28 C
Phnom Penh

ប្រធានាធិបតី​បារាំង អំពាវនាវ​ឱ្យ​របប​សឹក​ភូមា ដោះលែង​អ្នកស្រី អ៊ុងសាន ស៊ូជី ខណៈ​យុទ្ធនាការ​បោះឆ្នោត​ចាប់ផ្ដើម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក Kim Aris កូនប្រុស​របស់​ជ័យលាភី​ណូបែល​សន្តិភាព អ្នកស្រី អ៊ុងសាន ស៊ូជី អាយុ ៨០​ឆ្នាំ បាន​បង្ហោះ​សារ​លិខិត​របស់​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ដែល​បាន​អំពាវនាវ​ទៅ​កាន់​របប​សឹក​ភូមា ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ​វ័យ ៨០​ឆ្នាំ​រូប​នេះ​ឱ្យ​មាន​សេរីភាព​ជាបន្ទាន់។

សារ​លិខិត​របស់​លោក Macron ដែល​បាន​ផ្ញើ​ទៅ​ឱ្យ​លោក Kim Aris កូនប្រុស​របស់​អ្នកស្រី ស៊ូជី ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន Myanmar Now កាលពី​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នេះ។

លិខិត​របស់​លោក Macron ក៏បាន​ថ្កោលទោស​របប​សឹក​ភូមា ព្រោះតែ​នៅ​បន្ត​ឃុំ​ខ្លួន​អ្នកទោស​នយោបាយ ក្នុង​នោះ​មាន​ទាំង​អ្នកស្រី ស៊ូជី ផង​ដែរ។

លោក Macron បាន​សរសេរ​ប្រាប់​ទៅ​លោក Kim Aris ថា៖ «ខ្ញុំ​ពិត​ជា​មាន​ការ​បារម្ភ​ខ្លាំង​ចំពោះ​សុខភាព​របស់​អ្នកស្រី ស៊ូជី ដែល​ចេះ​តែ​ចុះ​ខ្សោយ​ទៅ​នេះ ព្រោះតែ​ពុំ​មាន​ការ​ថែទាំ​សុខភាព​ដិតដល់​ជូន​អ្នកស្រី ស៊ូជី។ ការ​ឃុំ​ខ្លួន​ដ៏​អយុត្តិធម៌​នេះ សម្រាប់​ខ្ញុំ របប​សឹក​ភូមា ត្រូវតែ​បាន​ថ្កោលទោស។»

ប្រទេស​បារាំង រួម​នឹង​សហរដ្ឋ​អាមេរិក អង់គ្លេស សហភាព​អឺរ៉ុប កាណាដា អូស្ត្រាលី និង​ជប៉ុន ជារឿយ​បាន​រំឭក​ឡើងវិញ​ឱ្យ​របប​សឹក​ភូមា ដែល​បាន​ផ្ដួល​រំលំ​រដ្ឋាភិបាល​បក្ស​សម្ពន្ធ​ជាតិ​ប្រជាធិបតេយ្យ​របស់​អ្នកស្រី ស៊ូជី ក្នុង​រដ្ឋប្រហារ​កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ឱ្យ​ដោះលែង​អ្នកស្រី ស៊ូជី ដោយ​គ្មាន​លក្ខខណ្ឌ។

លោក Macron បាន​សរសេរ​ប្រាប់​ទៅ​លោក Kim Aris ថា ដោយសារតែ​រដ្ឋប្រហារ​របស់​ពួក​យោធា​នេះ​ហើយ វា​បាន​ទាញ​ឱ្យ​ប្រទេស​នៃ​សមាគម​អាស៊ីអាគ្នេយ៍​មួយ​នេះ​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នៅ​ពេលនេះ ដែល​បង្ក​ផលវិបាក​ដល់​ប្រទេស​ជិតខាង។

តាម​ប្រេសិត​ពិសេស​បារាំង​សម្រាប់​ប្រទេស​ភូមា Christian Lechervy បាន​និយាយ​ថា ជា​លើកដំបូង​ហើយ​ដែល​លោក​ប្រធានាធិបតី​បារាំង Macron បាន​បញ្ជាក់​ក្នុង​លិខិត​របស់​លោក​ឆ្លើយតប​នឹង​លិខិត​របស់​លោក Kim Aris ដែល​សរសេរ​លិខិត​ជូន​លោក Macron សុំ​ឱ្យ​បារាំង អន្តរាគមន៍​បង្ខំ​ឱ្យ​របប​សឹក​នៅ​ភូមា ដោះលែង​ម្ដាយ​របស់​ខ្លួន គឺ​អ្នកស្រី ស៊ូជី វ័យ ៨០​ឆ្នាំ​កំពុង​ជាប់​ឃុំ​ក្រោម​របប​រដ្ឋប្រហារ​មួយ​នេះ។

លិខិត​របស់​លោក Kim Aris បាន​ប្រាប់​លោក Macron ថា ម្ដាយ​របស់​គាត់ គឺ​អ្នកស្រី ស៊ូជី មិន​ត្រឹមតែ​គ្មាន​សេរីភាព​នោះ​ទេ គឺ​អ្នកស្រី​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​វ័យ​មនុស្ស​ចាស់​ត្រូវ​បាន​ជាប់​ឃុំ។ លិខិត​របស់​លោក Kim Aris ដែល​បញ្ជូន​ទៅ​លោក Macron ត្រូវ​គេ​មើល​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី​៤ វិច្ឆិកា។

លោក Kim Aris ក៏បាន​ទទូច​ទៅ​លោក Macron ជួយ​យ៉ាងណា​ឱ្យ​ប្រទេស​ភូមា មាន​សេរីភាព និង​សន្តិភាព​ឡើងវិញ។

តាម​លិខិត​របស់​លោក Kim Aris របប​សឹក​ភូមា កំពុង​គាបសង្កត់​ធ្ងន់ធ្ងរ​ណាស់​ទៅ​លើ​សេរីភាព​របស់​ប្រជាជន ហើយ​ថា​អ្នកទោស​នយោបាយ​នៅ​ភូមា ដូច​ម្ដាយ​របស់​គាត់​កំពុងតែ​រង​ទណ្ឌកម្ម​ក្នុង​រនាំង​ដែក​ដែល​គ្មាន​ថ្ងៃ​ដោះលែង​ឡើយ។ សម្រាប់​លោក Macron បាន​រំឭក​ថា លោក​នៅតែ​បន្ត​ឱ្យ​ដោះលែង​ជាបន្ទាន់ លោក​ប្រធានាធិបតី U Win Myint និង​អ្នកស្រី ស៊ូជី មុន​គេ ព្រោះ​ជា​អាទិភាព​នៃ​និមិត្តរូប​សេរីភាព​នៅ​ភូមា។

តាម​សមាគម​សម្រាប់​អ្នកទោស​នយោបាយ មនុស្ស​ប្រហែលជា ៣​ម៉ឺន​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ចាប់តាំងពី​រដ្ឋប្រហារ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២១ ហើយ ២២៦០០​នាក់​កំពុង​ជាប់​ឃុំ ក្នុង​នោះ ១១៣០០​នាក់​ត្រូវ​បាន​កាត់​ឱ្យ​មាន​ទោស ក្នុង​នោះ​មាន​អ្នកស្រី ស៊ូជី ម្នាក់​ដែរ​ដោយ​មាន​ទោស ២៧​ឆ្នាំ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ច្រើន​ករណី។

នៅ​ចុងបញ្ចប់​សេចក្ដី​នៃ​លិខិត​របស់​លោក លោក Macron បាន​បញ្ជាក់​ថា ប្រទេស​បារាំង នៅតែ​ឈរ​ជាមួយ​ប្រជាជន​ភូមា គាំទ្រ​បុព្វហេតុ​ដើម្បី​សេរីភាព ដោយ​កាត់បន្ថយ​ហិង្សា ហើយ​ឆ្ពោះ​ទៅ​រក​ផ្លូវ​សន្តិភាព​ជាមួយ​នឹង​មេដឹកនាំ​នយោបាយ​ទាំងអស់​ត្រូវ​បាន​ស្ដារ​សេរីភាព​ឡើងវិញ៕

ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​រូបថត​អ្នកស្រី អ៊ុងសាន ស៊ូជី
ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​រូបថត​អ្នកស្រី អ៊ុងសាន ស៊ូជី

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស