27.4 C
Phnom Penh

ក្រសួង​ព័ត៌មាន​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​បាន​ជាង ៣៦០០​ករណី​ក្នុង​ឆ្នាំ​២០២៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ព័ត៌មាន បាន​កត់សម្គាល់ ឬ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ចំនួន ៣៦២១ នៅ​ឆ្នាំ​២០២៤ កន្លង​ទៅ ដែល​ចំនួន​នេះ​កើន​ឡើង​ប្រមាណ ១៤% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០២៣។

ថ្លែង​ក្នុង​វេទិកា​កិច្ចប្រជុំ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​លើក​ទី​២០ (The 20th AMS 2025) ដែល​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប លោក នេត្រ ភក្ដ្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត ឬ AI កំពុង​ជ្រៀត​ចូល​យ៉ាង​ជ្រៅ​ក្នុង​វិស័យ​សារព័ត៌មាន ដែល​ធ្វើ​ឱ្យ​សាធារណជន​បែងចែក​មិន​ដាច់​មួយ​ណា​ជា​ព័ត៌មាន​ពិត មួយ​ណា​ជា​ព័ត៌មាន​ដែល​បង្កើត​ឡើង​ដោយ AI។

លោក នេត្រ ភក្ដ្រា លើកឡើង​ថា បច្ចុប្បន្ន ប្រព័ន្ធ​បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន ព័ត៌មាន​ក្លែងក្លាយ​នៅ​លើ​បណ្ដាញ​សង្គម​ក៏​កាន់តែ​ច្រើន​ផង​ដែរ។ លោក​ថា ក្នុង​ឆ្នាំ​២០២៤ កន្លង​ទៅ ព័ត៌មាន​ក្លែងក្លាយ​សរុប​ចំនួន ៣៦២១ ត្រូវ​បាន​កត់សម្គាល់ ឬ​ទប់ស្កាត់ ដែល​ចំនួន​នេះ​កើន​ឡើង​ប្រមាណ ១៤% បើ​ធៀប​នឹង​ឆ្នាំ​២០២៣។

លោក​ថា ព័ត៌មាន​ក្លែងក្លាយ​ដែល​ក្រសួង​បាន​ក្តាប់​ជាប់​ទាំងនោះ ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ជាតិ សង្គម ទេសចរណ៍ នយោបាយ និង​ការងារ​ផ្សេងៗ​ដែល​មាន​ភាព​រសើប។ លោក​បន្ត​ថា កាលណា​មាន​ព័ត៌មាន​ក្លែងក្លាយ គឺ​ត្រូវតែ​ដាក់​ព័ត៌មាន​ពិត និង​បកស្រាយ​ព័ត៌មាន​ពិត​ឱ្យ​បាន​លឿន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា ព័ត៌មាន​ក្លែងក្លាយ​កំពុង​មាន​សន្ទុះ​ខ្លាំង​នៅ​អំឡុង​ពេល​ដែល​ពិភពលោក​កំពុង​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើប ដូចជា​បញ្ញា​សិប្បនិម្មិត (AI) បណ្ដាញ​ទំនាក់ទំនង​សង្គម ជាដើម។

លោក​ថា ព័ត៌មាន​ក្លែងក្លាយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បុគ្គល ឬ​ក្រុម​ដែល​ធ្វើ​សកម្មភាព​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ហេតុផល​នយោបាយ បំផ្លើស​បំភ្លៃ​សភាពការណ៍​ពិត ក្នុង​គោលដៅ​បង្កើត​ចលាចល​ធ្វើ​ឱ្យ​សង្គម​វឹកវរ​ជ្រួលច្របល់។

លោក ស៊ឹង សែនករុណា អះអាង​ថា ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កើត​ឡើង​ដោយ​អ្នក​នយោបាយ គឺ​មាន​គ្រោះថ្នាក់​បំផុត ជាពិសេស​នៅ​ពេល​ដែល​កម្ពុជា​កំពុង​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ នា​ពេល​បច្ចុប្បន្ន​នេះ។ លោក​ថា តួយ៉ាង​នៅ​ថ្ងៃទី​៨ មិថុនា កន្លង​ទៅ កម្ពុជា-ថៃ បាន​ព្រមព្រៀង​គ្នា​លើ​ការ​កែ​សម្រួល​កម្លាំង​ទ័ព​នៅ​ចំណុច​មុំ​បី តែ​សារព័ត៌មាន Khaosod របស់​ថៃ បាន​ផ្សាយ​ថា​កម្ពុជា ព្រមព្រៀង​ដក​ទ័ព​នៅ​ចំណុច​រសើប​នេះ​ទៅវិញ។

ក្រសួង​ព័ត៌មាន បាន​ឱ្យ​ដឹង​ថា ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៥ នេះ ក្រសួង​បាន​កត់ត្រា​ព័ត៌មាន​ក្លែងក្លាយ​សរុប​ចំនួន ១៧៥៧​ករណី។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ប្រមាណ ៣,២៩% បើ​គិត​ក្នុង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៤ តែ​កើន​ឡើង ១៥% ក្នុង​ឆ្នាំ​២០២៣៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស