32.1 C
Phnom Penh

នាយករដ្ឋមន្ត្រី​ខ្មែរ​អួត​ប្រាប់​វិនិយោគិន​ជប៉ុន​ពី​ផល​ចំណេញ​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា ព្រោះ​មាន​ការ​អនុគ្រោះ​ពន្ធ​ផ្សេងៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត អួត​ប្រាប់​វិនិយោគិន​ជប៉ុន ថា ការ​វិនិយោគ​នៅ​កម្ពុជា​អាច​ទាញ​យក​ប្រយោជន៍​ជាច្រើន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​នានា និង​ការ​អនុគ្រោះ​ពន្ធ​ផ្សេងៗ ក្រោម​បរិយាកាស​នយោបាយ​ប្រកប​ដោយ​ស្ថិរភាព​ជឿ​ទុកចិត្ត​បាន​សម្រាប់​ការ​វិនិយោគ​រយៈពេល​វែង។

លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​វេទិកា​អាជីវកម្ម​កម្ពុជា-ជប៉ុន ក្នុង​ទីក្រុង​តូក្យូ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៥ ថា ក្នុង​នាម​ជា​សមាជិក​អាស៊ាន ប្រទេស​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នានា​ជាច្រើន។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំងនោះ រួម​មាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​នឹង​ចិន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សាធារណរដ្ឋ​កូរ៉េ កិច្ចព្រមព្រៀង​ជាមួយ​អេមីរ៉ាតអារ៉ាប់រួម រួម​ទាំង​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ផង​ដែរ។ ជាង​នេះ​ទៀត កម្ពុជា​ក៏​ទទួល​បាន​ការ​អនុគ្រោះ​ក្រោម​ប្រព័ន្ធ MSN ប្រព័ន្ធ​អនុគ្រោះ​ទូទៅ GSP របស់​អាមេរិក និង​ប្រព័ន្ធ​អនុគ្រោះ EBA របស់​សហភាព​អឺរ៉ុប​ថែមទៀត។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា អ្នក​ចូល​មក​វិនិយោគ​នៅ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា មិន​ត្រឹមតែ​វិនិយោគ​តែ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ក៏​អាច​ចូល​ទៅ​កាន់​ទីផ្សារ​រាប់​លាន​នាក់​នៅ​អាស៊ាន បូក​រួម​ជាមួយ​នឹង RCEP ដែល​មាន​អូស្ត្រាលី ញូវហ្សេឡេន និង​បណ្ដា​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត។

លោក ហ៊ុន ម៉ាណែត ប្រាប់​អ្នក​រកស៊ី​ជប៉ុន អំពី​ផល​ចំណេញ​ពី​ការ​ដាក់​ទុន​រកស៊ី ពីព្រោះ​ប្រទេស​កម្ពុជា​ផ្តល់​ឱកាស​ល្អ​ជាច្រើន​ដូច​រៀបរាប់​មក​នេះ គឺ​ដូចជា​ថៅកែ​ក្រុមហ៊ុន​ជប៉ុន​នីមួយៗ​មិន​ដែល​ស្គាល់​ស្រុក​ខ្មែរ។ រដ្ឋការ​អាមេរិកាំង​ក្រោម​ប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) ដាក់​ពន្ធ​លើ​ផលិតផល ឬ​ទំនិញ​នាំចូល​ពី​ប្រទេស​កម្ពុជា ៤៩% ប៉ុន្តែ​សហរដ្ឋ​អាមេរិក ដាក់​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ជប៉ុន តែ ២៤% ប៉ុណ្ណោះ។ រីឯ EBA ពី​សហភាព​អឺរ៉ុប ក៏​គេ​កាត់ចេញ ២០% ដែរ។

ការ​សម្រេច​ក្នុង​ដីកា​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាមេរិក ក៏​មិន​ទាន់​ប្រែប្រួល​ដែរ ខណៈ​ដែល​ចៅក្រម​សាលា​ឧទ្ធរណ៍​ផ្តល់​ឱកាស​ឲ្យ​ភាគី​ទាំង​សងខាង គឺ​រវាង​រដ្ឋការ​លោក ដូណាល់ ត្រាំ ហូត​ពន្ធ និង​តុលាការ​កាត់​សេចក្តី​ថា​ជា​អំពើ​ខុស​ច្បាប់ ខុស​រដ្ឋធម្មនុញ្ញ​នោះ ដាក់​ពាក្យ​តវ៉ា​តាម​ផ្លូវច្បាប់​ក្នុង​តុលាការ​តទៅទៀត។ បើ​រដ្ឋការ​លោក ដូណាល់ ត្រាំ ចាញ់ តាម​ស្ថិតិ​ពី​នាយកដ្ឋាន​ពន្ធដារ​ថា​ក្រសួង​ហិរញ្ញវត្ថុ នឹង​ត្រូវ​សង​ម្ចាស់​ក្រុមហ៊ុន​ទំនិញ​វិញ​ប្រមាណ ១០​ពាន់​លាន​ដុល្លារ ចាប់ពី​ដើម​ខែ​មេសា មក។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៨ ឧសភា នេះ​ថា បញ្ហា​អំពើពុករលួយ បញ្ហា​ឆបោក និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ដែល​មជ្ឈដ្ឋាន​អន្តរជាតិ​បង្ហាញ​របាយការណ៍​ថា​កំពុង​កើត​មាន​នៅ​កម្ពុជា គឺជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​របស់​រដ្ឋាភិបាល។

លោក ឃុន ថារ៉ូ លើកឡើង​ថា ប្រទេស​ណា​ក៏​តែងតែ​មាន​បញ្ហា​ទាំងនេះ​ដែរ គ្រាន់តែ​មាន​តិច និង​ច្រើន​ប៉ុណ្ណោះ ហើយ​ថា​តើ​បញ្ហា​នេះ​កំពុង​ត្រូវ​បាន​អនុវត្ត​ដោយ​មនុស្ស​កម្រិត​ណា​ដែរ ដើម្បី​អាច​ផ្តល់​ទំនុកចិត្ត​សម្រាប់​ការ​វិនិយោគ​នានា​នៅ​កម្ពុជា​នោះ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បញ្ជាក់​ថា បើ​រដ្ឋាភិបាល​អាច​បោស​សម្អាត​បញ្ហា​ទាំងអស់​នេះ​ក្នុង​កម្រិត​សមស្រប​ណា​មួយ នោះ​ក៏​ជា​ជំហាន​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៅ​មុខ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​ដែរ ជាពិសេស​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​ការងារ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​ច្បាប់។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នកវិភាគ​លើកឡើង​ថា ក្រុម​អ្នក​វិនិយោគ​បរទេស​ពិបាក​នឹង​ទុកចិត្ត​ទៅ​បោះ​ទុន​រកស៊ី​នៅ​កម្ពុជា​ខ្លាំង​ណាស់ ដោយសារតែ​សព្វថ្ងៃ​នេះ ក្នុង​ក្រសែភ្នែក​អន្តរជាតិ គេ​រក​ឃើញ​ថា​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដូចជា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ជាដើម គឺជា​ភ្នាក់ងារ​កណ្តាល​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​រកស៊ី​ខុស​ច្បាប់​ទៅ​ហើយ​នោះ ខណៈ​លោក ហ៊ុន សែន ក៏​ត្រូវ​គេ​ចាត់ទុក​ជា​មេ​អាប់​លុយ​ខុស​ច្បាប់​កំពូល​លើ​មន្ត្រី​ទាំងនោះ​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត ដែល​ទៅ​និយាយ​ចំពោះ​វិនិយោគិន​ជប៉ុន ក្នុង​វេទិកា​រៀបចំ​ដោយ​ក្រុមហ៊ុន​សារព័ត៌មាន Nikkei Inc. នៅ​ក្រុង​តូក្យូ មិនមែន​ត្រឹមតែ​ស្វែងរក​អ្នក​បណ្ដាក់ទុន​រកស៊ី​ឲ្យ​ដាក់​ទុន​នៅ​ស្រុក​ខ្មែរ​នោះ​ទេ លោក​ក៏​ស្វែងរក​ជំនួយ​ទ្វេភាគី​ផ្សេងៗ​ដែរ​សម្រាប់​ចាយវាយ​ខាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល​ស្អាត។ មក​ទល់​ពេលនេះ រដ្ឋាភិបាល​ជប៉ុន បាន​ជួយ​ដល់​ស្រុក​ខ្មែរ ទាំង​ជំនួយ​ឥត​សំណង និង​បំណុល​ជា​មិត្ត​ចំនួន ៥៥០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

បំណុល​បរទេស​សរុប​មក​ទល់​ខែ​ឧសភា ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​ជំពាក់​បរទេស​ជាង ១២​ពាន់​លាន​ដុល្លារ ឬ​ស្មើ​នឹង ៦៤% នៃ​ផលទុន​ក្នុង​ស្រុក​សរុប។ តាម​សេចក្តី​រាយការណ៍​ក្នុង​ព្រឹត្តិបត្រ B2B នា​ខែ​ធ្នូ ឆ្នាំ​២០២៤ ម្ចាស់បំណុល​បរទេស​ធំៗ​លើ​ប្រទេស​កម្ពុជា មាន​ចិន ៤​ពាន់​លាន​ដុល្លារ; ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​ធនាគារ​ពិភពលោក (WB) ជិត ៤​ពាន់​លាន​ដុល្លារ; ជប៉ុន ១៣៥០​លាន​ដុល្លារ។ បំណុល​ទ្វេភាគី​ពី​ជប៉ុន ខ្ចី​តាមរយៈ​ក្លឹប​ប៉ារីស ចំនួន​ជិត ២៦៣​លាន​ដុល្លារ​ថែមទៀត; ពី​កូរ៉េខាងត្បូង ១២០​លាន​ដុល្លារ; បារាំង ជិត ២៨០​លាន​ដុល្លារ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស