បារាំង សម្រេចបញ្ជាឱ្យកងនាវាផ្ទុកយន្តហោះ Charles de Gaulle ក្រោយពីបញ្ចប់បេសកកម្មនៃការដាក់ពង្រាយនៅសមុទ្រអាត្លង់ទិចខាងជើង និងសមុទ្របាល់ទិក ឱ្យប្ដូរទិសដៅឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេខាងកើតភ្លាមៗ ក្រោយពីអ៊ីរ៉ង់ បាញ់ដ្រូនចូលមូលដ្ឋានទ័ពបារាំង ក្នុងប្រទេសអារ៉ាប់រួម។
បើតាមការចុះផ្សាយរបស់វិទ្យុបារាំង France 24 កាលពីថ្ងៃទី៣ ខែមីនា ឱ្យដឹងថា វិធានការរបស់បារាំង ត្រូវបានមើលឃើញថាជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រដ៏ធំសម្បើម និងលឿនបំផុត ខណៈភាពតានតឹងសន្តិសុខនៅតំបន់មជ្ឈិមបូព៌ាកំពុងឡើងកម្ដៅខ្លាំង។
ការសម្រេចបញ្ជាឱ្យនាវាផ្ទុកយន្តហោះ Charles de Gaulle ផ្លាស់ប្ដូរទិសដៅនៃការដឹកជញ្ជូនទៅកៀកនឹងតំបន់មជ្ឈិមបូព៌ាវិញ កើតឡើងបន្ទាប់ពីមានការរាយការណ៍ថាយន្តហោះគ្មានមនុស្សបើកប្រភេទ Shahed របស់អ៊ីរ៉ង់ បានវាយប្រហារទៅលើមូលដ្ឋានទ័ពជើងទឹកបារាំង ឈ្មោះ Camp de la Paix ស្ថិតនៅទីក្រុង Abu Dhabi ក្នុងប្រទេសអារ៉ាប់រួម។
ទោះជាយ៉ាងណា មកដល់ពេលនេះមិនមានការបញ្ជាក់ផ្លូវការណាមួយអំពីផលវិបាក ឬការខូចខាតនៅឡើយទេ ក្រៅពីការបញ្ជាក់អំពីទីតាំងតាមទិន្នន័យភូមិសាស្ត្រពីប្រភពបើកចំហ ឬហៅកាត់ថា OSINT។
រហូតមកទល់ពេលនេះ ទាំងរដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលនៃប្រទេសអារ៉ាប់រួម មិនទាន់ធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះទេ ហើយមិនច្បាស់ថាតើបុគ្គលិក ឬសម្ភារៈយោធាបានរងការខូចខាតបែបណាពីការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់។
ចំពេលដែលមានការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យភាគីទាំងអស់បន្ថយភាពតានតឹង និងត្រឡប់ទៅរកដំណោះស្រាយតាមការទូត។ លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំនៅក្នុងទីក្រុងតេហេរ៉ង់ (Tehran) គ្មានជម្រើសក្រៅពីចូលរួមក្នុងការចរចាដោយស្មោះត្រង់អំពីការរំលាយកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ព្រមទាំងបញ្ឈប់សកម្មភាពដែលអាចបង្កអស្ថិរភាពក្នុងតំបន់នោះទេ។ តែយ៉ាងណា បារាំងក៏បានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនមិនបានចូលរួមក្នុងប្រតិបត្តិការអាមេរិក-អ៊ីស្រាអែល នោះទេ។
ការសម្រេចចិត្តនៃការបញ្ជូននាវាផ្ទុកយន្តហោះបារាំង ទៅកៀកនឹងតំបន់មជ្ឈិមបូព៌ានេះ ក៏កើតឡើងបន្ទាប់ពីសម័យប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិ ដែលត្រូវបានកោះប្រជុំដោយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅវិមានប្រធានាធិបតី Élysée។
ប្រភពពីរដ្ឋាភិបាលបារាំង បានបញ្ជាក់ថា គោលបំណងគឺដើម្បីពង្រឹងសមត្ថភាពការពារ និងធានាស្ថិរភាពក្នុងតំបន់ ព្រមទាំងការពារផលប្រយោជន៍ និងពលរដ្ឋបារាំង នៅបរទេស។
ប្រមុខការទូតបារាំង លោក Jean-Noël Barrot បញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉ារីស ត្រៀមខ្លួនជាស្រេចដើម្បីការពារទីតាំងមូលដ្ឋានរបស់បារាំង នៅតំបន់មជ្ឈិមបូព៌ា ពិសេសនៅអេមីរ៉ាត់អារ៉ាប់រួម និងហ្សកដានី។
ជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍មកថា អ៊ីរ៉ង់បានបើកការវាយប្រហារដោយបាញ់មីស៊ីលពីរគ្រាប់សំដៅទៅលើមូលដ្ឋានយោធាអង់គ្លេសក្នុងប្រទេស Cyprus ប៉ុន្តែមន្ត្រីអង់គ្លេស បានអះអាងថា មីស៊ីលទាំងនោះមិនបានកំណត់គោលដៅផ្ទាល់លើសម្ភារៈ ឬកងកម្លាំងរបស់ចក្រភពអង់គ្លេស ឡើយ។
ស្ថានការណ៍ទាំងនេះបង្ហាញពីការកើនឡើងនៃភាពតានតឹងយោធាក្នុងតំបន់ ខណៈដែលភាគីពាក់ព័ន្ធនៅតែប្រុងប្រយ័ត្នចំពោះការពង្រីកជម្លោះកាន់តែរីករាលដាល។ តែបែបនេះក្ដី អង់គ្លេសបានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងទៅដាក់ពង្រាយនៅមូលដ្ឋានទ័ពអាកាសរបស់ខ្លួននៅកាតារ។
ជាមួយគ្នានេះ រដ្ឋាភិបាលអង់គ្លេស ក៏បានយល់ព្រមឱ្យអាមេរិក ប្រើមូលដ្ឋានយោធាអង់គ្លេស នៅមជ្ឈិមបូព៌ា ដើម្បីវាយប្រហារអ៊ីរ៉ង់ ពីព្រោះអ៊ីរ៉ង់ មានចេតនាវាយប្រហារមូលដ្ឋានទ័ពអង់គ្លេសនៅកោះស៊ិប។
តាមដំណឹងចុងក្រោយមកថា នាយករដ្ឋមន្ត្រីអង់គ្លេស សម្រេចបញ្ជូនក្រុមនាវាចម្បាំងមួយក្រុមទៅដាក់ពង្រាយនៅតំបន់សមុទ្រមជ្ឈិមបូព៌ា។ ក្រុមនាវាចម្បាំងនេះដឹកនាំដោយនាវាចម្បាំង HMS Duncan។
មកដល់ថ្ងៃទី៤ មីនា គឺជាថ្ងៃទី៥ នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាដែលសហរដ្ឋអាមេរិក រួមគ្នានឹងអ៊ីស្រាអែល វាយប្រហារលើប្រទេសអ៊ីរ៉ង់។
សារព័ត៌មាន The Times of Israel បានចុះផ្សាយថា យ៉ាងហោចណាស់មានជាង ២០០០ទីតាំងនៅក្នុងទឹកដីអ៊ីរ៉ង់ សុទ្ធសឹងតែជាទីតាំងយុទ្ធសាស្ត្រយោធាអ៊ីរ៉ង់ ត្រូវបានកម្ទេច ក្នុងនោះមានទាំងទីតាំងស្តុកគ្រាប់មីស៊ីល ទីតាំងស្តុកដ្រូន ប្រព័ន្ធមីស៊ីល និងទីបញ្ជាការយោធានៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏ត្រូវបានកម្ទេចផងដែរដោយមីស៊ីល និងការទម្លាក់គ្រាប់បែកពីកងយន្តហោះចម្បាំងរបស់អាមេរិក និងកងយន្តហោះចម្បាំងអ៊ីស្រាអែល៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

