ចាប់តាំងពីរបបរាជានិយមផ្ដាច់ការត្រូវបានបញ្ចប់នៅឆ្នាំ១៩៣២ រាជាណាចក្រថៃ មានរដ្ឋប្រហារដោយជោគជ័យចំនួន ១៣លើកបានសម្រេច ហើយ ៧លើកមិនបានសម្រេច។
ប្រទេសថៃ បានរងនូវភាពចលាចលនយោបាយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាហេតុធ្វើឱ្យអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ត្រូវបានព្យួរពីតួនាទីឋានៈជានាយករដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ ទី១ ខែកក្កដា ដោយតុលាការធម្មនុញ្ញរបស់រាជាណាចក្រថៃ។
តុលាការធម្មនុញ្ញបានទទួលញត្តិដែលស្នើដោយសមាជិកព្រឹទ្ធសភា ៣៦រូប។ ញត្តិរបស់សមាជិកព្រឹទ្ធសភា បានចោទអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ថាបានរំលោភលើបទដ្ឋានសីលធម៌ពាក់ព័ន្ធនឹងកិច្ចសន្ទនាតាមទូរសព្ទជាមួយលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ជុំវិញជម្លោះព្រំដែនដែលកំពុងបន្តរវាងកម្ពុជា-ថៃ។
ក្នុងស្ថានភាពនយោបាយដ៏ផុយស្រួយនៅទីក្រុងបាងកក ដែលបារម្ភពីការអាចផ្ទុះរដ្ឋប្រហារ ប្រមុខកងការពារជាតិរបស់រាជាណាចក្រថៃ បានច្រានចោលនូវការរំពឹងទុកអំពីលទ្ធភាពនៃការធ្វើរដ្ឋប្រហារយោធា ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា រាជាណាចក្រនេះកាលណាមានចលាចលនយោបាយ ស្របពេលដែលនាយករដ្ឋមន្ត្រីកាន់តែមានរឿងអាស្រូវ គឺលទ្ធភាពនៃការផ្ទុះរដ្ឋប្រហារអាចពិបាកជៀសផុតណាស់។
និយាយទៅ ចាប់តាំងពីរបបរាជានិយមផ្ដាច់ការត្រូវបានបញ្ចប់នៅឆ្នាំ១៩៣២ រាជាណាចក្រមួយនេះមានរដ្ឋប្រហារដោយជោគជ័យចំនួន ១៣លើកបានសម្រេច ហើយ ៧លើកទៀតមិនបានសម្រេច។ ចុងក្រោយបំផុតនៅក្នុងឆ្នាំ២០១៤ ជារដ្ឋប្រហារលើកទី២០ គឺជាព្រឹត្តិការណ៍ងើបឡើងកាន់អំណាចរបស់ពួកយោធា ដោយបានសម្រេចជោគជ័យក្នុងការផ្ដួលរដ្ឋាភិបាលរបស់បក្សនយោបាយភឿថៃ ដែលជាបក្សនយោបាយនៃគ្រួសារអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ជាឪពុករបស់អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់។
ការកាន់អំណាចរបស់បក្សភឿថៃ ត្រូវបានទាញទម្លាក់ក្នុងរលកនយោបាយនៅទីក្រុងបាងកក ដែលគេថាពួកអាវលឿងនិយមស្ដេចមាននិន្នាការនឹងពួកយោធា រុញឱ្យមានរដ្ឋប្រហារយោធាទម្លាក់លោក ថាក់ស៊ីន នៅឆ្នាំ២០០៦ និងរដ្ឋប្រហាររំលាយគណៈរដ្ឋមន្ត្រីរបស់ម្ដាយមីងអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ គឺអ្នកស្រី យីងឡាក់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ក្រោយតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកស្រី យីងឡាក់ ត្រូវបានតុលាការធម្មនុញ្ញដកហូតតំណែងជានាយករដ្ឋមន្ត្រីពីអ្នកស្រី។
តើគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលចម្រុះស្ដីទីក្រោមស្លាកគណបក្សភឿថៃ អាចដើរជាន់ដានព្រឹត្តិការណ៍ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ដែរឬទេ?
លោក Kevin Hewison សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ North Carolina សិក្សាពីភូមិសាស្ត្រនយោបាយនៅអាស៊ី និយាយថា មនុស្សជាច្រើននៅក្នុងប្រទេសថៃ កំពុងសម្លឹងទៅរករដ្ឋប្រហារយោធាម្ដងទៀត ប៉ុន្តែជាការពិត វាដូចជាពិបាកសន្និដ្ឋានណាស់ថាតើអាចមានរដ្ឋប្រហារដែរឬទេ?
លោកសាស្ត្រាចារ្យយល់ថា៖ «យោធាថៃ គឺជាផ្នែកនៃក្រុមចម្រុះដែលបានធ្វើឱ្យរដ្ឋាភិបាលបច្ចុប្បន្នមានអស្ថិរភាព ជាដើមចមមួយដែលពួកយោធាដូចជាកំពុងធ្វើការប្រឆាំងនឹងរដ្ឋាភិបាល ព្រោះតែអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ និយាយទៅកាន់លោក ហ៊ុន សែន ដោយខ្វះភាពជាមេដឹកនាំថៃ។»
ក្នុងកិច្ចសន្ទនារវាងលោក ហ៊ុន សែន បុរសខ្លាំងកម្ពុជា និងអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានបង្កឱ្យមានការខឹងសម្បារបស់ពលរដ្ឋទីក្រុងបាងកក ហើយនាំឱ្យគណបក្សសំខាន់មួយក្នុងជួររដ្ឋាភិបាលចម្រុះនឹងបក្សភឿថៃ បានដើរចេញពីគណៈរដ្ឋមន្ត្រីរបស់អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់។ បក្សដ៏សំខាន់នោះ ប្រកាសថា អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ចាប់ផ្ដើមវាយបន្ថោកកងទ័ពជាតិរបស់ខ្លួន ព្រោះចាត់ទុកកងទ័ពជាតិរបស់ខ្លួន គឺជាក្រុមប្រឆាំងនឹងរដ្ឋាភិបាលចម្រុះរបស់អ្នកស្រី។
លោក Thitinan Pongsudhirak សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Chulalongkorn ទីក្រុងបាងកក យល់ស្របថា ខណៈដែលមានការស្ទាក់ស្ទើរក្នុងការធ្វើរដ្ឋប្រហារមួយផ្សេងទៀត ជម្រើសនៅលើតុចរចា “នៅមិនទាន់រើចេញពីតុនៅឡើយទេ”។
លោកសាស្ត្រាចារ្យ Thitinan Pongsudhirak បានប្រាប់បណ្ដាញទូរទស្សន៍ CNA នៃប្រទេសសិង្ហបុរី ថា៖ «វាគួរឱ្យសោកស្តាយ និងខកចិត្តខ្លាំងណាស់ បើយើងជឿថារដ្ឋប្រហារអាចនឹងមិនមាននោះ ប៉ុន្តែក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ រាជាណាចក្រថៃ បានឆ្លងកាត់ការធ្វើរដ្ឋប្រហារយោធាជាបន្តបន្ទាប់ បើទោះជាប្រព័ន្ធតុលាការជួយបន្ថយវិបត្តិ ក៏ព្រឹត្តិការណ៍របស់ពួកយោធា ក៏រដ្ឋប្រហារនៅតែកើតមានដែរ ហើយជួនកាល នីតិវិធីរបស់តុលាការក៏ត្រូវបានគេមើលឃើញថាជាការត្រួសត្រាយឱ្យមានរដ្ឋប្រហារដែរ ជាមួយការតវ៉ាតាមដងផ្លូវ នៅតែបន្តដែលបាននាំឱ្យមានការផ្លាស់ប្ដូររដ្ឋាភិបាលមួយកើតឡើង ហើយច្រានចោលរដ្ឋាភិបាលលទ្ធិប្រជាធិបតេយ្យ។»
លោក Pongsudhirak កត់សម្គាល់ថា បន្ទាប់ពីរដ្ឋប្រហារយោធាចុងក្រោយកាលពីមួយទសវត្សរ៍មុន សេដ្ឋកិច្ចរបស់ប្រទេសនេះបានរងទុក្ខ ហើយប្រឈមមុខខ្លាំងនឹងការរិះគន់ពីសហគមន៍អន្តរជាតិ។
លោកបន្តថា ពួកយោធានឹងមានការស្ទាក់ស្ទើរក្នុងការធ្វើអន្តរាគមន៍ ប៉ុន្តែវាគ្រាន់តែជាការអូសបន្លាយពេលប៉ុណ្ណោះ ប្រសិនបើស្ថានការណ៍នៅទីក្រុងបាងកក ក្លាយជារឿងដែលមិនអាចគ្រប់គ្រងបាន។ ប្រសិនបើស្ថានភាពមិនអាចគ្រប់គ្រងបាន ពេលនោះនឹងនាំឲ្យមានការអំពាវនាវឱ្យកម្លាំងសន្តិសុខបំបែកហ្វូងបាតុករ។ ពេលនោះហើយដែលពួកយោធាយកលេសមកអន្តរាគមន៍។ ទាំងអន្តរាគមន៍ពីតុលាការ ករណីរំលាយគណបក្សកាន់អំណាច ឬអន្តរាគមន៍យោធាវាស្ថិតនៅលើវិថីដំណោះស្រាយឈានទៅដល់ការបញ្ចប់គណៈរដ្ឋមន្ត្រីរបស់បក្សនយោបាយដែលវិមានវិបត្តិ។
លោកសាស្ត្រាចារ្យ Kevin Hewison បានកត់សម្គាល់ថា ការរុះរើគណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ កាលពីថ្ងៃអង្គារ ទី១ ខែកក្កដា ដែលបានកើតឡើងមុនការព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក៏បានធ្វើឲ្យតំណែងរដ្ឋមន្ត្រីការពារជាតិនៅទំនេរផងដែរ។
លោកសាស្ត្រាចារ្យ Kevin Hewison បានប្រាប់ទូរទស្សន៍ CNA ថា៖ «ពួកយោធាមានឱកាសធ្វើចលនារបស់ពួកគេ ហើយពួកគេនឹងធ្វើបាន ប្រសិនបើមើលឃើញថាប្រទេសថៃ ធ្លាក់ក្នុងអស្ថិរភាពនយោបាយ ឬខ្វះគោលការណ៍ឯកភាពជាតិថៃ ក្នុងកិច្ចការនយោបាយ។ នៅក្នុងប្រទេសថៃ ដូចជាទម្លាប់ទៅហើយ អ្នកមិនអាចរាំងខ្ទប់ការធ្វើរដ្ឋប្រហារយោធាបាននោះទេ។»
លោកសាស្ត្រាចារ្យ Kevin Hewison ក៏បានចង្អុលបង្ហាញពីភាពស្រដៀងគ្នាមួយនៃការវិវត្តចុងក្រោយបង្អស់ដែលបានកើតឡើងនៅក្នុងប្រទេសថៃ ក្នុងឆ្នាំ២០០៦ និងឆ្នាំ២០១៤ ដែលមានរឿងស្រដៀងនឹងស្ថានភាពនាពេលនេះ ហើយទីបំផុត ពួកយោធាចាប់យកការធ្វើរដ្ឋប្រហារទម្លាក់ឪពុក និងម្តាយមីងរបស់អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ គឺទម្លាក់រដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ និងអ្នកស្រី យីងឡាក់។
មេដឹកនាំតវ៉ាជើងចាស់ មហាសេដ្ឋី Sondhi Limthongkul ដែលបានអំពាវនាវឱ្យមានការធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០០៦ គាត់បានចុះដើរតាមផ្លូវក្នុងទីក្រុងបាងកក កាលពីចុងសប្តាហ៍មុន ដោយចូលរួមជាមួយបាតុកររាប់ពាន់នាក់ ទាមទារឱ្យអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ លាលែងពីតំណែង។
លោក Sondhi Limthongkul បាននិយាយទៅកាន់ហ្វូងបាតុករនៅឯការប្រមូលផ្ដុំដ៏ធំមួយ។ លោកនិយាយថា «លោកនឹងមិនជំទាស់ទេ ប្រសិនបើពួកយោធាចូលអន្តរាគមន៍» ប៉ុន្តែលោកបានបន្ថែមថា កងទ័ពមិនគួរដឹកនាំរដ្ឋាភិបាលទៀតទេ។
ទោះយ៉ាងណា ទីប្រឹក្សានយោបាយ និងធុរកិច្ចដែលមានមូលដ្ឋាននៅទីក្រុងបាងកក លោក Jay Harriman និយាយថា រដ្ឋប្រហារគឺជា «លទ្ធផល probability» ដែលកំពុងទន្ទឹងរង់ចាំអ្វីនឹងកើតឡើង។
លោកនិយាយថា ពួកយោធាទំនងជានឹងរង់ចាំពេលណាដែលត្រូវហក់ចូលអន្តរាគមន៍ គឺព្រឹត្តិការណ៍នេះអាចនឹងធ្វើក្រោយដំណោះស្រាយរបស់តុលាការ និងសភា។ វាមានន័យថា លុះត្រាតែយន្តការទាំងនេះបរាជ័យមិនអាចមានការឯកភាពជាតិ និងកិច្ចការនយោបាយ វាជាផ្លូវក្រោយដែលពួកយោធាឈានជើងចូល និងកាន់កាប់ស្ថាប័នស៊ីវិល។
សម្រាប់អ្នកវិភាគ លោក Harriman យល់ថារបបរាជាណាចក្រថៃ នៅរស់រានមានជីវិតជានិច្ច ទោះជាមានរដ្ឋប្រហារយោធាផ្ទុះច្រើនជាងគេនៅអាស៊ីក៏ដោយ។
ទោះបីប្រទេសថៃ ដែលមានព្រឹត្តិការណ៍រដ្ឋប្រហារយោធាបានសម្រេចច្រើនលើកក៏ដោយ តែពួកយោធាថៃ មិនដែលទុកឱកាសឱ្យរបបផ្ដាច់ការកើតមាននៅលើរាជាណាចក្រថៃ បានដាច់ខាត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

