នាយករដ្ឋមន្ត្រីនេប៉ាល់ លោក K P Sharma Oli សម្រេចចុះចេញពីតំណែងកាលពីថ្ងៃអង្គារ ខណៈប្រជាជនផ្ទុះបាតុកម្មភ្លូកទឹកភ្លូកដីប្រឆាំងនឹងលោកជាច្រើនថ្ងៃមកនេះ។
តាមការចុះផ្សាយរបស់សារព័ត៌មាន NDTV World នៃប្រទេសឥណ្ឌា បានចុះផ្សាយនៅថ្ងៃទី៨ កញ្ញា នេះថា ការចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីរបស់លោក Sharma Oli ក្រោយពីបាតុកររាប់ពាន់នាក់បានសម្រុកចូលការិយាល័យ និងភូមិគ្រឹះរបស់លោកនៅទីក្រុង Kathmandu។
ប្រជាជននេប៉ាល់រាប់ម៉ឺនសែននាក់ បានប្រមូលផ្ដុំគ្នាតាមដងផ្លូវ និងតំបន់នៃអគាររបស់រដ្ឋាភិបាល ទាមទារឱ្យលោក Sharma Oli ចុះចេញពីតំណែង ព្រោះតែមានជាប់អំពើពុករលួយកិបកេងថវិកាជាតិ ប៉ុន្តែការដែលលោក Sharma Oli លាលែងពីនាយករដ្ឋមន្ត្រី បន្ទាប់ពីបាតុករផ្ទុះកំហឹងយ៉ាងខ្លាំងសម្រុកដុតអគាររដ្ឋសភា ក្រោយពីបាតុករ ១៩ត្រូវបានសម្លាប់ដោយកម្លាំងសមត្ថកិច្ច។
តាមប្រភពព័ត៌មានដដែលនេះ បាតុកររាប់ម៉ឺននាក់ផ្ទុះកុបកម្ម ព្រោះតែទាមទារសងជីវិតមនុស្ស ១៩នាក់ និងប្រឆាំងរដ្ឋាភិបាលដែលបានបិទប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗចំនួន២៦។
នៅមុនលោក Sharma Oli ចុះចេញពីតំណែង លោកបានអំពាវនាវឱ្យមានការចរចាជាបន្ទាន់ជាមួយក្រុមដឹកនាំបាតុកម្ម ដើម្បីសម្រួលរកផ្លូវរួមគ្នាវិញ តែបាតុករប្រកាសច្រានចោល រហូតស្រែកឱ្យលោក Sharma Oli លាលែងពីតំណែង ហើយសងមកវិញនូវអាយុជីវិតមនុស្ស ១៩នាក់។ ចំណែកអ្នកត្រូវចាប់ខ្លួនរាប់រយនាក់ ត្រូវតែដោះលែង។ បាតុករបានស្រែកថា មិនទុកឱ្យមេដឹកនាំលួចជាតិនៅបន្តដឹកនាំប្រទេសទៀតឡើយ។
បើសារព័ត៌មាន NDTV World នៃប្រទេសឥណ្ឌា សូម្បីប្រធានាធិបតី Ram Chandra Poudel ក៏ជាគោលដៅនៃការទាមទារឱ្យចុះចេញពីតំណែងដែរ។
ប្រជាជននេប៉ាល់ ភាគច្រើនជាយុវជន បានធ្វើបាតុកម្មនៅថ្ងៃចន្ទ ទី៨ កញ្ញា ដើម្បីប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាលដែលបានបិទខ្ទប់បណ្ដាញសង្គមចំនួន ២៦ មានដូចជា Facebook, Youtube ជាដើម។
ថ្ងៃចន្ទ ទី៨ កញ្ញា និងចូលមកដល់ថ្ងៃអង្គារ ទី៩ កញ្ញា ការប្រឈមមុខដាក់គ្នាយ៉ាងហិង្សា បានកើតមាននៅទីក្រុង Kathmandu រវាងកងសមត្ថកិច្ច និងក្រុមបាតុករយុវជននេប៉ាល់ច្រើនពាន់នាក់។ សមត្ថកិច្ចនគរបាលនេប៉ាល់ បានប្រើគ្រាប់បែកផ្សែងបំបែកហ្វូងបាតុករ ដែលព្យាយាមសម្រុកចូលទៅក្នុងតំបន់ហាមឃាត់ក្បែរវិមានរដ្ឋសភា។
បាតុកម្មរបស់យុវជននេប៉ាល់ បានផ្ទុះឡើងបន្ទាប់ពីក្រសួងទូរគមនាគមន៍ និងបច្ចេកវិទ្យានេប៉ាល់ បានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ ទី៤ កញ្ញា បិទខ្ទប់លែងឲ្យដំណើរការបណ្ដាញសង្គមចំនួន ២៦ ក្នុងនោះមានដូចជា Facebook, Youtube, X និង Linkedin។ ការបិទបណ្ដាញសង្គមធំៗនេះ អាជ្ញាធរលើកហេតុផលថាបណ្ដាញសង្គមទាំងនេះ មិនបានចុះបញ្ជីឲ្យបានត្រឹមត្រូវទៅតាមកាលបរិច្ឆេទកំណត់។ ការតម្រូវនេះ វាគឺជាជាអនុវត្ត គោរពអនុលោមទៅតាមសាលក្រមរបស់តុលាការកំពូលនេប៉ាល់ កាលពីឆ្នាំ២០២៣។
យ៉ាងណាក៏ដោយ ប្រជាជននេប៉ាល់ និងយុវជន មិនធ្វើតាមនឹងការសម្រេចរបស់រដ្ឋាភិបាល ដោយបានចោទថា រដ្ឋាភិបាលកំពុងប្រើល្បិចបិទខ្ទប់សិទ្ធិសេរីភាពប្រជាជន។ មិនត្រឹមប៉ុណ្ណោះទេ បាតុករខ្លះបានអះអាងប្រាប់អ្នកកាសែតថា បាតុកម្មរបស់ពួកគេបានផ្ទុះឡើង មិនមែនត្រឹមតែដើម្បីប្រឆាំងនឹងការបិទខ្ទប់បណ្ដាញសង្គមប៉ុណ្ណោះទេ តែគឺដើម្បីប្រឆាំងនឹងអំពើពុករលួយនៅតាមស្ថាប័នរដ្ឋនេប៉ាល់ ព្រមទាំងប្រឆាំងការពង្រឹងអំណាចផ្ដាច់ការ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

