27 C
Phnom Penh

៤​ឆ្នាំ​ចុងក្រោយ មេដឹកនាំ​ប្រទេស​ចំនួន​បី​នៅ​អាស៊ី​ខាងត្បូង ត្រូវ​បាន​ក្រុម​បាតុករ​ទាញ​ទម្លាក់​ពី​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់ងារ​សារព័ត៌មាន AP បញ្ចេញ​សម្រង់​អត្ថបទ​មួយ​ដែល​បាន​រំឭក​អំពី​ការ​ផ្ទុះ​បាតុកម្ម​តវ៉ា​ពី​សំណាក់​ប្រជាជន​ដូចៗ​គ្នា​កើតឡើង​លើ​ប្រទេស​ចំនួន​៣ នៅ​អាស៊ី​ខាងត្បូង ដែល​ឈាន​ទៅ​រក​ការ​ផ្តួល​រំលំ​មេដឹកនាំ​ប្រទេស​ទាំង​បី​នោះ​ពី​អំណាច។

ប្រទេស​ទាំង​បី​ដែល​រង​នូវ​ការ​បក់​បោក​ដោយ​រលក​បាតុកម្ម​កំហឹង​ពី​ប្រជាជន​នេះ គឺ​ប្រទេស​ស្រីលង្កា បង់ក្លាដេស និង​ប្រទេស​នេប៉ាល់។ គេ​នៅ​ចាំ​បាន​ថា កាល​ឆ្នាំ​២០២២ ប្រទេស​ស្រីលង្កា ត្រូវ​បាន​រលក​កំហឹង​សាធារណៈ​បោកបក់​ដ៏​ខ្លាំង ដែល​នាំ​ឱ្យ​ប្រធានាធិបតី​ត្រូវ​ចុះ​ចេញពី​អំណាច។ ពីរ​ឆ្នាំ​ក្រោយ​មក បាតុកម្ម​ដូច​គ្នា​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​បង់ក្លាដេស ដែល​ក្រុម​បាតុករ​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​ខ្លួន។ ចំណែក​ក្នុង​ពេល​ថ្មីៗ​នេះ កំហឹង​មហាជន​ក៏​បាន​ឆក់​ឱកាស​កាន់តែ​ខ្លាំង​នៅ​ប្រទេស​នេប៉ាល់ ដោយ​បាន​បង្ខំ​ឱ្យ​នាយករដ្ឋមន្ត្រី​ត្រូវ​លាលែង​តំណែង​ត្រឹម​តែ​មួយ​ថ្ងៃ​នៃ​ការ​ផ្ទុះ​បាតុកម្ម​ពី​ក្រុម​យុវជន​វ័យក្មេង Gen Z។

ចលនា​តវ៉ា​ទាំងនេះ ជា​ញឹកញាប់​ចាប់ផ្តើម​ពី​ការ​តវ៉ា​ដែល​មាន​មូលហេតុ​ជាក់លាក់​មួយ ប៉ុន្តែ​ចុងក្រោយ វិវត្ត​ទៅ​ជា​ការ​ប្រឆាំង​ទម្លាក់​មេដឹកនាំ​ពី​អំណាច។

គេ​អាច​និយាយ​ថា​មាន​លក្ខណៈ​រួម​ដូច​គ្នា គឺ​ការ​មិន​ពេញចិត្ត​របស់​ប្រជាជន ការ​អាក់អន់​ចិត្ត​របស់​ប្រជាជន​ចំពោះ​មេដឹកនាំ​ទាំងនោះ​ជាច្រើន​ឆ្នាំ​មក​ហើយ ចំពោះ​ការ​ដឹកនាំ​បណ្ដោយ​ឱ្យ​នយោបាយ​ពុករលួយ​កើត​ជា​ប្រព័ន្ធ ហើយ​បង្កើន​វិសមភាព​សង្គម និង​ធ្វើ​ឱ្យ​ការ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ធនធាន​របស់​ប្រទេស​មាន​ភាព​មិន​ស្មើ​គ្នា​កាន់តែ​ខ្លាំង រហូត​ដល់​បែងចែក​វណ្ណៈ​ពណ៌​សម្បុរ​សង្គម​ទៀត​ផង។

ជារឿយៗ យុវជន​ជា​អ្នក​ដឹកនាំ​ចលនា​តវ៉ា ប៉ុន្តែ​បាតុកម្ម​ទាំងនេះ​បាន​បង្កើត​អំពើ​ហិង្សា​ដ៏​ខ្លាំង ហើយ​នៅ​ពេល​ខ្លះ​ក៏​បាតុករ​ឆក់​វាយ​ផ្ដួល​មេដឹកនាំ​ដែល​មិន​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ ដោយ​បណ្ដាល​ឱ្យ​មាន​ការ​ជិះជាន់​គាបសង្កត់​អ្នក​ទន់ខ្សោយ ហើយ​កែ​ច្បាប់​ទម្លាប់​ស្រេច​ចិត្ត​ខ្លួន​ទៅ​តាម​កាលៈទេសៈ​ដែល​ខ្លួន​ត្រូវ​ពង្រឹង​អំណាច។

សាស្ត្រាចារ្យ Paul Staniland អ្នក​ឯកទេស​អំពី​នយោបាយ​អាស៊ី​ខាងត្បូង​នៅ​សាកលវិទ្យាល័យ ឈីកាហ្គោ បាន​និយាយ​ថា ដោយសារតែ​ការ​យល់​ឃើញ​របស់​ប្រជាជន​ថា «ឥស្សរជន​កាន់​អំណាច​ខ្វះ​ប្រសិទ្ធភាព​ក្នុង​ការ​បោស​សម្អាត​អំពើពុករលួយ និង​អំពើ​អយុត្តិធម៌​សង្គម គឺជា​ការ​បំផ្លាញ​អនាគត​យុវជន»

ជាក់ស្ដែង កំហឹង​មហាជន​នៃ​ប្រជាជន​នេប៉ាល់ នៅ​ពេល​ថ្មីៗ​នេះ វា​បាន​បង្ហាញ​ច្បាស់​ណាស់​ថា ប្រជាជន​នេប៉ាល់ លែង​ត្រូវការ​ប្រព័ន្ធ​ដឹកនាំ​ពុករលួយ​ទៀត​ហើយ។

ការ​តវ៉ា​ដែល​ដឹកនាំ​ដោយ​យុវជន​នៅ​ប្រទេស​នេប៉ាល់ ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ ទី​៨ ខែ​កញ្ញា ដោយសារ​ពួកគេ​មិន​ពេញចិត្ត​នឹង​ការ​ដឹកនាំ​របស់​មេដឹកនាំ​របស់​ខ្លួន​ជាច្រើន​ឆ្នាំ​មក​ហើយ។ នៅ​ពេល​មេដឹកនាំ​ចេញ​បទបញ្ជា​បិទ​ការ​ប្រើប្រាស់​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​សំខាន់ៗ វា​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​យ៉ាង​ខ្លាំង ហើយ​គួបផ្សំ​នឹង​ការ​មើល​ឃើញ​ការ​ដឹកនាំ​កាន់តែ​អាក្រក់​ទៅៗ​ថែមទៀត​នោះ ប្រជាជន​ដែល​មាន​ការ​ខឹងសម្បា​ទៅ​លើ​ភាព​ហ៊ឺហា​របស់​កូន​មន្ត្រី​គ្រាក់ៗ​សំញែង​គ្រឿង​លម្អ​ជីវិត​ជា​រៀង​រាល់​ថ្ងៃ ជាមួយ​អត្រា​អត់​ការងារ​ធ្វើ​កាន់តែ​កើនឡើង និង​អំពើពុករលួយ​រីក​សុះសាយ​ពេញ​សង្គម គឺជា​ការ​រុញ​កំហឹង​ដែល​មាន​ស្រាប់ បាន​ទាញ​ឱ្យ​ពួកគេ​ប្រកូកប្រកាស​ប្រមូលផ្ដុំ​កម្លាំង​យ៉ាង​លឿន​ដូច​ទឹក​បាក់​ទំនប់ វាយលុក​ដុត​អគារ​សភា លំនៅឋាន​ប្រធានាធិបតី និង​លំនៅឋាន​មន្ត្រី​នយោបាយ​ជាច្រើន រហូត​ចាប់​អូស​ទាញ​មន្ត្រី​សម្លាប់​ទៀត​ផង។

ក្រោម​សម្ពាធ​ដ៏​ខ្លាំង​ពី​មហាជន ជាពិសេស​ក្រុម​យុទ្ធជន នាយករដ្ឋមន្ត្រី​នេប៉ាល់ លោក KP Sharma Oli បាន​ប្រកាស​លុបចោល​បទបញ្ជា​របស់​លោក​ដែល​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ប្រកាស​លាលែង​ពី​តំណែង។

តែ​បច្ចុប្បន្ន វា​នៅ​មិន​ច្បាស់​ថា រដ្ឋាភិបាល​ថ្មី​នឹង​មាន​ទម្រង់​ដូចម្តេច ហើយ​តើ​វា​នឹង​បន្ត​កែច្នៃ​ជាមួយ​វណ្ណៈ​នយោបាយ​ចាស់ ឬ​អត់។

នេះ​ជា​កត្តា​នាំ​ឱ្យ​មាន​ការ​បារម្ភ​ថា ការ​ចរចា​នយោបាយ​ដែល​តែងតែ​បន្ត​ជាមួយ​ក្រុម​ឥស្សរជន​ដដែលៗ នឹង​ក្លាយ​ជា​រឿង​ច្រំដែល ខណៈ​ប្រទេស​នេប៉ាល់ មាន​ប្រវត្តិ​នយោបាយ​មិន​ស្ថិតស្ថេរ​ជា​ញឹកញាប់ ដែល​គេ​មើល​ឃើញ​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ អ្នក​នយោបាយ​វ័យ​ចំណាស់​តែ​បី​នាក់​ប៉ុណ្ណោះ គឺ​លោក KP Sharma Oli, លោក Sher Bahadur Deuba និង​លោក Pushpa Kamal Dahal បាន​ដឹកនាំ​ប្រទេស​នេប៉ាល់ ដូច​ចែក​វេន​គ្នា​ដឹកនាំ ពោល​គឺ​បាន​ចែក​គ្នា​កាន់​អំណាច​រដ្ឋាភិបាល​ដល់ ១២​ដង​ក្នុង​រយៈពេល ១០​ឆ្នាំ។

Govinda Raj Pokharel អ្នក​នយោបាយ​ជាន់ខ្ពស់ និង​សមាជិក​សភា​បក្ស​ប្រឆាំង ទទួលស្គាល់​ថា ការ​តវ៉ា​ដ៏​ធំ​បំផុត​នេះ គឺ​កើត​ចេញពី​កំហឹង​បៀម​ទុក​យូរ​ហើយ បន្ទាប់ពី​ជាង​ពីរ​ទសវត្សរ៍​នៃ​ការ​ដឹកនាំ​បរាជ័យ​របស់​ក្រុម​បក្ស​នយោបាយ​ដែល​ផ្ដួល​រំលំ​របប​រាជា​និយម​នេប៉ាល់ នៅ​ឆ្នាំ​២០០៨។

ប្រទេស​នេះ​បាន​បោះបង់​របប​រាជា​និយម​នៅ​ឆ្នាំ​២០០៨ បន្ទាប់ពី​ការ​បះបោរ​ដ៏​ហិង្សា​ដែល​បាន​បង្ខំ​អតីត​ព្រះមហាក្សត្រ​ភៀស​ព្រះកាយ​ចេញពី​បរមរាជវាំង​ទៅ​នៅ​ជនបទ។

សាស្ត្រាចារ្យ Paul Staniland បាន​ពន្យល់​ថា អំពើ​ហិង្សា​ដែល​កើតមាន អាច​ធ្វើ​ឱ្យ​ការ​កំណត់​អ្នក​ទទួល​ខុសត្រូវ​កាន់តែ​ពិបាក និង​កាន់តែ​ព្រឺព្រួច​ចំពោះ​អនាគត​នយោបាយ​ប្រទេស​ជាតិ​សម្រាប់​យុវជន។

លោក Paul Staniland បាន​បន្ថែម​ថា សំណួរ​ធំ​បំផុត​ឥឡូវ​នេះ​សម្រាប់​ប្រទេស​នេប៉ាល់ គឺ​ថា​តើ​អាច​ស្ដារ​សណ្ដាប់ធ្នាប់​ឡើងវិញ និង​បង្កើត​របៀប​នយោបាយ​ថ្មី​ដែល​មាន​ស្ថិរភាព​បាន​ឬ​អត់។

ដូច​ដែល​បាន​ឃើញ​នៅ​ប្រទេស​ស្រីលង្កា និង​បង់ក្លាដេស ប្រជាជាតិ​នេប៉ាល់ កំពុង​ស្វែងរក​ចម្លើយ​អំពី​អនាគត​នយោបាយ និង​សង្គម​របស់​ខ្លួន ប៉ុន្តែ​ពួកគេ​មិន​អាច​យក​បទពិសោធ​របស់​ស្រីលង្កា និង​បង់ក្លាដេស ជា​គំរូ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បាន​ទេ។ មាន​ន័យ​ថា កង្វះ​ការ​ឯកភាព​គ្នា​លើ​ការ​ទាមទារ​កំណែ​ទម្រង់​ជា​មូលដ្ឋាន ដូចជា​ការ​បោះឆ្នោត​មិន​សេរី មិន​ត្រឹមត្រូវ មិន​តម្លាភាព យន្តការ​ប្រឆាំង​អំពើពុករលួយ និង​ផែនទី​បង្ហាញ​ផ្លូវ​មិន​ច្បាស់លាស់​សម្រាប់​អនាគត វា​អាច​នឹង​ប៉ះពាល់​ដល់​វឌ្ឍនភាព​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ទាំងនោះ ហើយ​បាន​ធ្វើ​ឲ្យ​បញ្ហា​ដែល​ពួកគេ​ប្រឈមមុខ​កាន់តែ​ធ្ងន់ធ្ងរ។

នៅ​ប្រទេស​បង់ក្លាដេស ការ​តវ៉ា​ដែល​ដឹកនាំ​ដោយ​និស្សិត បាន​ចាប់ផ្តើម​ដោយ​កំហឹង​ប្រឆាំង​នឹង​ច្បាប់​ដែល​កំណត់​ចំនួន​ការងារ​ស៊ីវិល​ដោយ​ផ្អែកលើ​គុណសម្បត្តិ​កូន​មន្ត្រី។ នៅ​បង់ក្លាដេស ការ​តវ៉ា​ដឹកនាំ​ដោយ​និស្សិត​ក្នុង​ខែ​កក្កដា ឆ្នាំ​មុន បាន​រីក​រាលដាល​ទៅ​ទូទាំង​ប្រទេស ហើយ​បាន​បណ្តេញ​នាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ចេញពី​តំណែង។ ការ​តវ៉ា​ហិង្សា​នេះ បណ្តាល​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់ ភាគច្រើន​គឺ​សិស្ស​និស្សិត។ បន្ទាប់​មក អ្នកស្រី Hasina បាន​ភៀស​ខ្លួន​ទៅ​ឥណ្ឌា ហើយ​រដ្ឋបាល​បណ្ដោះអាសន្ន​ត្រូវ​បាន​បង្កើត​ឡើង។

រដ្ឋាភិបាល​ថ្មី​បង់ក្លាដេស សន្យា​ថា​នឹង​ស្ដារ​សណ្ដាប់ធ្នាប់ និង​រៀបចំ​បោះឆ្នោត​ថ្មី ប៉ុន្តែ​បង់ក្លាដេស នៅតែ​ប្រឈមមុខ​នឹង​អស្ថិរភាព។ គណបក្ស​នយោបាយ​កំពុង​ឈ្លោះ​គ្នា​រឿង​កាលបរិច្ឆេទ​បោះឆ្នោត ហិង្សា​របស់​ហ្វូង​មនុស្ស ការ​វាយប្រហារ​ទៅ​លើ​គណបក្ស​កំពុង​កើនឡើង។

នៅ​ស្រីលង្កា វិញ នាយករដ្ឋមន្ត្រី លោក Ranil Wickremesinghe បាន​ចូល​កាន់​តំណែង​បន្ទាប់ពី​បាតុកម្ម​បង្ខំ​ឱ្យ​ត្រកូល Rajapaksa ដែល​ជា​ត្រកូល​នយោបាយ​ដ៏​មាន​ឥទ្ធិពល​នៅ​ស្រីលង្កា ឱ្យ​ចុះចេញ​ក្នុង​ឆ្នាំ​២០២២។ បន្ទាប់​មក ប្រទេស​នេះ​បាន​ផ្លាស់ប្ដូរ​អំណាច​តាម​ប្រជាធិបតេយ្យ ដោយ​ជ្រើសរើស​បាន​លោក Anura Kumara Dissanayake ជា​ប្រធានាធិបតី​ដែល​និយម​កែទម្រង់ តែ​ជា​មេដឹកនាំ​ប្រកាន់​ខ្សែទឹក​ផង​ដែរ។

ប្រធានាធិបតី​ស្រីលង្កា រូប​នេះ​បាន​សន្យា​ថា​នឹង​លើក​កម្ពស់​ជីវភាព​រស់នៅ បោស​សម្អាត​រឿងអាស្រូវ​ពុករលួយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ដោយ​ធ្វើ​ឱ្យ​អ្នក​នយោបាយ​ពុករលួយ​ត្រូវ​ទទួល​ខុសត្រូវ​ចុះ​ចេញពី​តំណែង ដោយ​មិន​ត្រូវ​រង់ចាំ​បាតុករ​សំពង​នោះ​ទេ។

ទោះបីជា​យ៉ាងណា ប្រជាជន​នៅ​ស្រីលង្កា ហាក់ដូចជា​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច ព្រួយបារម្ភ​សិទ្ធិមនុស្ស និង​បំណុល​បរទេស។

អ្នកជំនាញ​នយោបាយ Veeragathy Thanabalasingham បាន​លើកឡើង​ថា មិន​មាន​សញ្ញា​នៃ​ការ​ផ្លាស់ប្ដូរ​ដែល​អាច​ស្ដារ​ឱ្យ​ប្រទេស​មាន​ឧត្តមភាព​បាន​ភ្លាម​ទេ​នៅ​ស្រីលង្កា ព្រោះ​អស្ថិរភាព​កាន់តែ​រីក​រាលដាល​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​មួយ​នេះ។

នេះ​បង្ហាញ​ថា ទោះ​បាតុកម្ម​អាច​បណ្តេញ​មេដឹកនាំ​ពុករលួយ​ចេញពី​អំណាច​បាន ក៏​វា​មិន​ធានា​ថា​បញ្ហា​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​នឹង​ត្រូវ​ដោះស្រាយ​ដោយ​រលូន​បាន​ភ្លាម​នោះ​ទេ។

តាម​អ្នកជំនាញ​រូប​នេះ អ្វី​ដែល​សំខាន់ គឺ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ការ​ដឹកនាំ ដោយ​ត្រូវតែ​គិត​ខ្លាំង​មែនទែន​ចំពោះ​អនាគត​យុវជន​របស់​ខ្លួន ធ្វើ​យ៉ាងណា​ឱ្យ​ពួកគេ​មាន​ការងារ​ធ្វើ​ច្បាស់លាស់ កុំ​ធ្វើ​ឱ្យ​ពួកគេ​ក្លាយ​ជា​យុវជន​ចាំ​តែ​ដើរ​កំដរ​កូន​អ្នកមាន​អំណាច គឺ​ខូច​អនាគត​របស់​ខ្លួន។

អ្នកវិភាគ Paul Staniland សង្កត់​ថា ទោះបី​បាតុកម្ម​ភាគច្រើន​មិន​បាន​ផ្តល់​លទ្ធផល​ដ៏​ល្អ​ក៏ដោយ ប៉ុន្តែ​វា​បង្កើត​បាន​ជា «មូលដ្ឋាន» ឬ​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ដែល​មិន​ចាត់ទុក​ផល​ប្រយោជន៍​ជា​ធំ។

ចំពោះ​ករណី​ប្រទេស​នេប៉ាល់ និមិត្តរូប​នៃ​របៀប​នយោបាយ​ថ្មី​នៃ​អស្ថិរភាព​នៅ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង ដែល​ទាញ​មេដឹកនាំ​កំពុង​ផ្ដាច់ការ ឱ្យ​បារម្ភ​ពី​គ្រោះថ្នាក់​បាត់បង់​អំណាច និង​អាច​រលាយ​អនាគត​ដល់​កូន​ជំនាន់​ក្រោយ​របស់​ពួកគេ​ទៀត។

តែ​យ៉ាងណា ការ​បះបោរ​ដ៏​ពេញនិយម​នា​ពេល​ថ្មីៗ​នៅ​អាស៊ី​ខាងត្បូង ក៏​បាន​អង្រួន​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ ឱ្យ​គិត​ឡើងវិញ​អំពី​ការ​ជ្រុលជ្រួស​នៃ​ការ​ប្រើប្រាស់​អំណាច​ហួស​ព្រំដែន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស