ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិក ដោយចាប់ផ្ដើមដំបូង លោកថ្លែងអំពីជ័យជម្នះមហាអស្ចារ្យនៅក្នុងសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់។
លោក ត្រាំ បានបញ្ជាក់ថា ក្នុងរយៈពេល ៤សប្ដាហ៍មកនេះ កងកម្លាំងរបស់សហរដ្ឋអាមេរិក បានទទួលជ័យជម្នះយ៉ាងពិតប្រាកដ និងមហាអស្ចារ្យនៅលើសមរភូមិ ជាជ័យជម្នះមួយដែលមនុស្សមួយចំនួនមិនធ្លាប់បានឃើញពីមុនមក។
លោក ត្រាំ បន្ថែមថា កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់អ៊ីរ៉ង់ ត្រូវបានបំផ្លាញ រីឯមេដឹកនាំរបស់អ៊ីរ៉ង់ជាច្រើននាក់ត្រូវបានសម្លាប់ ហើយទីបញ្ជាការ និងការគ្រប់គ្រងរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កំពុងត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
បើតាមលោក ត្រាំ សមត្ថភាពបាញ់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។
ជាមួយនឹងការថ្លែងដូចនេះ លោក ត្រាំ នៅតែបន្តគំរាមថា សហរដ្ឋអាមេរិកនឹងវាយប្រហារយ៉ាងខ្លាំងក្លាបំផុតទៅលើអ៊ីរ៉ង់ ក្នុងពេល ២ ទៅ ៣សប្ដាហ៍ខាងមុខ គឺវាយប្រហារឱ្យអ៊ីរ៉ង់ អស់គ្មានសល់អ្វីទេ។
លោក ត្រាំ ព្រមានដូចនេះថា «យើងនឹងវាយអ៊ីរ៉ង់ ឱ្យខ្លាំងក្លាបំផុតក្នុងពេល ២ ទៅ ៣សប្ដាហ៍ខាងមុខ គឺយើងវាយរហូតធ្វើឱ្យពួកគេវិលត្រឡប់ទៅរកសម័យយុគថ្មវិញ។»
លោក ត្រាំ អះអាងថា គោលដៅស្នូលនៃយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងសង្គ្រាមអ៊ីរ៉ង់ ជិតសម្រេចបានទាំងស្រុងហើយ។
កាលពីថ្ងៃអង្គារ ទី៣១ ខែមីនា លោក ត្រាំ និយាយថា សហរដ្ឋអាមេរិកអាចនឹងបិទបញ្ចប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងពេល ២ ទៅ ៣សប្ដាហ៍ខាងមុខ ព្រោះអាមេរិកបានសម្រេចគោលដៅអស់ហើយ។
លោក ត្រាំ បានប្រកាសកាលពីថ្ងៃពុធ ថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ បានស្នើសុំសហរដ្ឋអាមេរិក ដើម្បីឱ្យមានការប្រកាសបទឈប់បាញ់នៅក្នុងសង្គ្រាមនេះ។
តាមរយៈបណ្ដាញសង្គម Truth Social លោក ត្រាំ បានសរសេរថា «យើងនឹងពិចារណានៅពេលណាដែលច្រកសមុទ្រហ័រមូស (Hormuz) ត្រូវបានបើកឱ្យដំណើរការដោយសេរី និងគ្មានការរារាំង ប៉ុន្តែបើច្រកសមុទ្រនេះនៅតែត្រូវបានរារាំងនោះ យើងនឹងបន្តវាយកម្ទេចអ៊ីរ៉ង់ ឱ្យសាបសូន្យតែម្តង។»
ដោយប្រតិកម្មនឹងលោក ត្រាំ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសច្រានចោលការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាប្រទេសអ៊ីរ៉ង់ បានស្នើសុំសហរដ្ឋអាមេរិកឱ្យមានការប្រកាសបទឈប់បាញ់។
អ្នកនាំពាក្យអ៊ីរ៉ង់ បានហៅសេចក្តីថ្លែងការណ៍របស់លោក ត្រាំ គឺជារឿងមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។
ក្នុងគ្រាដែលសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ នៅតែបន្តផ្ទុះការវាយប្រហារដាក់គ្នាយ៉ាងក្តៅគគុក ភាគីទាំងពីរហាក់ដូចជាកំពុងធ្វើសង្គ្រាមចិត្តសាស្ត្រដាក់គ្នាទៅវិញទៅមក ខណៈលោក ត្រាំ នៅតែបន្តដាក់លក្ខខណ្ឌតឹងរ៉ឹងថា អាមេរិកនឹងមិនពិចារណាលើសំណើបទឈប់បាញ់ណាមួយឡើយ ដរាបណាអ៊ីរ៉ង់ មិនព្រមបើកច្រកសមុទ្រ Hormuz ឱ្យដំណើរការឡើងវិញ។
ភ្លាមៗក្រោយពីលោក ត្រាំ នៅតែសច្ចាវាយកម្ទេចអ៊ីរ៉ង់ តម្លៃប្រេងបានកើនឡើងជាង ៤% នាថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា នេះ។ ប្រេងឆៅប្រភេទ Brent មានតម្លៃប្រហែល ១០៦ដុល្លារក្នុងមួយបារ៉ែល គឺកើនឡើង ៤,៨% ខណៈប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ១,០៤ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៤,២%។
ការគំរាមកំហែងចំពោះចរាចរណ៍តាមច្រកសមុទ្រ Hormuz បានកើនឡើងនៅពេលដែលជម្លោះរាលដាលទូទាំងតំបន់មជ្ឈិមបូព៌ា ខណៈក្រសួងការពារជាតិនៃប្រទេសកាតារ បានឱ្យដឹងថា កប៉ាល់ដឹកប្រេងមួយគ្រឿងដែលជួលឱ្យក្រុមហ៊ុន Qatar Energy បានរងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ នៅក្នុងដែនទឹករបស់កាតារ។
ចំពេលដែលសង្គ្រាមបានរីករាលដាលទូទាំងតំបន់មជ្ឈិមបូព៌ា ដែលឈានទៅដល់ការបិទច្រកសមុទ្រ Hormuz ជាការដាក់សម្ពាធទៅលើសហរដ្ឋអាមេរិក និងទីផ្សារពិភពលោក នៅពេលនេះ ប្រទេសចិន និងប៉ាគីស្ថាន បានលេចមុខដោយជំរុញឱ្យមានការស្ដារសន្តិភាពតំបន់មជ្ឈិមបូព៌ាឡើងវិញ។
ទាំងចិន និងប៉ាគីស្ថាន ត្រូវបានគេដឹងថា បានបញ្ចេញសេចក្តីថ្លែងការណ៍រួមដោយបានបង្ហាញផែនទីចំនួន ៥ចំណុច ដើម្បីស្ដារសន្តិភាព និងស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា ដោយទាមទារឱ្យភាគីទាំងពីរ គឺអាមេរិក និងអ៊ីរ៉ង់ វិលទៅរកតុចរចា ហើយបង្ហាញភាពស្មោះត្រង់នឹងគ្នាដើម្បីសន្តិភាពមជ្ឈិមបូព៌ា៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

