34.1 C
Phnom Penh

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ថា​កម្ពុជា​មាន​សក្ដានុពល​ខ្លាំង​នាំចេញ​ផលិតផល ប៉ុន្តែ​មាន​កត្តា​រារាំង​មួយ​ចំនួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លើកឡើង​ថា ប្រទេស​កម្ពុជា មាន​សក្ដានុពល​ខ្លាំង​សម្រាប់​ការ​នាំចេញ​ផលិតផល ប៉ុន្តែ​លក្ខខណ្ឌ​សម្រាប់​ការ​នាំចេញ​ជាច្រើន​ទៅ​កាន់​សហរដ្ឋ​អាមេរិក នៅតែ​ទាប​ជាង​ប្រទេស​វៀតណាម រាប់​ចាប់តាំងពី​ទំនុកចិត្ត​ក្នុង​ការ​បើក​រោងចក្រ​កែច្នៃ​ឡើង​ទៅ។

ប្រធាន​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក Casey Barnett បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បើ​ពិនិត្យ​លើ​សេចក្តី​រាយការណ៍​នាំចេញ​ពី​នាយកដ្ឋាន​គយ​ប្រទេស​វៀតណាម គឺ​វា​បង្ហាញ​ថា​ប្រទេស​កម្ពុជា មាន​សក្ដានុពល​ក្នុង​ការ​នាំចេញ​មិន​ចាញ់​ប្រទេស​ដទៃ​ឡើយ ប៉ុន្តែ​បញ្ហា​ស្ថិត​ត្រង់​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ក្លាយ​ជា​ឧបសគ្គ​រារាំង​ដល់​កំណើន​នាំចេញ​ផលិតផល។

ប្រភព​ដដែល​លើកឡើង​ថា តម្លៃ​អគ្គិសនី និង​កត្តា​ទំនុកចិត្ត គឺជា​បញ្ហា​ដែល​ប្រទេស​កម្ពុជា ត្រូវ​ដោះស្រាយ ព្រោះ​ថា​បើ​ប្រៀបធៀប​នឹង​ប្រទេស​វៀតណាម ប្រទេស​កម្ពុជា មាន​តម្លៃ​អគ្គិសនី​ខ្ពស់​ជាង​ពាក់កណ្តាល ក្នុង​នោះ​សូម្បីតែ​តម្លៃ​អគ្គិសនី​ប្រទេស​ចិន ក៏​ទាប​ជាង​ប្រទេស​កម្ពុជា ពាក់កណ្តាល​ដែរ។

លោក​ថា ដោយសារតែ​បែប​នេះ​ហើយ​ទើប​ប្រទេស​ផ្សេងៗ​នាំគ្នា​ទៅ​បើក​រោងចក្រ​កែច្នៃ​នៅ​ប្រទេស​វៀតណាម ព្រោះ​ថា​សូម្បីតែ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ (សូឡា) ក៏​រដ្ឋ​តម្រូវ​ឱ្យ​បង់​លុយ​ដែរ​នោះ ដែល​បញ្ហា​នេះ​គួរតែ​លុបចោល​ដើម្បី​បង្កើន​សក្ដានុពល​នាំចេញ​របស់​ខ្លួន​ឱ្យ​កាន់តែ​កើន​ខ្លាំង​ជាង​មុន។

លោក Casey Barnett បញ្ជាក់​ថា ប្រសិនបើ​ប្រទេស​កម្ពុជា​អាច​កែសម្រួល​លក្ខខណ្ឌ​ទាំងនេះ​បាន​ល្អ​ប្រសើរ នោះ​ប្រទេស​ជាតិ​នឹង​មាន​ឱកាស​នាំចេញ​នាំចូល​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក ដោយ​ត្រង់​លើ​វិស័យ​កសិកម្ម​ក្នុង​ប្រទេស ដូចជា​ការ​នាំចេញ​ផ្លែស្វាយ ការ​នាំចេញ​គ្រាប់ស្វាយចន្ទី និង​កាហ្វេ ជាដើម។

លោក​គូសបញ្ជាក់​ថា សហរដ្ឋ​អាមេរិក ពិត​មែន​តែ​នាំចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា កន្លង​មក ប៉ុន្តែ​ការ​នាំចូល​ទាំងនេះ​ត្រូវ​ឆ្លងកាត់​ប្រទេស​វៀតណាម ទាំងអស់ ដែល​នេះ​គឺជា​ការ​ខាតបង់​ដ៏​ធំ​មួយ​សម្រាប់​សក្ដានុពល​ក្នុង​ការ​នាំចេញ​ពី​ប្រទេស​កម្ពុជា​ដែល​ខ្លួន​មាន។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញ​សេចក្តី​រាយការណ៍​កាលពី​ចុងខែ​សីហា ឆ្នាំ​២០២៥ ថា ចាប់ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ​២០២៥ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-វៀតណាម មាន​ទំហំ​ជាង ៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (៥,៥៨​ពាន់​លាន​ដុល្លារ)។ ប្រភព​ដដែល បញ្ជាក់​ថា ប្រទេស​កម្ពុជា នាំ​ទំនិញ​ចេញ​ទៅ​ប្រទេស​វៀតណាម មាន​ទំហំ​ទឹកប្រាក់​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក (២,៧៤​ពាន់​លាន​ដុល្លារ) ចំណែកឯ​ប្រទេស​វៀតណាម នាំចូល​មក​វិញ​មាន​តម្លៃ​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក​ដែរ (២,៨៤​ពាន់​លាន​ដុល្លារ)។

ជុំវិញ​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក សំហេង បូរ៉ា បាន​អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-វៀតណាម សម្រេច​បាន​ទឹកប្រាក់​ជិត ៨​ពាន់​លាន​ដុល្លារ (៧,៧៨​ពាន់​លាន​ដុល្លារ) កាលពី​ឆ្នាំ​២០២៤ កន្លង​ទៅ។ គេ​អាច​ចាត់ទុក​ជំនួញ​នេះ​មាន​តុល្យភាព។

ប្រភព​ដដែល បញ្ជាក់​ថា ប្រទេស​កម្ពុជា នាំចេញ​ទៅ​វៀតណាម មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត ៤​ពាន់​លាន​ដុល្លារ (៣,៦១​ពាន់​លាន​ដុល្លារ) ខណៈ​ប្រទេស​វៀតណាម នាំចូល​មក​កម្ពុជា​វិញ​មាន​ទំហំ​ទឹកប្រាក់​ជាង ៤​ពាន់​លាន​ដុល្លារ​ផង​ដែរ (៤,១៦​ពាន់​លាន​ដុល្លារ)។ គេ​ចាត់ទុក​ជំនួញ​នេះ​មាន​អតុល្យភាព។

ចំណែកឯ​សេចក្តី​រាយការណ៍​ពី​គយ​វៀតណាម គេ​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០២៤ វៀតណាម​បាន​នាំចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា ជិត ៥​ពាន់​លាន​ដុល្លារ​អាមេរិក (៤៧៨២​លាន​ដុល្លារ) ក្នុង​នោះ គ្រាប់ស្វាយចន្ទី គឺ​មាន​ចំនួន​ជាង ១​ពាន់​លាន​ដុល្លារ (១,៤៧​ពាន់​លាន​ដុល្លារ) ផង​ដែរ។

ជុំវិញ​ការ​នាំចេញ​ពី​កម្ពុជា កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា ប្រទេស​កម្ពុជា​នឹង​មិន​ពឹង​ច្រមុះ​វៀតណាម ដក​ដង្ហើម​ទៀត​ឡើយ​សម្រាប់​ការ​នាំចេញ​ផលិតផល​របស់​ខ្លួន នៅ​ពេល​ដែល​ប្រទេស​កម្ពុជា អាច​សាងសង់​គម្រោង​នាវាចរណ៍​ព្រែកជីក​ហ្វូណន បាន​សម្រេច​ជា​ស្ថាពរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស