28 C
Phnom Penh

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​នយោបាយ​ការទូត​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាមេរិក បើ​ចង់បាន​ពន្ធគយ​កាន់តែ​ទាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ផ្តល់​យោបល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​នយោបាយ​ការទូត​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បើ​ចង់បាន​ការ​បញ្ចុះ​ពន្ធ​បដិការ​កាន់តែ​ទាប។

លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ មីនា នេះ​ថា ពិត​មែន​តែ​លោក ដូណាល់ ត្រាំ ចាញ់​ក្តី​នៅ​តុលាការ​កំពូល​ជុំវិញ​ការ​កំណត់​ពន្ធ​បដិការ​នេះ ប៉ុន្តែ​គាត់​មិន​បាន​ទម្លាក់​បញ្ហា​នេះ​ចោល​ឡើយ គឺ​នៅតែ​បន្ត​ដំឡើង​ពន្ធ​ទៅ​លើ​ប្រទេស​ដទៃ​ទៀត​ដែល​គាត់​ចង់ ដោយ​មិន​ខ្វល់​ពី​ការ​សម្រេច​របស់​តុលាការ​ឡើយ។

លោក សេក សុជាតិ លើកឡើង​ថា ក្នុង​ពេល​ដែល​លោក ដូណាល់ ត្រាំ នៅតែ​ដឹកនាំ​សហរដ្ឋ​អាមេរិក កម្ពុជា​ត្រូវតែ​ធ្វើ​នយោបាយ​ការទូត​ឲ្យ​ស្រប​នឹង​ផែនការ​ដឹកនាំ​របស់​គាត់។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ ជំរុញ​ឱ្យ​កម្ពុជា​ពង្រឹង​នីតិរដ្ឋ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន ដើម្បី​បង្កើត​លំហូរ​នាំចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេងៗ​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​សងខាង ក្នុង​នោះ កម្ពុជា​ក៏​ត្រូវ​បង្កើន​ការ​នាំចេញ​ទៅកាន់​ប្រទេស​ដទៃ​ទៀត​ដែរ ពីព្រោះ​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​មិនមែន​មាន​តែ​អាមេរិក​នោះ​ទេ។

កាលពី​ថ្ងៃទី​០៤ ខែ​មីនា អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ក្នុង​ពេល​ចូលរួម​ប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន-កម្ពុជា​ឆ្នាំ​២០២៦ ថា ពន្ធគយ​បដិការ​ដែល​អាម៉េរិក​កំណត់​លើ​ទំនិញ​កម្ពុជា ក្នុង​អត្រា ១៩% ត្រូវ​បាន​លុបចោល​ដោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​សេចក្តី​សម្រេច​កាលពី​ពេល​ថ្មីៗ ដូច្នេះ​កម្ពុជា​រំពឹង​ថា​ពន្ធ​ថ្មី​ដែល​អាមេរិក​ដាក់​មក​លើ​ទំនិញ​កម្ពុជា នឹង​ស្ថិត​នៅ​ក្រោម ១៩%។

លោក ស៊ុន ចាន់ថុល បញ្ជាក់​ថា បន្ទាប់ពី​ពន្ធគយ​បដិការ ១៩% ត្រូវ​បាន​លុបចោល​ដោយ​ស្វ័យប្រវត្តិ បច្ចុប្បន្ន​នេះ ក្រោម​មាត្រា​១២២ នៃ​ច្បាប់​ពាណិជ្ជកម្ម​ឆ្នាំ​១៩៧៤ សហរដ្ឋ​អាមេរិក​បាន​អនុវត្ត​ពន្ធ​បន្ថែម​ថ្មី​ក្នុង​អត្រា ១៥% បូក​បន្ថែម​លើ​អត្រា​ពន្ធ​មូលដ្ឋាន MFN មក​លើ​កម្ពុជា និង​ប្រទេស​ផ្សេងៗ​ផង​ដែរ។

កាលពី​ចុង​ខែ​កុម្ភៈ ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ រ៉យទ័រ បាន​រាយការណ៍​ថា តុលាការ​កំពូល​សហរដ្ឋ​អាមេរិក នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២៦ បាន​សម្រេច​សាលក្រម​ដោយ​ប្រកាស​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បំពាន​អំណាច​របស់​ខ្លួន​ចំពោះ​ការ​ដាក់​ពន្ធ​បដិការ​លើ​ទំនិញ​នាំចូល​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​នៅ​ជុំវិញ​ពិភពលោក។

ចៅក្រម​អាមេរិក ៦​រូប ទល់​នឹង​ចៅក្រម ៣​រូប បាន​កំណត់​ថា នយោបាយ​ពន្ធ​របស់​លោក ដូណាល់ ត្រាំ លើ​ទំនិញ​នាំចូល​អាមេរិក​ទូទាំង​ពិភពលោក គឺ​ខុស​ច្បាប់​សេដ្ឋកិច្ច ដែល​មាន​ន័យ​ថា រាល់​ពន្ធ​ដែល​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​កំណត់ គឺ​ត្រូវ​ដក​ចេញ​ភ្លាម​ដោយ​ស្វ័យប្រវត្តិ។

កាលពី​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៥ កន្លង​ទៅ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​កំណត់​ពន្ធគយ​លើ​ប្រទេស​មួយ​ចំនួន​ដែល​នាំ​ទំនិញ​ទៅ​កាន់​ទីផ្សារ​អាមេរិក ក្នុង​នោះ កម្ពុជា​ត្រូវ​ដាក់​ឱ្យ​ជាប់​របាំង​ពន្ធ​នេះ ៤៩% ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​បញ្ចុះ​ឱ្យ​មក​នៅ​ត្រឹម ៣៦% វិញ។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៥ សេតវិមាន បាន​បង្ហាញ​សេចក្តី​សម្រេច​ចិត្ត​លើ​អត្រា​ពន្ធ​បដិការ​លើក​ចុងក្រោយ​ដល់​ប្រទេស​ចំនួន ៧០ ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ដោយ​ក្នុង​នោះ កម្ពុជា​ក៏​ត្រូវ​បាន​អាមេរិក​បញ្ចុះ​អត្រា​ពន្ធ​ពី ៣៦% មក​នៅ​ត្រឹមតែ ១៩% ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​សភា​ពាណិជ្ជកម្ម​អាម៉េរិក លោក Casey Barnett បាន​លើកឡើង​កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៥ ថា បើ​អាមេរិក​បញ្ចុះ​ពន្ធ​ឱ្យ​កម្ពុជា​ដល់ ២០% ឬ​ទាប​ជាង​នេះ នោះ​គឺ​រឹតតែ​ល្អ​ដែល​នឹង​នាំ​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​កាន់តែ​ស្ទុះ​ឡើង​ជាង​មុន ប៉ុន្តែ​ប្រសិនបើ​កម្ពុជា​ទទួល​បាន​អត្រា​ពន្ធ​លើស​ពី ២៥% នោះ​គឺជា​លំបាក​សម្រាប់​កម្ពុជា​ទៅវិញ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស