27.1 C
Phnom Penh

កម្ពុជា-ជប៉ុន ព្រមព្រៀង​ធ្វើ​សមយុទ្ធ​រួម​គ្នា និង​ផ្លាស់ប្ដូរ​នាយ​ទាហាន​វ័យក្មេង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា និង​ជប៉ុន ព្រមព្រៀង​ធ្វើ​សមយុទ្ធ​រួម​គ្នា និង​ផ្លាស់ប្ដូរ​នាយ​ទាហាន​វ័យក្មេង ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា បាន​ឲ្យ​ដឹង​ថា លោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHITA YASUNORI) មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន នៅ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក។

ប្រភព​ដដែល​បាន​អះអាង​ថា លោក ម៉ៅ សុផាន់ និង​លោក ម៉ូរីស៊ីតា យ៉ាស៊ូណូរិ ពិភាក្សា​អំពី​ការងារ​កសាង​សាលា​បញ្ជូន​សារ និង​សាលា​គីមីសាស្ត្រ ចំណុះ​ឱ្យ​កងទ័ព​ជើងគោក។ កិច្ចការ​នេះ កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ឯកភាព​ជា​គោលការណ៍​ក្នុង​ការ​ជួយ​បណ្តុះបណ្តាល​យោធាចារ្យ ផ្តល់​នូវ​ខ្លឹមសារ​ហ្វឹកហ្វឺន និង​ឧបត្ថម្ភ​សម្ភារៈ​បច្ចេកទេស​នានា។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា មេបញ្ជាការ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​ពិនិត្យ​លទ្ធភាព​លើ​សកម្មភាព​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន ដូចជា ការ​រៀបចំ​សមយុទ្ធ​ទ្វេភាគី ក្រោម​ប្រធានបទ «ជំនួយ​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ ការ​លោត​ឆត្រយោង​មិត្តភាព និង​ការ​ផ្លាស់ប្ដូរ​នាយ​ទាហាន​វ័យក្មេង»។

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា-ជប៉ុន នឹង​បន្ថយ​ឥទ្ធិពល​របស់​ចិន នៅ​កម្ពុជា ហើយ​អាច​នាំ​ឱ្យ​មាន​តុល្យភាព​នៃ​ទំនាក់ទំនង​ការបរទេស។ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សេដ្ឋកិច្ច បច្ចេកវិទ្យា​ឌីជីថល និង​សន្តិសុខ ដែល​ផ្តល់​ឱ្យ​កម្ពុជា អាច​មាន​ឥទ្ធិពល​ក្នុង​ការ​ប្រកួតប្រជែង​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន។

មេដឹកនាំ​កម្ពុជា និង​ជប៉ុន បាន​ព្រមព្រៀង​គ្នា​ដំឡើង​ភាព​ជា​ដៃគូ​ទៅ​ជា «ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ» នៅ​ឆ្នាំ​២០២៣ នៅ​ពេល​ប្រារព្ធ​ខួប​លើក​ទី​៧០​ឆ្នាំ​នៃ​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។

ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​កម្ពុជា-ជប៉ុន បង្កើត​តាំងពី​ឆ្នាំ​១៩៥៣ និង​បាន​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ការ​រីកចម្រើន​ជា​លំដាប់​លើ​គ្រប់​វិស័យ។ ក្រសួង​ការពារ​ជាតិ​ជប៉ុន តែងតែ​ផ្ដល់​ជំនួយ​ជា​សម្ភារៈ និង​វគ្គ​ហ្វឹកហ្វឺន​ដល់​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស