អង្គការការពារសិទ្ធិមនុស្សលីកាដូ និងអង្គការសង្គមស៊ីវិលចំនួន ១៣ ផ្សេងទៀត ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យមានការធ្វើវិសោធនកម្មច្បាប់ស្ដីពីអំពើហិង្សាក្នុងគ្រួសារ ដោយសារតែដំណើរការនៃការធ្វើវិសោធនកម្មកាលពីឆ្នាំ២០០៥ ពុំមានប្រព័ន្ធការពារ ឬការឆ្លើយតបគ្រប់គ្រាន់នៅឡើយក្នុងពេលបច្ចុប្បន្ននេះ។
នេះសឲ្យឃើញថា ច្បាប់ដែលមានមកហើយតាំងពី ២០ឆ្នាំមុន ឥតមានប្រសិទ្ធភាពឡើយ។
យោងតាមសេចក្តីថ្លែងការណ៍នៃអង្គការលីកាដូ ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ អង្គការសង្គមស៊ីវិលនេះ បានឲ្យដឹងថា ការពន្យារពេលធ្វើវិសោធនកម្មច្បាប់ស្ដីពីអំពើហិង្សាក្នុងគ្រួសារ នឹងបន្តឱ្យមានការគំរាមកំហែងដល់ជនរងគ្រោះ ក្នុងនោះ ភាគច្រើនជាស្ត្រី កុមារ និងអ្នកស្រឡាញ់ភេទដូចគ្នា។
សេចក្តីថ្លែងការណ៍នោះបញ្ជាក់ថា ក្នុងរយៈពេល ៨ឆ្នាំមកនេះ ដំណើរការនៃការធ្វើវិសោធនកម្មច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ឆ្នាំ២០០៥ ពុំមានប្រព័ន្ធការពារ ឬការឆ្លើយតបគ្រប់គ្រាន់នៅឡើយក្នុងពេលបច្ចុប្បន្ន។ ក្នុងច្បាប់នេះហាក់នៅមានភាពខ្វះខាត ឯអំពើហិង្សា និងការរំលោភបំពានទៅលើស្ត្រី និងកុមារ នៅតែមានច្រើនលើសលប់។
សេចក្តីថ្លែងការណ៍ដដែលបានបង្ហាញថា រយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ អំពើហិង្សាក្នុងគ្រួសារប្រមាណ ៣៤២ករណី បានកើតឡើងនៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប។ អាជ្ញាធរ ក្រុមគ្រួសារ និងសហគមន៍ បានដាក់សម្ពាធលើជនរងគ្រោះ និងតែងលើកយកប្រពៃណីសម្ព័ន្ធគ្រួសារមកប្រើប្រាស់ ជាជាងផ្តល់ដំណោះស្រាយ ស្វែងរកសុវត្ថិភាព និងសុខុមាលភាពដល់ជនរងគ្រោះ។
អង្គការលីកាដូ រកឃើញថា នៅក្នុងឆ្នាំ២០២៤ ការប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារចំនួន ១៣៩ករណី ក្នុងនោះ ជនរងគ្រោះ ២៣នាក់ត្រូវបានសម្លាប់។ នៅចំពោះមុខ អង្គការលីកាដូបញ្ជាក់ថា ភាគច្រើននៃអំពើហិង្សាក្នុងគ្រួសារបង្កឡើងដោយដៃគូស្និទ្ធស្នាល ឬសមាជិកដែលរស់នៅក្នុងគ្រួសារជាមួយគ្នា។
ទោះបីជាមានការធ្វើវិសោធនកម្មច្បាប់ប្រមាណ ៣លើកមកហើយក្តី អង្គការលីកាដូ ថារដ្ឋាភិបាលមិនទាន់បានផ្សព្វផ្សាយផែនទីបង្ហាញផ្លូវធ្វើវិសោធនកម្មច្បាប់នេះជាសាធារណៈនៅឡើយទេ។ អង្គការលីកាដូ នៅតែទទូចឱ្យរដ្ឋាភិបាលផ្សព្វផ្សាយបន្ទាន់នូវផែនទីបង្ហាញផ្លូវវិធីសាស្ត្រវិសោធនកម្មច្បាប់ស្ដីពីអំពើហិង្សាក្នុងគ្រួសារ និងអនុម័តច្បាប់នេះឱ្យពេញលេញ។
កាលពីចុងឆ្នាំ២០២៤ ក្រសួងកិច្ចការនារី បានបង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីពិនិត្យលើមាត្រាមួយចំនួនឡើងវិញ ក្នុងនោះ បានបង្កើតផែនទីបង្ហាញផ្លូវក្នុងគោលបំណងធ្វើវិសោធនកម្មច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការការពារជនរងគ្រោះ។ ច្បាប់នេះមានកិច្ចការពារអាយុជីវិតមនុស្ស សុចរិតភាពរាងកាយ ទារុណកម្មលើរាងកាយ និងការរំលោភបំពានផ្លូវភេទទៅលើជនរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

