សារព័ត៌មាន ASIA TIMES បានផ្សាយអត្ថបទមួយអំពីស្ថានភាពសារព័ត៌មាននៅប្រទេសកម្ពុជា សរសេរដោយអ្នកកាសែតមានពិសោធន៍រាប់សិបឆ្នាំនៅតំបន់អាស៊ី-អាគ្នេយ៍ កាលពីថ្ងៃទី២៥ ខែសីហា ថា បណ្ដាញសារព័ត៌មានឯករាជ្យក្នុងប្រទេសកម្ពុជា រងការប៉ះពាល់ខ្លាំងក្លាដោយសារធនធាន និងការភ័យខ្លាច ជាងការប្រើកម្មវិធីបច្ចេកវិទ្យាទំនើប ហៅថា artificial intelligence (AI) ដែលគេប្រែថា បញ្ញាសិប្បនិម្មិត។
អ្នកកាសែតបរទេសរកឃើញថា គ្រាន់តែសង្គ្រាមរយៈពេល ៥ថ្ងៃតាមព្រំដែនរវាងកងទ័ពខ្មែរ និងកងទ័ពថៃ គេឃើញព័ត៌មានប្រតិដ្ឋតាម AI រាប់មិនអស់ គ្រប់រូបភាព ឃើញមានតាំងពីរូបតុក្កតាបញ្ចូលសំឡេង ច្នៃប្រភពព័ត៌មាន ដាក់សំឡេង ម្តងនិយាយអង់គ្លេសតាមសៀងអាមេរិកាំង ម្តងដូរទៅសៀងបែបចក្រភពអង់គ្លេស រហូតដល់រូបភាពប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ផ្សំគ្រឿងបុកល្ហុង បន្ទាប់ពីជួយបញ្ចប់ការបាញ់ដាក់គ្នារវាងខ្មែរ និងថៃ។
អង្គការអ្នកកាសែតឥតព្រំដែន (Reporters Without Borders = RSF = Reporters Sans Frontières) ចេញសេចក្តីរាយការណ៍ស្រាវជ្រាវកាលពីខែឧសភា ឆ្នាំ២០២៥ អំពីសន្ទស្សន៍សេរីភាពសារព័ត៌មាន ដោយទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ១០ខ្ទង់ ពី ១៥១ ទៅថ្នាក់ទី១៦១ ក្នុងចំណោមប្រទេសចំនួន១៨០។ គោលនយោបាយរឹតត្បិតសេរីភាពសារព័ត៌មានពីជំនាន់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអនុវត្តបន្តក្នុងសម័យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួបផ្សំនឹងការកាត់ជំនួយ ៧លានដុល្លារពីភ្នាក់ងារសហរដ្ឋអាមេរិកផ្នែកអភិវឌ្ឍន៍អន្តរជាតិ អ្នកកាសែតខ្មែរគ្មានជម្រើសសេរី មានតែបង្ខំខ្លួនសម្របតាមគោលនយោបាយរាជរដ្ឋាភិបាល។
អ្នកកាសែតបរទេសពីសាកលវិទ្យាល័យ Melbourne ប្រទេសអូស្ត្រាលី និយាយថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បុគ្គលិកភ្នាក់ងារផ្តល់ជំនួយបរទេសលែងមានជំនឿក្នុងការដាក់ទុនលើសារព័ត៌មានខ្មែរតទៅទៀតហើយ ពីព្រោះគេឃើញថាអ្នកកាសែតខ្មែរភាគច្រើនបម្រើនយោបាយរដ្ឋាភិបាល ហើយប្រឹងបន្ទរ បំពង ផ្គាប់ផ្គុនយកចិត្ត សរសើរលើកជើង បញ្ជោរបញ្ចើចបញ្ចើតាមតែរដ្ឋាភិបាលនិយាយ។
នៅឆ្នាំ២០២៤ ក្រសួងព័ត៌មាន អះអាងថា ៨០% នៃអ្នកកាសែតដាក់ពាក្យសុំបណ្ណអ្នកសារព័ត៌មាន។ គេរកឃើញថា នាយកដ្ឋានសារព័ត៌មាន និងទំនាក់ទំនងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រឹងអប់រំសិស្សត្រៀមយកសញ្ញាបត្រផ្នែកសារព័ត៌មាន ប៉ុន្តែនាយកសាលាពោលថា៖ «សិស្សរបស់លោកគ្មានចិត្តចង់យកអាជីពជាអ្នកកាសែតទេ។»
ទីបំផុត ពលរដ្ឋខ្វះព័ត៌មានពិត ធ្វើសេចក្តីសម្រេចលើអ្វី រឿងអ្វីមិនប្រាកដ ហើយស្តាប់ឮ មើលឃើញតែអ្វីមិនពិត ថាជាការពិតប៉ុណ្ណោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

