33.8 C
Phnom Penh

រាជវង្ស​អ៊ីរ៉ង់​ដែល​និរទេស​ខ្លួន​នៅ​អាមេរិក មាន​បន្ទូល​ថា​របប​អ៊ីរ៉ង់​សព្វថ្ងៃ​ជិត​ត្រូវ​បាន​ដួល​រំលំ​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​នយោបាយ​អ៊ីរ៉ង់ ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ Reza Pahlavi បុត្រា​នៃ​ព្រះមហាក្សត្រ​អ៊ីរ៉ង់​ចុងក្រោយ បាន​អំពាវនាវ​ឱ្យ​មាន​ការ​រួបរួម​គ្នា​ដើម្បី​ជួយ​គាំទ្រ​កងទ័ព​អ៊ីស្រាអែល ឱ្យ​ឈាន​ដល់​ការ​វាយ​ផ្ដួល​រំលំ​របប Ayatollah Ali Khamenei ដែល​ព្រះអង្គ​មាន​បន្ទូល​ថា របប​ផ្ដាច់ការ​មួយ​នេះ​ជិត​ដួល​រលំ​ហើយ។

បុត្រា​រាជទាយាទ​នៃ​អតីត​ព្រះចៅ Shah Mohammad Reza Pahlavi មហាក្សត្រ​ប្រទេស​អ៊ីរ៉ង់ ទឹកដី​នៃ​អាណាចក្រ​បុរាណ​ពែក្ស ស្តេច​ក្រុមព្រះ រីហ្សា ប៉ាស់ឡាវី ដែល​និរទេស​ខ្លួន​ជាមួយ​គ្រួសារ​រស់នៅ​រដ្ឋ​ម៉ារីឡិន សហរដ្ឋ​អាមេរិក ក្រោយពី​រលំ​របប​សក្ដិភូមិ​នៅ​អ៊ីរ៉ង់ មិន​សូវ​មាន​ការ​គាំទ្រ​ពី​យុវជន​អ៊ីរ៉ង់ ប៉ុន្មាន​ទេ។ ម្យ៉ាង​ទៀត ពលរដ្ឋ​អ៊ីរ៉ង់ ក្នុង​របប​សព្វថ្ងៃ ចាត់ទុក​សេចក្តី​ប្រកាស​គាំទ្រ​ប្រទេស​អ៊ីស្រាអែល ជា​អំពើ​ក្បត់​ជាតិ។

ព្រះអង្គម្ចាស់​មាន​បន្ទូល​ស្នើ​ឱ្យ​មាន​រដ្ឋាភិបាល​អន្តរកាល​មួយ​នៅ​ក្រៅ​ប្រទេស​ជាបន្ទាន់ ដែល​ព្រះអង្គ​ជឿ​ថា​របប​ដឹកនាំ​របស់​លោក Ayatollah Ali Khamenei នឹង​ត្រូវ​បាន​ដួល​រលំ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។ ព្រះអង្គម្ចាស់ Reza Pahlavi អាយុ ៦៤​ឆ្នាំ មាន​បន្ទូល​ថា គេ​ត្រូវ​រៀបចំ​រដ្ឋាភិបាល​អន្តរកាល​ជាបន្ទាន់​មួយ​នៅ​ពេលនេះ គឺជា​រដ្ឋាភិបាល​មកពី​គ្រប់​ភាគី​នយោបាយ និង​កម្លាំង​តស៊ូ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដើម្បី​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ជំនួស​រដ្ឋធម្មនុញ្ញ​នៃ​របប​ផ្ដាច់ការ​របស់​ក្រុម Ayatollah Ali Khamenei។

តាម​ព្រះអង្គម្ចាស់ Reza Pahlavi រដ្ឋធម្មនុញ្ញ​ថ្មី​ជា​ផែនទី​ត្រួសត្រាយ​ផ្លូវ​ដើម្បី​របប​ប្រជាធិបតេយ្យ​មួយ​រឹងមាំ និង​គោរព​សិទ្ធិមនុស្ស សិទ្ធិ​សេរីភាព​ជំនឿ​សាសនា ដោយ​ផ្អែក​លើ​គោលការណ៍​អធិបតេយ្យ​ជាតិ ជាមួយ​នឹង​ការ​បែងចែក​អំណាច​ជាតិ​ធំ​៣ ឱ្យ​មាន​តុល្យភាព​នឹង​គ្នា គឺ​អំណាច​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​អំណាច​តុលាការ ប៉ុន្តែ​រដ្ឋាភិបាល និង​តំណាង​ប្រជាជន​នៅ​ក្នុង​រដ្ឋសភា ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​សេរី យុត្តិធម៌ និង​តម្លាភាព។

សេចក្ដី​ថ្លែងការណ៍​ពី​ព្រះអង្គម្ចាស់ Reza Pahlavi ត្រូវ​បាន​មើល​ឃើញ​ក្នុង​គេហទំព័រ​របស់​ព្រះអង្គ​ដែល​ត្រូវ​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៥ នេះ។

យោង​តាម​ទស្សនាវដី្ត Newsweek ព្រះអង្គម្ចាស់ Reza Pahlavi ដែល​ជា​រាជបុត្រា​នៃ​ព្រះមហាក្សត្រ​ចុងក្រោយ​នៃ​ប្រទេស​អ៊ីរ៉ង់ កំពុង​ស្ថិត​នៅ​ជា​រាជទាយាទ​រង់ចាំ​សោយរាជ្យ​ពី​ព្រះបិតា​ព្រះអង្គ។

ព្រះអង្គម្ចាស់​ជា​អ្នក​នយោបាយ​អ៊ីរ៉ង់​និរទេស​ខ្លួន ហើយ​កំពុង​ស្ថិត​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។ ព្រះអង្គម្ចាស់ Reza Pahlavi មាន​បន្ទូល​ទៅ​កាន់​រាស្ត្រ​របស់​ព្រះអង្គ ទៅ​កាន់​យុវជន កងទ័ព កង​នគរបាល ឱ្យ​រួបរួម​គ្នា​ងើប​ឡើង​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​របប​សាធារណរដ្ឋ​ឥស្លាម ដឹកនាំ​ដោយ​មហា​សង្គ្រាជ Ayatollah Ali Khamenei។

ក្រុម​បស្ចិម​ប្រទេស​ហៅថា​ជា​របប​ផ្ដាច់ការ​ដ៏​អាក្រក់​មួយ​នៅ​តំបន់​មជ្ឈិមបូព៌ា ព្រោះតែ​ប្រកាន់​តឹងរ៉ឹង​តាម​ធម៌​បញ្ញត្តិ​អ៊ីស្លាម ប្រៀប​ដូចជា​ធម្មយុត្តិកនិកាយ​ក្នុង​ព្រះពុទ្ធ​សាសនា។

ព្រះអង្គម្ចាស់ Reza Pahlavi មាន​បន្ទូល​ថា របប​ផ្ដាច់ការ​មួយ​នេះ​កំពុងតែ​ធ្លាក់​ទៅ​រក​ការ​ដួល​រលំ​ហើយ ហើយ​ចំពោះ​លោក Ayatollah Ali Khamenei កំពុង​រស់នៅ​ដូច​សត្វ​កណ្ដុរ​ក្នុង​រូង​ក្រោម​ដី។

ព្រះអង្គ​មាន​ជំនឿ​ថា កងទ័ព​អ៊ីស្រាអែល នឹង​យក​ឈ្នះ​របប អាលី ខាមមេណី នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

យោង​តាម​ចារកម្ម​របស់​អ៊ីស្រាអែល លោក Ayatollah Ali Khamenei និង​មេដឹកនាំ​របស់​លោក កំពុង​ស្ថិត​ក្នុង​រូង​ក្រោម​ដី​នៅ​តំបន់​ទីក្រុង​តេហេរ៉ង់ ដែល​កំពុង​លាក់​ខ្លួន​ពី​ការ​វាយប្រហារ​ដោយ​កង​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល។

ព្រះអង្គម្ចាស់ Reza Pahlavi មាន​បន្ទូល​ថា លោក Ayatollah Ali Khamenei និង​មេដឹកនាំ​របស់​លោក បាន​បាត់បង់​ការ​គ្រប់គ្រង​ស្ថានការណ៍ ហើយ​កំពុង​ធ្លាក់​ក្នុង​ការ​ចាញ់​សង្គ្រាម​របស់​អ៊ីស្រាអែល។ បន្ទូល​របស់​ព្រះអង្គម្ចាស់ Reza Pahlavi ក៏​ត្រូវ​បាន​ចាក់​ផ្សាយ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម។

ព្រះរាជសារ​របស់​ព្រះអង្គម្ចាស់ Reza Pahlavi មាន​ដូច​ថា៖ «សាធារណរដ្ឋ​ឥស្លាម បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ​ដែល​កំពុង​ដួល​រលំ។ អ្វី​ដែល​បាន​ចាប់ផ្តើម គឺ​មិន​អាច​ត្រឡប់​វិញ​បាន​ទេ។ អនាគត គឺ​ភ្លឺស្វាង ហើយ​យើង​រួម​គ្នា​បង្វែរ​ទំព័រ​ប្រវត្តិសាស្ត្រ​ឡើងវិញ។ ឥឡូវ​នេះ គឺជា​ពេលវេលា​ដើម្បី​ក្រោកឈរ​ឡើង។ ជា​ពេលវេលា​ដើម្បី​ដណ្តើម​យក​ប្រទេស​អ៊ីរ៉ង់ មក​វិញ។ សូម​ឱ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នក​ឆាប់ៗ​នេះ​ទៅ។»

តាម​ក្រុម​អ្នក​នយោបាយ​អ៊ីរ៉ង់ ប្រឆាំង​របប Ayatollah Ali Khamenei ដែល​និរទេស​ខ្លួន ពួកគេ​កំពុង​ចងក្រង​រចនាសម្ព័ន្ធ​ក្រុម​គណៈ​ដឹកនាំ​មួយ​ក្រុម​ធំ ដើម្បី​រង់ចាំ​ចូល​ទៅ​ប្រទេស​អ៊ីរ៉ង់ វិញ ក្រោយពី​របប អាយ៉ាងតូឡាអាលី ខាមមេណី នឹង​ត្រូវ​បាន​វាយ​ឱ្យ​ដួល​រលំ​ដោយ​កងកម្លាំង​អ៊ីស្រាអែល។

ខណៈ​នេះ ព្រះអង្គម្ចាស់ Reza Pahlavi មិនមែន​ត្រឹមតែ​ជា​រាជទាយាទ​និរទេស​ខ្លួន​នោះ​ទេ ព្រះអង្គ​កំពុង​ក្លាយ​ជា​និមិត្តរូប​នៃ​ការ​បង្រួបបង្រួម​កម្លាំង​តស៊ូ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ហើយ​ត្រៀម​ទៅ​ជំនួស​រដ្ឋាភិបាល​របប Ayatollah Ali Khamenei ដែល​មាន​អាយុ ៤៦​ឆ្នាំ​មក​ហើយ​នេះ។

តើ Reza Pahlavi ជា​នរណា?

ព្រះអង្គម្ចាស់ Reza Pahlavi ប្រសូត​នៅ​ទីក្រុង Tehran នៅ​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​១៩៦០។ Reza Pahlavi គឺជា​បុត្រា​របស់​មហាក្សត្រ Shah Mohammad Reza Pahlavi នៃ​រាជាណាចក្រ​អ៊ីរ៉ង់ ដែល​ត្រូវ​បាន​ផ្តួល​រំលំ​ក្នុង​កណ្ដាប់ដៃ​របស់​ក្រុម​កម្លាំង​បដិវត្តន៍​ឥស្លាម នៅ​ក្នុង​ឆ្នាំ​១៩៧៩ ដែល​ក្រុម​នេះ​ដឹកនាំ​ក្រុម​លោក Ayatollah Ruhollah Khomeini ជា​ចៅហ្វាយ​របស់ Ayatollah Ali Khamenei។

ក្រុម​បដិវត្តន៍​ឥស្លាម បាន​បង្កើត​សាធារណរដ្ឋ​អ៊ីស្លាម តាំងពី​ឆ្នាំ​១៩៧៩ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ឆ្នាំ​១៩៧៨ នៅ​អាយុ ១៧​ឆ្នាំ ព្រះអង្គ​បាន​ចាកចេញ​ពី​ប្រទេស​អ៊ីរ៉ង់ ទៅ​ហ្វឹកហាត់​បើក​យន្តហោះ​ចម្បាំង​នៅ​ក្នុង​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស នៅ​រដ្ឋ​តិចសាស់ សហរដ្ឋ​អាមេរិក តែ​ពេល​នោះ ព្រះអង្គម្ចាស់ Reza Pahlavi យាង​ចេញពី​ប្រទេស​អ៊ីរ៉ង់ ក្នុង​អំឡុង​នៃ​ការ​ផ្ទុះ​ចលនា​បដិវត្តន៍​ឥស្លាម​ប្រឆាំង​នឹង​របប​បិតា​ព្រះអង្គ។

ព្រះអង្គម្ចាស់ Reza Pahlavi ត្រូវ​គេ​មើល​ឃើញ​ថា ព្រះអង្គ​តំណាង​ឲ្យ​រាជាធិបតេយ្យ ទោះបីជា​ព្រះអង្គ​មិន​មាន​បន្ទូល​ថា​ទ្រង់​ចង់​ត្រឡប់​ជា​ស្តេច​ក៏ដោយ តែ​ព្រះអង្គ​គឺជា​ឥស្សរជន​នយោបាយ​អ៊ីរ៉ង់​ម្នាក់​ដែល​បាន​ប្រឆាំង​នឹង​សាធារណរដ្ឋ​ឥស្លាម ដើម្បី​លទ្ធិប្រជាធិបតេយ្យ។ ព្រះអង្គម្ចាស់ Reza Pahlavi មាន​ការ​គាំទ្រ​ច្រើន​ក្នុង​មជ្ឈដ្ឋាន​គណបក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក។

មក​ទល់​ពេលនេះ ការ​ទម្លាក់​គ្រាប់បែក​ពី​កងទ័ព​អ៊ីស្រាអែល និង​ការ​បាញ់​ផ្លោង​មីស៊ីល​ពី​កងទ័ព​អ៊ីរ៉ង់ នៅតែ​បន្ត​បាញ់​ដាក់​គ្នា។ ប្រភព​ព័ត៌មាន​អាមេរិកាំង​មួយ​ចំនួន​ឯ​ទៀត ផ្សាយ​ថា រដ្ឋការ​អ៊ីស្រាអែល សង្ឃឹម​ថា​សហរដ្ឋ​អាមេរិក នឹង​ចូលរួម​ដៃ​វាយប្រហារ​ជាមួយ​អ៊ីស្រាអែល ខណៈ​ដែល​ក្រុង​វ៉ាស៊ីនតុន បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ទៅ​កាន់​មជ្ឈិមបូព៌ា ប៉ុន្តែ​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ថា លោក​នឹង​ប្រកាស​ឲ្យ​ដឹង​អំពី​សេចក្តី​សម្រេច​ចិត្ត​របស់​លោក​ក្នុង​រយៈ ២​សប្តាហ៍​ទៀត។ លោក ត្រាំ ធ្លាប់​បាន​បង្ហាញ​ជំហរ​អំពី​បញ្ហា​មជ្ឈិមបូព៌ា ដោយ​មិន​ចង់​ឃើញ​អ៊ីស្រាអែល វាយប្រហារ​ប្រទេស​អ៊ីរ៉ង់ ទេ គឺ​ចង់​ទុក​ឱកាស​ចរចា​គ្នា​តាម​ផ្លូវ​ទូត។ ចំណែកឯ​ខែល​ការពារ​កាំជ្រួច​បាញ់​ពី​អ៊ីរ៉ង់ តាម​សេចក្តី​រាយការណ៍​ក្នុង​បណ្ដាញ​ទូរទស្សន៍ NBC ថា​ហាក់ដូចជា​ធ្លាក់​ប្រសិទ្ធភាព​ចាប់​ស្ទាក់​កម្ទេច​មុន​ធ្លាក់ ហើយ​ថា​ត្រូវការ​ឲ្យ​សហរដ្ឋ​អាមេរិក​ផ្គត់ផ្គង់​គ្រឿងបន្លាស់។

លោក ត្រាំ ជា​បេក្ខជន​ប្រធានាធិបតី​ដែល​ថ្កោលទោស​គោលនយោបាយ​ប្រធានាធិបតី George W. Bush ធ្វើ​សង្គ្រាម​វាយប្រហារ​ឈ្លានពាន​ប្រទេស​អ៊ីរ៉ាក់ ចំណាយ​ថវិកា ៣​ម៉ឺន​លាន​ដុល្លារ។ ពលរដ្ឋ​អ៊ីរ៉ាក់ ស្លាប់ ទាំង​ទាហាន ទាំង​ស៊ីវិល​ចំនួន​ជាង​កន្លះ​លាន​នាក់ រីឯ​ខាង​កម្លាំង​អាមេរិកាំង ទាំង​ស៊ីវិល ទាំង​ទាហាន ស្លាប់​និង​របួស​ជិត ៤​ម៉ឺន​នាក់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស