រដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski ដែលតំណាងឱ្យរដ្ឋាភិបាលទាំងមូលនៃប្រទេសប៉ូឡូញ បានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រឆាំងនឹងការធ្វើដំណើរឆ្លងកាត់ដែនអាកាសប៉ូឡូញ ដោយសច្ចាថានឹងចាប់ខ្លួនបុរសខ្លាំងវិមានក្រឹមឡាំង រូបនេះ ទៅឱ្យតុលាការឧក្រិដ្ឋកម្មសង្គ្រាម ICC។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី The Moscow Times កាលពីថ្ងៃទី២១ តុលា។
លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មានផែនការជួបគ្នានៅទីក្រុង Budapest ប្រទេសហុងគ្រី បន្ទាប់ពីលោក ត្រាំ បាននិយាយថា លោក ពូទីន យល់ព្រមជួបលោកនៅទីក្រុង Budapest ដើម្បីសន្ទនាគ្នាជាថ្មីម្ដងទៀតអំពីសន្តិភាពសម្រាប់អ៊ុយក្រែន។
ការថ្លែងរបស់លោក ត្រាំ ដោយក្ដីសង្ឃឹមនេះ បន្ទាប់ពីលោកបានជួបលោក ពូទីន តាមទូរសព្ទកាលពីថ្ងៃទី១៦ ខែតុលា មុនលោកជួបលោកប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី ជាថ្មីម្ដងទៀតនៅសេតវិមានកាលពីថ្ងៃទី១៧ តុលា។
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ បញ្ជាក់ថា រដ្ឋាភិបាលប៉ូឡូញ អាចនឹងត្រូវបង្ខំឱ្យអនុវត្តដីកាចាប់ខ្លួនជាអន្តរជាតិ ប្រសិនបើលោក ពូទីន ធ្វើដំណើរឆ្លងកាត់ប្រទេសប៉ូឡូញ ទៅទីក្រុង Budapest ប្រទេសហុងគ្រី ទោះជាតាមយន្តហោះក៏ដោយ។
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski បានថ្លែងថា លោកមិនអាចធានាបានទេថា យន្តហោះដឹកលោក ពូទីន អាចមានសុវត្ថិភាពយ៉ាងណានោះទេ តែលោកព្រមានថា យន្តហោះចម្បាំងប៉ូឡូញ នឹងហោះគាបយន្តហោះដឹកលោក ពូទីន ទៅចុះចតនៅទីណាមួយ ហើយចាប់ខ្លួនលោក ពូទីន ភ្លាមៗបញ្ជូនទៅតុលាការឧក្រិដ្ឋកម្មសង្គ្រាម ICC នៅទីក្រុងឡាអេ ប្រទេសហុឡង់ដ៍។
ប្រទេសប៉ូឡូញ បានហៅការអញ្ជើញរបស់ប្រទេសហុងគ្រី ឱ្យលោក ពូទីន ជាន់ទឹកដីហុងគ្រី គឺជាការផ្គើននឹងស្មារតីរួមរបស់សហភាពអឺរ៉ុប ដែលចាត់ទុកលោក ពូទីន ជាឧក្រិដ្ឋជនប្រឆាំងមនុស្សជាតិ ហើយកំពុងស្ថិតនៅក្រោមដែនយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មសង្គ្រាម ICC។
លំហអាកាសប្រទេសប៉ូឡូញ ជាប់នឹងលំហអាកាសប្រទេសហុងគ្រី ហើយក៏ជាប់នឹងប្រទេសអ៊ុយក្រែន និងប្រទេសបេឡារុស្ស ជាប្រទេសសម្ពន្ធភាពនឹងលោក ពូទីន។
ប៉ុន្តែមុនយន្តហោះលោក ពូទីន ចុះចតនៅទីក្រុង Budapest ប្រទេសហុងគ្រី វាត្រូវឆ្លងកាត់លំហអាកាសរបស់ប្រទេសអឺរ៉ុបជាច្រើនទៀត ដែលអឺរ៉ុបបានប្រកាសបិទមិនឱ្យយន្តហោះរុស្ស៊ី ហោះឆ្លងកាត់ឡើយតាំងពីរុស្ស៊ី បង្កផ្ទុះសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក ពូទីន ពីបទចាប់ពង្រត់កុមារអ៊ុយក្រែន ដោយខុសច្បាប់ និងពីបទឧក្រិដ្ឋកម្មសង្គ្រាមទៅលើប្រជាជនអ៊ុយក្រែន។
តាមកាតព្វកិច្ច ដីកាអន្តរជាតិនេះតម្រូវឱ្យរដ្ឋជាសមាជិក ICC ទាំងអស់ ត្រូវចាប់ខ្លួនលោក ពូទីន ប្រសិនបើលោក ពូទីន ធ្វើដំណើរចូលក្នុងទឹកដីរបស់ពួកគេ។ សម្រាប់ប៉ូឡូញ សមាជិករបស់ ICC បានសន្យាបំពេញកាតព្វកិច្ចរបស់ ICC។
យ៉ាងណា កិច្ចប្រជុំកំពូល ត្រាំ-ពូទីន កំពុងត្រូវបានពន្យារពេល ក្រោយពេលរុស្ស៊ី ទាត់ចោលសំណើបទឈប់បាញ់ និងចំពេលបារម្ភថាលោក ពូទីន អាចមិនទៅទីក្រុង Budapest បន្ទាប់ពីប្រទេសប៉ូឡូញ និងប្រទេសខ្លះទៀត ពិចារណាបង្ហោះយន្តហោះចម្បាំងតាមដេញយន្តហោះដឹកលោក ពូទីន។
តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែតុលា កិច្ចប្រជុំកំពូលដែលត្រូវបានគ្រោងទុករវាងលោក ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានពន្យារពេល បន្ទាប់ពីទីក្រុងមូស្គូ បានច្រានចោលសំណើបទឈប់បាញ់បន្ទាន់មួយនៅសមរភូមិជួរមុខខាងក្នុងទឹកដីអ៊ុយក្រែន ដែលនាំឱ្យកិច្ចប្រឹងប្រែងស្ដារកិច្ចចរចាឡើងវិញរបស់លោក ដូណាល់ ត្រាំ ស្វែងរកដំណោះស្រាយបិទបញ្ចប់សង្គ្រាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន ស្ថិតលើកំណាត់ផ្លូវបរាជ័យ។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា មិនមានគម្រោងសម្រាប់លោកប្រធានាធិបតី ត្រាំ ជួបលោកប្រធានាធិបតី ពូទីន ក្នុងពេលខាងមុខនោះទេ ក្រោយពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងសមភាគីរុស្ស៊ី លោក Sergei Lavrov សម្រេចចិត្តលុបចោលជំនួបដោយផ្ទាល់ដែលត្រូវបានគ្រោងទុកថានឹងរៀបចំឡើងនៅទីក្រុង Budapest ប្រទេសហុងគ្រី នៅក្នុងសប្ដាហ៍នេះ។
ស្របពេលដែលប្រមុខការទូតអាមេរិក និងរុស្ស៊ី មិនបានជួបគ្នាតាមការគ្រោងទុកនៅលើទឹកដីប្រទេសហុងគ្រី ទីក្រុងមូស្គូ នៅតែបង្ហាញជំហរសុំដីពីអ៊ុយក្រែន នៅតំបន់ដុនបាស់ភាគខាងកើត ដែលទ័ពអ៊ុយក្រែន កំពុងវាយបកវិញ។
ទីក្រុងមូស្គូ ទាមទារឱ្យទីក្រុងគៀវ បោះបង់ចោលដីមួយដុំទំហំជាង ៥៣ពាន់គីឡូម៉ែត្រក្រឡាទៅឱ្យរុស្ស៊ី ទើបរុស្ស៊ី ព្រមបញ្ចប់សង្គ្រាម។ រុស្ស៊ី បានទទូចថា អ៊ុយក្រែន ត្រូវតែបោះបង់ចោលទឹកដីតំបន់មួយនេះ មុននឹងបទឈប់បាញ់ណាមួយចូលជាធរមាន។
យ៉ាងណា មេដឹកនាំប្រទេសណាមិនដឹងទេ តែសម្រាប់លោក ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន មិនដែលចាត់ទុកដំណោះស្រាយសន្តិភាពជាថ្នូរនឹងការកាត់ទឹកដីព្រំដែនរបស់ខ្លួនទៅឱ្យអ្នកឈ្លានពានម្ដងណានោះទេ ហើយសូម្បីពិចារណាថានឹងព្រមកាត់ទឹកដីឱ្យរុស្ស៊ី មិនមានសោះឡើយ។
បុរសរដ្ឋដ៏កំពូលនៃប្រជាជនអ៊ុយក្រែន ហ្សេឡេនស្គី នៅតែសច្ចាវាយដេញកងទ័ពរុស្ស៊ី ហើយទោះជាតំបន់ណាធ្លាក់ក្នុងដៃរបស់ទ័ពរុស្ស៊ី ក៏នៅតែទ័ពអ៊ុយក្រែន ព្យាយាមបាញ់ផ្លោងដាក់លើកងទ័ពរុស្ស៊ី រៀងរាល់ថ្ងៃ។
លោក ហ្សេឡេនស្គី បញ្ជាក់ហើយថា ទោះលោកមានតួនាទីជាប្រធានាធិបតី ក៏លោកគ្មានសិទ្ធិអ្វីដែរ ព្រោះរដ្ឋធម្មនុញ្ញអ៊ុយក្រែន ពុំមានមាត្រាណាមួយផ្ដល់សិទ្ធិឱ្យប្រធានាធិបតីធ្វើសេចក្ដីសម្រេចកាត់ទឹកដីដើម្បីសន្តិភាពនោះទេ។
លោក ហ្សេឡេនស្គី សច្ចាថាលោកមិនអាចជាន់ឈ្លីរដ្ឋធម្មនុញ្ញរបស់ខ្លួនធ្វើស្ពានលាងឈាមកងទ័ពអ៊ុយក្រែន ដូរនឹងសន្តិភាពឡើយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

