35.2 C
Phnom Penh

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យាករ​សាជាថ្មី​អំពី​កំណើន​សេដ្ឋកិច្ច​ជាតិ​កម្ពុជា ថា​នឹង​នៅ​ត្រឹម ៥% ក្នុង​ឆ្នាំ​២០២៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដើម​ខែ​កញ្ញា នេះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ព្យាករ​សាជាថ្មី​អំពី​កំណើន​សេដ្ឋកិច្ច​ជាតិ​ប្រទេស​កម្ពុជា ថា​នឹង​នៅ​ត្រឹម ៥% ក្នុង​ឆ្នាំ​២០២៥ នេះ គឺ​ចុះ​ពី​ប្រមាណ​ជាង ៦%។

ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​បាន​ផ្សាយ​ថា ការ​ដាក់​ទុន​ថ្មីៗ​នេះ​មាន​ចំនួន​ទឹកប្រាក់ ៧២០០​លាន​ដុល្លារ​លើ​គម្រោង​វិនិយោគទុន​ចំនួន ៤៩១​គម្រោង ដែល​អាច​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ចំនួន​ជាង ៣​សែន ៤​ម៉ឺន​នាក់។

តាម​ទីភ្នាក់ងារ​ព័ត៌មាន ស៊ីនហួ នៅ​ថ្ងៃទី​៤ ខែ​កញ្ញា នេះ វិនិយោគទុន​ពី​ប្រទេស​ចិន នៅតែ​មាន​កម្រិត​ខ្ពស់​ជាង​ពី​ប្រទេស​ដទៃ គឺ​ជិត ៥៣% នៃ​វិនិយោគទុន​សរុប។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី កាលពី​ថ្ងៃទី​២៩ ខែ​សីហា បាន​អនុម័ត​គម្រោង​ជំនួយ​ដល់​ប្រទេស​កម្ពុជា ចំនួន ៥០​លាន​ដុល្លារ ជា​ការ​ឲ្យ​ខ្ចី​តាម​ផែនការ​ឧបត្ថម្ភ​ជំនួយ​ជា​កញ្ចប់ មាន​ការ​ខ្ចីបុល​ផង ជំនួយ​ឥត​សំណង​ផង​សម្រាប់​ចាប់ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៨ ដើម្បី​កែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង រាប់​ទាំង​ការ​ប្រមូល​ពន្ធដារ​ផង​ដែរ។

ដំណាល​ពេល​គ្នា​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​សេចក្តី​រាយការណ៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៦ ខែ​សីហា ថា ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៥ រាជាណាចក្រ​កម្ពុជា ជំពាក់​បំណុល​សាធារណៈ​សរុប​ចំនួន​ជិត ១៣​ពាន់​លាន​ដុល្លារ ក្នុង​នោះ ៩៩% ជា​បំណុល​ក្រៅ​ប្រទេស។ ក្នុង​រយៈពេល​ដដែល រដ្ឋាភិបាល​បាន​សង​បំណុល​បរទេស​លើ​ប្រាក់​ដើម​ជាង ២១២​លាន​ដុល្លារ និង​ការប្រាក់​ជាង ៥៥​លាន​ដុល្លារ សង​បំណុល​ក្នុង​ស្រុក​លើ​ប្រាក់​ដើម​ជិត ២៧​លាន​ដុល្លារ និង​ការប្រាក់​ជាង ២​លាន​ដុល្លារ។

រដ្ឋាភិបាល​អះអាង​ថា បំណុល​ទាំងអស់​នេះ​អាច​គ្រប់គ្រង​បាន គ្មាន​ហានិភ័យ​ខ្ពស់​នោះ​ទេ។ ទោះជា​យ៉ាងណាក៏ដោយ ការ​ធ្វើ​មាតុភូមិ​និវត្តន៍​នៃ​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃឡង់ដ៍ ប្រមាណ ៥​សែន​នាក់ ក៏​បណ្តាល​ឲ្យ​បាត់បង់​ចំណូល​ដល់​រដ្ឋាភិបាល​មួយ​ផ្នែក​ដែរ ពី​ការ​ផ្ទេរ​ប្រាក់​ត្រឡប់​ទៅ​ស្រុក​ក្នុង​មួយ​ឆ្នាំៗ​ជាង ២​ពាន់​លាន​ដុល្លារ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស