32.7 C
Phnom Penh

ក្រសួង​កសិកម្ម​ព្រមាន​អ្នក​ចិញ្ចឹម​សត្វ​ត្រចៀកកាំ​ឱ្យ​ប្រុងប្រយ័ត្ន​ជំងឺឆ្លង​និង​ការ​ចាក់​សំឡេង​រំខាន​ដល់​ជិតខាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​កសិកម្ម ព្រមាន​ម្ចាស់​អាជីវកម្ម​ចិញ្ចឹម​សត្វ​ត្រចៀកកាំ​ជា​លក្ខណៈ​គ្រួសារ ឱ្យ​ប្រុងប្រយ័ត្ន​ជំងឺឆ្លង​ពី​សត្វ​មក​មនុស្ស និង​ការ​ចាក់​បំពង​សំឡេង​ឮ​ខ្លាំងៗ​ហួស​កម្រិត​ច្រើន​ម៉ោង ដែល​បង្ក​ឱ្យ​មាន​ការ​រំខាន​ដល់​អ្នក​ជិតខាង និង​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​ថែរក្សា​សត្វ​ត្រចៀកកាំ​ជា​លក្ខណៈ​គ្រួសារ​នៅ​ថ្ងៃទី​១២ មីនា នេះ​ថា បច្ចុប្បន្ន ការ​សាងសង់​ផ្ទះ ឬ​អគារ​ថែរក្សា​សត្វ​ត្រចៀកកាំ​ជា​លក្ខណៈ​គ្រួសារ​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ដូច្នេះ ម្ចាស់​ផ្ទះ ឬ​ម្ចាស់​អគារ​ដែល​ថែរក្សា​សត្វ​ត្រចៀកកាំ​ជា​លក្ខណៈ​គ្រួសារ ត្រូវ​តាមដាន​ជាប់​ជានិច្ច​នូវ​សុខភាព​សត្វ និង​អនាម័យ​ដើម្បី​បង្ការ​ជំងឺឆ្លង។

បន្ថែម​ពី​នេះ ការ​ចាក់​បំពង​សំឡេង​ឮ​ខ្លាំង​ហួស​កម្រិត​ច្រើន​ម៉ោង​ដើម្បី​ទាក់ទាញ​សត្វ​ត្រចៀកកាំ ក៏​តម្រូវ​ឱ្យ​មាន​ការ​កំណត់​ពេល​ដែរ ដើម្បី​ចៀសវាង​ការ​បង្ក​ឱ្យ​មាន​ការ​រំខាន​ដល់​អ្នក​ជិតខាង និង​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ។

សេចក្តី​ជូនដំណឹង​ដដែល​នេះ ណែនាំ​ឱ្យ​ម្ចាស់​ផ្ទះ ឬ​ម្ចាស់​អគារ​ថែរក្សា​សត្វ​ត្រចៀកកាំ​ជា​លក្ខណៈ​គ្រួសារ ត្រូវ​កំណត់​ការ​ចាក់​បំពង​សំឡេង​ជា​បី​កម្រិត​សម្រាប់​នៅ​តំបន់​សាធារណៈ និង​តំបន់​លំនៅឋាន។

ប្រភព​ដដែល​ថា ចាប់ពី​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង ៦​ល្ងាច ត្រូវ​កំណត់​ឱ្យ​ប្រើ​កម្រិត​សំឡេង ៤៥​ដេស៊ីប៊ែល (Decibel dB) និង​កម្រិត ៤០​ដេស៊ីប៊ែល ចាប់ពី​ម៉ោង ៦​ល្ងាច​ដល់​ម៉ោង ១០​យប់ ប៉ុន្តែ​ចាប់ពី​ម៉ោង ១០​យប់​ដល់​ម៉ោង ៦​ព្រឹក ត្រូវ​បាន​កំណត់​ឱ្យ​ចាក់​បំពង​សំឡេង​ត្រឹមតែ​កម្រិត ៣៥​ដេស៊ីប៊ែល​ប៉ុណ្ណោះ​សម្រាប់​តំបន់​មន្ទីរពេទ្យ បណ្ណាល័យ និង​សាលារៀន។

ក្រសួង​កសិកម្ម អំពាវនាវ​ឱ្យ​ម្ចាស់​ផ្ទះ ឬ​ម្ចាស់​អគារ​ថែរក្សា​សត្វ​ត្រចៀកកាំ​ជា​លក្ខណៈ​គ្រួសារ ត្រូវ​អនុវត្ត​វិធានការ​ជីវសុវត្ថិភាព និង​ធ្វើ​អនាម័យ​នៅ​ជុំវិញ រួម​ទាំង​ខាង​ក្នុង​ទីតាំង​ថែរក្សា​សត្វ​ត្រចៀកកាំ​ជា​ប្រចាំ។ ជាង​នេះ​ទៀត ត្រូវ​រាយការណ៍​ជាបន្ទាន់​នៅ​ពេល​ដែល​មាន​សត្វ​ត្រចៀកកាំ​មាន​ជំងឺ ឬ​ងាប់។

ក្រសួង​កសិកម្ម បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ផ្ទះ​ត្រចៀកកាំ​ចន្លោះ​ពី ៥​ពាន់​ផ្ទះ ទៅ ៧​ពាន់​ផ្ទះ ដែល​អាច​ផ្តល់​ទិន្នផល​ប្រមាណ​ជា ១២០​តោន​ក្នុង​មួយ​ឆ្នាំៗ។

ទាក់ទង​នឹង​បញ្ហា​ទាំងនេះ លោក ស៊ុយ កុកធាន ប្រធាន​សមាគម​ត្រចៀកកាំ​ខ្មែរ អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​សាងសង់​ផ្ទះ​ត្រចៀកកាំ​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់ ចាប់តាំងពី​មាន​ការ​ចុះ​ពិធីសារ​ស្ដីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ​ទឹកមាត់​ត្រចៀកកាំ ទៅ​កាន់​ទីផ្សារ​ចិន កាលពី​ពេល​កន្លង​ទៅ​នោះ។

លោក​បញ្ជាក់​ថា ទីផ្សារ​សម្បុក​ត្រចៀកកាំ​បច្ចុប្បន្ន​មាន​តម្លៃ​ជាង ៣០០​ដុល្លារ​ទៅ ៤៥០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម សម្រាប់​សម្បុក​ត្រចៀកកាំ​មិន​ទាន់​សម្អាត និង​មិន​ទាន់​កែច្នៃ រីឯ​សម្បុក​ត្រចៀកកាំ​ដែល​កែច្នៃ​រួច​មាន​តម្លៃ​ចាប់ពី ៨០០​ដុល្លារ​ទៅ ១៥០០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ដោយ​អាស្រ័យ​ទៅ​តាម​ការ​សម្អាត​របស់​ក្រុមហ៊ុន​នីមួយៗ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស