32.4 C
Phnom Penh

អាស៊ាន​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​ភូមា ដែល​ជា​ការ​រៀបចំ​បោះឆ្នោត​លើកដំបូង​បំផុត​ចាប់តាំង​ពី​រដ្ឋប្រហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ក្រោម​របប​សឹក ៥​ឆ្នាំ​មក​ហើយ បាន​រៀបចំ​ការ​បោះឆ្នោត​នៅ​ក្នុង​បរិបទ​សង្គម​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល និង​ការ​បះបោរ​ប្រឆាំង​ការ​ដឹកនាំ​ប្រព័ន្ធ​ផ្ដាច់ការ​យោធា​និយម។ ប្រទេស​មួយ​នេះ គឺ​សហព័ន្ធ​សហភាព​មីយ៉ាន់ម៉ា ដែល​ជា​ទម្លាប់​គេ​ហៅថា​ភូមា។

ការ​បោះឆ្នោត​ដែល​គ្មាន​ពិភពលោក​ទទួលស្គាល់ ព្រោះតែ​របប​សឹក​នៃ​ប្រទេស​នេះ​បាន​ឡើង​កាន់​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដោយ​សម្លាប់​របប​ប្រជាធិបតេយ្យ​ទើប​មាន​អាយុ ៥​ឆ្នាំ ដែល​ដឹកនាំ​ដោយ​ជ័យលាភី​ណូបែល​សន្តិភាព អ្នកស្រី អ៊ុងសាន ស៊ូជី។

អ្នកស្រី អ៊ុងសាន ស៊ូជី វ័យ ៨០​ឆ្នាំ ខណៈ​នេះ​កំពុង​ស្ថិត​ក្នុង​រនាំង​ដែក​នៃ​របប​សឹក​ដែល​ឃុំ​ខ្លួន​ក្រោម​ការ​កាត់ទោស​ឱ្យ​មាន​ទោស ២៧​ឆ្នាំ។ ការ​បោះឆ្នោត ៣​ដំណាក់កាល​ដែល​ពិភពលោក​កម្រ​នឹង​មាន​ព្រឹត្តិការណ៍​ដូចនេះ សម្រាប់​របប​សឹក​អាច​ធ្វើ​បាន គឺ​ឱ្យ​ត្រូវ​គេ​មើល​ឃើញ​ថា​ពួក​យោធា​កំពុង​ផ្ទេរ​អំណាច​ទៅ​បក្ស​នយោបាយ​របស់​ខ្លួន​ឡើង ទោះជា​បក្ស​ដែល​បាន​ឈ្នះ​ឆ្នោត​ជា​របស់​ខ្លួន​ក៏ដោយ។

សម្រាប់​នៅ​ឆ្នាំ​២០២៦ នេះ ប្រធាន​សមាគម​អាស៊ាន គឺ​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី​២៩ មករា នេះ រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន អ្នកស្រី Maria Theresa Lazaro បាន​និយាយ​ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន មិន​បាន​ទទួលស្គាល់​ការ​បោះឆ្នោត​សភា​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​ភូមា នោះ​ទេ ដែល​ជា​ការ​បោះឆ្នោត​លើកដំបូង​បំផុត​ចាប់តាំងពី​យោធា​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ក្នុង​ឆ្នាំ​២០២១។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia ផ្សាយ​នៅ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៦។

នៅ​ពេល​ត្រូវ​បាន​សាកសួរ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា តើ​សមាគម​អាស៊ាន​ទទួលស្គាល់​ការ​បោះឆ្នោត​នៅ​ភូមា ឬ​ទេ? អ្នកស្រី Theresa Lazaro រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន បាន​ឆ្លើយ​ថា «ពិត​ណាស់​ក្នុង​ពេលនេះ អាស៊ាន​មិន​ទទួលស្គាល់​ការ​បោះឆ្នោត​នៅ​ភូមា ទេ»

អ្នកស្រី​ពន្យល់​ថា អាស៊ាន​ក៏​មិន​បាន​ទទួលស្គាល់​ការ​បោះឆ្នោត​ដែល​បាន​រៀបចំ​ឡើង​នៅ​ភូមា ទោះ​រដ្ឋាភិបាល​យោធា​របស់​ប្រទេស​នេះ​ព្យាយាម​រៀបចំ​ការ​បោះឆ្នោត​បី​ដំណាក់កាល​ក៏ដោយ។

ការ​បដិសេធ​មិន​ទទួលស្គាល់​ការ​បោះឆ្នោត​នៅ​ភូមា ដោយ​សមាគម​អាស៊ាន ខណៈ​មាន​សេចក្ដី​រាយការណ៍​មក​ថា គណបក្ស​សាមគ្គីភាព និង​ការ​អភិវឌ្ឍ​សហព័ន្ធ (USDP) គាំទ្រ​ដោយ​ពួក​យោធា ត្រូវ​បាន​គេ​ប្រកាស​ជា​បក្ស​ទទួល​បាន​ជ័យជម្នះ​ភាគច្រើន​លើសលប់ ប៉ុន្តែ​គេ​ថា​វា​ជា​បរាជ័យ​ធំ​មួយ​ដែល​របប​សឹក​បាត់បង់​ការ​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ពី​សមាគម​អាស៊ាន​ដែល​ជា​អង្គការ​តំបន់​របស់​ខ្លួន។ សមាគម​អាស៊ាន​នៅ​ឆ្នាំ​នេះ​មាន​សមាជិក ១១​ប្រទេស ក្នុង​នោះ​ក៏​មាន​ប្រទេស​ភូមា មួយ​ដែរ។

គេ​នៅ​ចាំ​បាន​ថា នៅ​ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី និង​តម្លាភាព​ពីរ​លើក​មក​ហើយ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ និង​ខែ​មករា ឆ្នាំ​២០២០ ម្ដង​ទៀត ធ្វើឡើង​នៅ​ពេល​ប្រទេស​ភូមា បាន​ចាក​ផុត​ពី​សង្គ្រាម​ស៊ីវិល និង​កំពុង​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី។

ព្រឹត្តិការណ៍​បោះឆ្នោត​ពីរ​លើក​កន្លង​មក​នោះ គេ​សង្កេត​ឃើញ​សហគមន៍​អន្តរជាតិ មាន​ទាំង​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​អង្គការ​បោះឆ្នោត​អន្តរជាតិ រួម​នឹង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​របស់​ខ្លួន​ពាសពេញ​មណ្ឌល​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស ហើយ​ជ័យជម្នះ​ភាគច្រើន​បាន​ទៅ​បក្ស​របស់​អ្នកស្រី ស៊ូជី ជាមួយ​នឹង​អត្រា​ចេញ​ទៅ​បោះឆ្នោត​ជាង ៧០ ទៅ ៨០​ភាគរយ។

ក្រុម​អ្នក​សង្កេតការណ៍​បាន​ហៅ​ការ​បោះឆ្នោត​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​តម្លាភាព ដែល​ភាគី​ទាំងអស់​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត។

តែ​ការ​បោះឆ្នោត​រៀបចំ​ដោយ​របប​សឹក​នៅ​ខែ​មករា ឆ្នាំ​២០២៦ នេះ គណបក្ស​សាមគ្គីភាព និង​ការ​អភិវឌ្ឍ​សហភាព (USDP) ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គណបក្ស​គាំទ្រ​ដោយ​ពួក​យោធា បាន​ទទួល​ជ័យជម្នះ​យ៉ាង​ធំធេង ដោយ​កាន់កាប់​អាសនៈ​ភាគច្រើន​នៅ​ក្នុង​សភា​សហភាព​ភូមា។ នេះ​បើ​តាម​លទ្ធផល​ផ្លូវការ​ដែល​ចេញ​ផ្សាយ​ដោយ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​សហភាព។

យោង​តាម​តួលេខ​ចុងក្រោយ​ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​សហភាព គណបក្ស USDP ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដណ្តើម​យក​បាន ២៣១​អាសនៈ​នៅ​ក្នុង​សភា​ជាន់​ទាប និង ១០៨​អាសនៈ​បន្ថែម​ទៀត​នៅ​ក្នុង​សភា​ជាន់ខ្ពស់។ សរុប​មក គណបក្ស​នេះ​គ្រប់គ្រង​បាន ៣៣៩​អាសនៈ ដែល​ជា​ការ​ឈ្នះ​បាន​អាសនៈ​ភាគច្រើន​លើសលប់​នៃ​អាសនៈ​សរុប​របស់​សភា​ជាន់​ទាប ៤៤០​អាសនៈ។

សភា​សហភាព​ភូមា មាន​ពីរ​ថ្នាក់​ដែល​មាន​អាសនៈ​សរុប​ចំនួន ៦៦៤​អាសនៈ ក្នុង​នោះ​សភា​ជាន់​ទាប​មាន ៤៤០​អាសនៈ និង​សភា​ជាន់ខ្ពស់​មាន ២២៤​អាសនៈ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស