អ្នកឃ្លាំមើលសង្គម ស្នើឱ្យរដ្ឋាភិបាល និងស្ថាប័នតុលាការ ពិចារណាលើកលែងទោសសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបង្ហាញឆន្ទៈទៅកាន់អន្តរជាតិក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យបានពេញលេញ។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ កុម្ភៈ នេះថា ការបន្តចោទប្រកាន់ និងឃុំខ្លួនសកម្មជនសង្គម ដូចជា លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា រួមទាំងសកម្មជនផ្សេងទៀត ជាដើម ទាំងដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិចាត់ទុកជារឿងអយុត្តិធម៌ មិនមែនជារឿងចំណេញសម្រាប់កម្ពុជាទេ ក្នុងពេលដែលកម្ពុជាកំពុងមានការឈ្លានពានពីបរទេសជិតខាងនោះ។
លោក សេក សុជាតិ ព្រួយបារម្ភថា ការចាត់វិធានការនានាជុំវិញការបញ្ចេញមតិរបស់សកម្មជនទាំងនោះ ក៏ជាហេតុនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កម្ពុជាទៅថ្ងៃមុខដែរ ទោះក្នុងស្ថានភាពដែលពិភពលោកកំពុងធ្លាក់ចុះនូវសណ្ដាប់ធ្នាប់ និងធូររលុងទៅលើការអនុវត្តលទ្ធិប្រជាធិបតេយ្យ រួមទាំងការអនុវត្តសិទ្ធិមនុស្សសកលក្នុងពេលនេះក៏ដោយ។
អ្នកឃ្លាំមើលសង្គមរូបនេះបញ្ជាក់ថា ការប្រើប្រាស់វិធានការចាប់ខ្លួនសកម្មជនសង្គមដែលបញ្ចេញមតិលើចំណុចខ្វះខាតរបស់រដ្ឋាភិបាល មិនមែនជាដំណោះស្រាយទេ ប៉ុន្តែវាបែរជាជំរុញឱ្យចំណុចអសកម្មទាំងនោះកាន់តែរីកដុះដាលឡើងៗទៅវិញ។ បន្ថែមពីនេះ លោកថា វាក៏ក្លាយទៅជាបន្ទុកសម្រាប់រដ្ឋាភិបាលដែលត្រូវប្រឈមមុខនឹងការរិះគន់ពីសំណាក់អន្តរជាតិថែមទៀត។
កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ តុលាការកំពូលបានបដិសេធបណ្តឹងសាទុក្ខសុំដោះលែងឱ្យមានសេរីភាព និងបណ្តឹងសាទុក្ខសុំនៅក្រៅឃុំរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចំនួន ៣នាក់ គឺកញ្ញា ភឹង សោភា លោក ស្រ៊ុន ស្រ៊ន និងលោក សាន សិទ្ធ ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
តុលាការកំពូល សម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដែលសំអាងថា ពាក្យសុំនៅក្រៅឃុំរបស់ពួកគេបានធ្វើឡើងហួសរយៈពេលដែលច្បាប់អនុញ្ញាត ទុកជាបានការដដែល។
កញ្ញា ភឹង សោភា លោក ស្រ៊ុន ស្រ៊ន និងលោក សាន សិទ្ធ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្នុងពេលដែលពួកគេផ្សាយផ្ទាល់ (LIVE) លើបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធទៅនឹង “គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)”។
នេះគឺជាលើកទី៦ ហើយ ដែលសំណើសុំនៅក្រៅឃុំរបស់សកម្មជនទាំង ៣នាក់នេះ ត្រូវបានតុលាការបដិសេធ ក្នុងពេលដែលពួកគេជាប់ឃុំបណ្ដោះអាសន្នជាង ១ឆ្នាំកន្លះមកនេះ។
គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សកម្មជនទាំងបីនាក់ ត្រូវបានតុលាការឃុំខ្លួនអស់រយៈពេល ៥៦០ថ្ងៃហើយ ក្នុងពន្ធនាគារ ៣កន្លែងខុសៗគ្នា គឺមណ្ឌលអប់រំកែប្រែទី១ (ម១) មណ្ឌលអប់រំកែប្រែទី២ (ម២) ក្នុងរាជធានីភ្នំពេញ និងមណ្ឌលអប់រំកែប្រែទី៣ (ត្រពាំងផ្លុង) ក្នុងខេត្តត្បូងឃ្មុំ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

