29.3 C
Phnom Penh

ភរិយា​មេ​បក្ស​ប្រឆាំង​នៅ​រុស្ស៊ី លោក Alexei Navalny ចោទ​លោក ពូទីន សម្លាប់​ប្ដី​របស់​នាង​ដោយ​ថ្នាំ​បំពុល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភរិយា​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​រុស្ស៊ី លោក Alexei Navalny ដែល​ជា​គូប្រជែង​អំណាច​នឹង​លោក វ្ល៉ាឌីមៀ ពូទីន គឺ​អ្នកស្រី Yulia Navalnaya បាន​ប្រកាស​កាលពី​ថ្ងៃទី​១៧ កញ្ញា ថា តាម​មន្ទីរពិសោធន៍​អន្តរជាតិ​ចំនួន​ពីរ បាន​សន្និដ្ឋាន​ថា លោក Alexei Navalny មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​រុស្ស៊ី រូប​នេះ ត្រូវ​បាន​សម្លាប់​ដោយ​ការ​បំពុល។

នេះ​បើ​តាម​ការ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Kyiv Independent នៃ​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី​១៨ កញ្ញា ឆ្នាំ​២០២៥។

លោក Alexei Navalny ដែល​ជា​អ្នក​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​ស្លាប់​នៅ​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​ក្នុង​ពន្ធនាគារ​មួយ​នៅ​ទីក្រុង Kharp ស្ថិត​នៅ​តំបន់​អាកទិច ដែល​ជា​តំបន់​ដាច់ស្រយាល និង​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង។ នៅ​ទីនោះ គាត់​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​ទទួល​ទោស​រយៈពេល​យូរ។

អ្នកស្រី Yulia Navalnaya បាន​បន្ថែម​ថា ក្រុម​ការងារ​របស់​ប្តី​អ្នកស្រី​បាន​រក្សា និង​ដឹកជញ្ជូន​សំណាក​ជីវសាស្ត្រ​លោក Alexei Navalny ដោយ​យក​ទៅ​ពិសោធ​នៅ​បរទេស។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​វីដេអូ អ្នកស្រី Yulia Navalnaya បាន​បញ្ជាក់​ថា៖ «មន្ទីរពិសោធន៍​ដែល​មាន​ភាព​ឯករាជ្យ​យ៉ាងហោចណាស់​ចំនួន​ពីរ បាន​ធ្វើ​ការ​វិភាគ​សំណាក​ទាំងនេះ ហើយ​លទ្ធផល​បង្ហាញ​ច្បាស់​ថា លោក Alexei Navalny ត្រូវ​បាន​សម្លាប់​ដោយ​ការ​បំពុល។»

ស្ត្រី​មេម៉ាយ Yulia Navalnaya បាន​ចោទប្រកាន់​រដ្ឋាភិបាល​ប្រទេស​លោកខាងលិច ថា​បាន​បន្ថយ ឬ​បោះបង់​ការ​ស៊ើបអង្កេត​ចំពោះ​មរណភាព​ប្ដី​របស់​អ្នកស្រី។ អ្នកស្រី​បាន​អំពាវនាវ​ឲ្យ​មន្ទីរពិសោធន៍ ផ្សព្វផ្សាយ​លទ្ធផល​ការ​រក​ឃើញ​របស់​ពួកគេ។

អ្នកស្រី​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «ពលរដ្ឋ​រុស្ស៊ី ម្នាក់ ត្រូវ​បាន​សម្លាប់​នៅ​លើ​ទឹកដី​រុស្ស៊ី ដែល​ភស្តុតាង​ទាំងអស់​ក៏​មាន​ផង​ដែរ។ រឿង​នេះ ប្រទេស​លោកខាងលិច​មិន​មាន​ហេតុផល​ផ្លូវច្បាប់​ក្នុង​ការ​ផ្ដួចផ្ដើម និង​បន្ត​ដំណើរការ​នីតិវិធី​ព្រហ្មទណ្ឌ​នោះ​ទេ ហើយ​ហេតុផល​ពិតប្រាកដ​នៃ​ការ​ស្លាប់​នោះ គឺជា​ហេតុផល​នយោបាយ។»

អ្នកស្រី Navalnaya ក៏​បាន​បង្ហាញ​សក្ខីកម្ម​ពី​បុគ្គលិក​ប្រាំ​នាក់​នៅ​ក្នុង​ពន្ធនាគារ ស្ថិត​នៅ​ក្នុង​ទីក្រុង Kharp នៃ​តំបន់​អាកទិច ដែល​អ្នកស្រី​អះអាង​ថា​បាន​ជួយ​បង្កើត​ឡើងវិញ​នូវ​ព័ត៌មាន​លម្អិត​អំពី​របៀប​ដែល​ប្តី​អ្នកស្រី​ស្លាប់។

តាម​សេចក្តី​រាយការណ៍​ពី​អធិការ​ជាន់ខ្ពស់ Anton Nemtsov ក៏​បាន​ឱ្យ​ដឹង​ថា លោក Alexei Navalny បាន​ត្អូញត្អែរ​ពី​អារម្មណ៍​មិន​ស្រួល​ពេល​ដើរ ហើយ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​បន្ទប់​ឃុំឃាំង​វិញ។ បន្ទាប់​មក គាត់​ត្រូវ​បាន​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​សន្លប់ មុន​នឹង​ស្លាប់។ បន្ទាប់ពី​លោក Alexei Navalny បាន​ដួល​សន្លប់​ជាង ៤០​នាទី ទើប​ចាប់ផ្ដើម​សង្គ្រោះ។

បុគ្គលិក​ម្នាក់​ទៀត​ឈ្មោះ Ruslan Tsoi អនុប្រធាន​អង្គភាព​ពេទ្យ បាន​ផ្តល់​សក្ខីកម្ម​ថា រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា លោក Alexei Navalny មាន​រោគសញ្ញា​ប្រកាច់ និង​បាន​បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ។

ស្ត្រី​មេម៉ាយ Yulia Navalnaya បាន​លើកឡើង​ថា សញ្ញា​ប្រកាច់​នេះ​បង្ហាញ​ពី​ការ​ពុល។ នាង​ក៏​បាន​បង្ហាញ​រូបថត​កោសិកា​របស់​លោក Navalny ជាមួយ​នឹង​ស​សំណល់​ក្អួត និង​បាន​ចង្អុល​បង្ហាញ​ថា ទោះបីជា​មាន​កាមេរ៉ា​ឃ្លាំមើល​នៅ​ក្នុង​កន្លែង​ក៏ដោយ ក៏​មិន​មាន​វីដេអូ​ណា​មួយ​ត្រូវ​បាន​ចេញ​ផ្សាយ​ដែរ។

អ្នកស្រី Navalnaya បាន​និយាយ​ថា៖ «ជាក់ស្តែង មាន​អ្វី​មួយ​នៅ​ក្នុង​ការ​ថត​ទាំងនេះ ដែល​មិន​សម​នឹង​ការ​លាក់បាំង​នោះ​ទេ។ បើ​មិន​ដូច្នោះ​ទេ វា​នឹង​ត្រូវ​បាន​បង្ហាញ​ម្តង​ហើយ​ម្តង​ទៀត​ដោយ​ភាព​បើក​ចំហ និង​ប៉ុស្តិ៍​ទូរទស្សន៍។»

លោក Navalny ទទួល​បាន​ភាព​ល្បីល្បាញ​ពី​ការ​លាតត្រដាង​អំពើពុករលួយ​តាមរយៈ​មូលនិធិ​ប្រឆាំង​អំពើពុករលួយ​របស់​លោក។ លោក​បាន​ប្រឈមមុខ​នឹង​ការ​ចាប់​ខ្លួន ការ​ជាប់​ពន្ធនាគារ និង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ម្តង​ហើយ​ម្តង​ទៀត។

ការ​បំពុល​លោក Alexei Navalny ក្នុង​ឆ្នាំ​២០២០ ដោយ​ប្រើ​សារធាតុ​ពុល​ប្រឆាំង​សរសៃ​ប្រសាទ ដែល​ពេល​នោះ​បាន​បង្ក​កំហឹង​យ៉ាង​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ ដោយ​ទាញ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ពី​អង្គការ​អន្តរជាតិ។

បន្ទាប់ពី​មរណភាព​របស់​លោក Alexei Navalny ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បាន​និយាយ​ថា លោក​យល់ព្រម​ចំពោះ​ការ​ផ្លាស់ប្ដូរ​អ្នកទោស ភាគច្រើន​គឺជា​អ្នក​ស៊ើបការណ៍​រុស្ស៊ី ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ប្រទេស​លោកខាងលិច ប៉ុន្តែ​អកុសល​អ្វី​ដែល​បាន​កើតឡើង គឺ​បាន​កើតឡើង។ ចាប់តាំងពី​ទីក្រុង​មូស្គូ បាន​ចាប់ផ្តើម​យុទ្ធនាការ​សឹក​វាយ​លុកលុយ​យ៉ាង​ពេញលេញ​លើ​អ៊ុយក្រែន នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២ អាជ្ញាធរ​រុស្ស៊ី បាន​បង្កើន​ការ​បង្ក្រាប​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង។

លោក Alexei Navalny បាន​ស្រែក​ក្នុង​សវនាការ​នៅ​ពេល​ត្រូវ​បាន​នាំ​ខ្លួន​មក​ជំនុំជម្រះ​ក្ដី​នៅ​តុលាការ​មួយ​នៅ​ជាយក្រុង​មូស្គូ។ លោក​ស្រែក​រិះគន់​ថា សង្គ្រាម​របស់​លោក ពូទីន មិន​បាន​អ្វី​មក​វិញ​ទេ។ វា​នឹង​ធ្វើ​ឱ្យ​រុស្ស៊ី បាក់​មុខមាត់ និង​ចុះ​ខ្សោយ​ឥទិ្ធពល​នៅ​លើ​វេទិកា​អន្តរជាតិ។ លោក Alexei Navalny ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​រុស្ស៊ី ងើប​ឡើង​ប្រឆាំង​សង្គ្រាម​របស់​លោក ពូទីន។

ក្នុង​ពេល​ដែល​លោក Alexei Navalny នឹង​ត្រូវ​ឡើង​សវនាការ​ម្ដង​ទៀត ពេល​នោះ អាជ្ញាធរ​បាន​បញ្ជូន​លោក Alexei Navalny ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​មួយ​នៅ​តំបន់​អាកទិច ដែល​ជា​តំបន់​ត្រជាក់​ក្រោម​សូន្យ​ជា​រៀង​រាល់​ថ្ងៃ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស