ពលរដ្ឋរងគ្រោះរឿងដីធ្លី អះអាងថា លោក ភោគ វឌ្ឍនា ដែលមានមុខនាទីជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានបោកប្រាស់យកដីរបស់ខ្លួនទំហំ ៥ហិកតាក្នុងខេត្តព្រះសីហនុ ព្រោះអាងខ្នងក្រាស់ អគ្គស្នងការរងនគរបាលជាតិលោក យឹម លាង កូនលោក យឹម ឆៃលី នៅពីក្រោយខ្នង។
សារព័ត៌មាន The Cambodia Daily បានទទួលឯកសារពីម្ចាស់ដីរងគ្រោះនៅថ្ងៃទី២០ មករា នេះដោយបង្ហាញថា មន្ត្រីក្រសួងមហាផ្ទៃ ឈ្មោះ ភោគ វឌ្ឍនា អត្តលេខ ៦២១៣៥ បានបោកប្រាស់យកដីពីឈ្មោះ ឈឹម យ៉ាន ទំហំ ៥ហិកតា ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តាំងពីអំឡុងឆ្នាំ២០១៥ មក។
ប្រភពដដែលរៀបរាប់ថា តាមការពិត ដីទំហំ ៥ហិកតានេះជាកម្មសិទ្ធិស្របច្បាប់របស់ឈ្មោះ ឈឺ មុយទៀង ប៉ុន្តែដោយសារដីនេះមានទំនាស់ជាមួយក្រុមហ៊ុនចិន ទើបឈ្មោះ ឈឺ មុយទៀង ក៏បានធ្វើកិច្ចសន្យាឱ្យឈ្មោះ ឈឹម យ៉ាន ឈរឈ្មោះជាម្ចាស់កម្មសិទ្ធិជំនួសខ្លួន ដើម្បីតវ៉ាក្តីនៅតុលាការក្នុងរយៈពេលកំណត់ត្រឹមការប្តឹងផ្តល់នេះត្រូវបញ្ចប់នៅសាលាដំបូងខេត្តព្រះសីហនុ។
ប៉ុន្តែក្រោយពេលសាលាដំបូងខេត្តព្រះសីហនុ ប្រកាសសាលក្រមកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ឱ្យឈ្មោះ ឈឹម យ៉ាន ឈ្នះក្តី ឈ្មោះ ឈឹម យ៉ាន មិនបានប្រគល់ដីនេះឱ្យទៅម្ចាស់ដីដើមឈ្មោះ ឈឺ មុយទៀង វិញទេ តែបែរជាទៅទាក់ទងឈ្មោះ ភោគ វឌ្ឍនា តាមការណែនាំពីបុគ្គលឈ្មោះ ឌឹក វណ្ណី ទៅវិញ ក្នុងគោលបំណងយកដីនេះមកចែកគ្នា ដែលហេតុបង្កទៅជាការប្តឹងផ្តល់រហូតដល់ពេលនេះ។
ក្នុងករណីបែបនេះ ចាស់បុរាណខ្មែរតែងពោលថា ពាលស៊ីលើពាល ក្បត់ក្តីទុកចិត្តអ្នកដទៃ។
ម្ចាស់ដីរងគ្រោះដដែលនេះបញ្ជាក់ថា ពេលនេះឈ្មោះ ឈឹម យ៉ាន បានសារភាពទទួលកំហុស និងសម្រេចដាក់ពាក្យប្តឹងឈ្មោះ ភោគ វឌ្ឍនា ទៅតុលាការវិញហើយ បន្ទាប់ពីឈ្មោះ ភោគ វឌ្ឍនា ប្រើល្បិចកលក្លែងបន្លំឯកសារប៉ុនប៉ងធ្វើជាម្ចាស់កម្មសិទ្ធិលើដីនោះតែម្នាក់ឯង។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឈ្មោះ ឈឹម យ៉ាន បានដាក់ពាក្យប្តឹងឈ្មោះ ភោគ វឌ្ឍនា ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដោយអះអាងថា ឈ្មោះ ភោគ វឌ្ឍនា បានបោកប្រាស់យកដីរបស់ខ្លួនទំហំ ៥ហិកតាក្នុងខេត្តព្រះសីហនុ។
ពាក្យបណ្ដឹងដដែលនេះរៀបរាប់ថា ឈ្មោះ ភោគ វឌ្ឍនា បានគំរាមមិនឱ្យឈ្មោះ ឈឹម យ៉ាន ទាក់ទងជាមួយម្ចាស់ដីឈ្មោះ ឈឺ មុយទៀង ដាច់ខាត ដោយធានាថាខ្លួនជាអ្នកចេញមុខដោះស្រាយរឿងនេះទាំងអស់។
ឈ្មោះ ភោគ វឌ្ឍនា ក៏បានគំរាមឱ្យឈ្មោះ ឈឹម យ៉ាន បដិសេធទទួលស្គាល់កិច្ចព្រមព្រៀងដែលខ្លួនបានផ្ដិតមេដៃទទួលធ្វើជាតំណាងម្ចាស់ដីបណ្ដោះអាសន្នជំនួសឈ្មោះ ឈឺ មុយទៀង កាលពីអំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦ ថែមទៀត។ ខណៈលិខិតផ្សេងៗដែលបញ្ជូនមកពីតុលាការ ក៏ត្រូវឈ្មោះ ភោគ វឌ្ឍនា តម្រូវឱ្យឈ្មោះ ឈឹម យ៉ាន ប្រគល់ទៅឱ្យរូបគេទាំងអស់ដែរ ដោយសំអាងថាខ្លួនជាអ្នកដោះស្រាយរឿងនេះ។
បន្ថែមលើនេះទៀត ឈ្មោះ ភោគ វឌ្ឍនា បានបោកប្រាស់ឈ្មោះ ឈឹម យ៉ាន ឱ្យផ្ដិតមេដៃលើឯកសារនានា ដោយកុហកថាដើម្បីយកទៅរត់ការធ្វើប្លង់កម្មសិទ្ធិស្របច្បាប់លើដីនោះឱ្យឈ្មោះ ឈឹម យ៉ាន ប៉ុន្តែតាមការពិត គឺជាលិខិតផ្ទេរកម្មសិទ្ធិពីឈ្មោះ ឈឹម យ៉ាន ឱ្យមកជាកម្មសិទ្ធិរបស់ខ្លួនសោះ។
ប្រភពដដែលអះអាងថា ដោយសារតែរឿងនេះ ប្តីរបស់អ្នកស្រី ឈឹម យ៉ាន ឈ្មោះ ម៉ាន់ ទូច ក៏បានចងកធ្វើអត្តឃាតក្នុងឆ្នាំ២០២៤ កន្លងទៅដែរ ដោយសារតែឈឺចិត្ត ខណៈរូបអ្នកស្រីផ្ទាល់ក៏ត្រូវឈ្មោះ ភោគ វឌ្ឍនា គំរាមឱ្យគេចខ្លួនទៅរស់នៅប្រទេសវៀតណាម មួយរយៈថែមទៀត។
អ្នកស្រី ឈឹម យ៉ាន ស្នើឱ្យឈ្មោះ ភោគ វឌ្ឍនា ប្រគល់ដីឱ្យខ្លួនវិញ ដើម្បីឱ្យខ្លួនអាចបំពេញកាតព្វកិច្ចប្រគល់ដីនោះទៅឱ្យម្ចាស់ដីដើមឈ្មោះ ឈឺ មុយទៀង ទៅតាមកិច្ចព្រមព្រៀងកាលពីអំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦ កន្លងទៅនោះ។
ក្នុងករណីនោះ អ្នកស្រី ឈឹម យ៉ាន បានចុះកិច្ចព្រមព្រៀងឈរឈ្មោះធ្វើជាម្ចាស់ដីតំណាងឱ្យឈ្មោះ ឈឺ មុយទៀង ដែលជាម្ចាស់ដីដើមចំនួនពីរលើក ដើម្បីតវ៉ាក្តីនៅសាលាដំបូងខេត្តព្រះសីហនុ។ លើកទី១ គឺនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ ដោយកំណត់សុពលភាពរយៈពេល ៦ខែ ប៉ុន្តែដោយសារតែការតវ៉ាក្តីមិនទាន់បញ្ចប់ ឈ្មោះ ឈឹម យ៉ាន បានចុះកិច្ចព្រមព្រៀងជាលើកទី២ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ដោយកំណត់សុពលភាពរហូតរឿងក្ដីនេះត្រូវបានតុលាការប្រកាសសាលក្រមស្ថាពរ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងលោក ភោគ វឌ្ឍនា ដើម្បីសុំការបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

