញលេញ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ និង​របប​គាំពារ​សង្គម​ដូច​កម្មករ​ដទៃ​ទៀត​នៅឡើយ​ទេ ដូចជា ការ​ថែទាំ​សុខភាព ហានិភ័យ​ការងារ និង​សោធន​និវត្តន៍ ជាដើម។

លោក វន់ ពៅ បញ្ជាក់​ថា នៅ​កម្ពុជា ការ​ពង្រឹង និង​កសាង​សមត្ថភាព​កម្មករ​ការងារ​តាម​ផ្ទះ​នៅ​មាន​កម្រិត​ទាប​បំផុត ព្រោះ​គេ​គិត​ថា​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ​មិន​ត្រូវការ​ជំនាញ​ដូច​កម្មករ​ដទៃ​ទៀត​នោះ​ទេ ប៉ុន្តែ​ការពិត គឺ​មាន​តម្លៃ និង​មាន​សិទ្ធិ​ស្មើ​គ្នា​ដូច​កម្មករ​ដទៃ​ទៀត​ដែរ ក្នុង​ការ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​សេវា​គាំពារ​សង្គម និង​សេរីភាព​សមាគម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស