25.5 C
Phnom Penh

តម្លៃ​ប្រេង​នៅ​កម្ពុជា​បន្ត​ឡើង​ថ្លៃ ខណៈ​រដ្ឋ​អះអាង​ថា​បាន​កាត់បន្ថយ​ពន្ធអាករ​ប្រមាណ ៤,១​លាន​ដុល្លារ​ក្នុង​រយៈពេល​៣​ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល ១៧​ថ្ងៃ តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​បាន​បន្ត​ហក់​ឡើង​ឥត​ឈប់ ក្នុង​នោះ​បើ​ប្រៀបធៀប​តម្លៃ​ប្រេងឥន្ធនៈ​កាលពី​ថ្ងៃទី​១ ខែ​មីនា និង​ថ្ងៃទី​១៧ ខែ​មីនា នេះ បាន​កើន​ឡើង​ជិត ២០០០​រៀល (១៦៥០​រៀល) ក្នុង ១​លីត្រ​សម្រាប់​ប្រេងសាំង ខណៈ​តម្លៃ​ប្រេងម៉ាស៊ូត​ក្នុង ១​លីត្រ ក៏បាន​កើន​ឡើង​ជិត ៣០០០​រៀល (២៧០០​រៀល) ដែរ។

ក្រសួង​ពាណិជ្ជកម្ម ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​កាលពី​យប់​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៦ នេះ​ថា ចាប់ពី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៦ នេះ​តទៅ តម្លៃ​ប្រេង​នៅ​កម្ពុជា​ត្រូវ​បាន​កំណត់ ៥៥០០​រៀល​ក្នុង ១​លីត្រ​សម្រាប់​ប្រេងសាំង ខណៈ​ប្រេងម៉ាស៊ូត​ត្រូវ​កំណត់​ឱ្យ​លក់​រហូត​ដល់ ៦៥៥០​រៀល​ឯណោះ​ក្នុង ១​លីត្រ ហើយ​តម្លៃ​នេះ​នឹង​ត្រូវ​បន្ត​រហូត បើ​គ្មាន​សេចក្តី​ជូនដំណឹង​ថ្មី​ទេ​នោះ។

ប្រភព​ដដែល​អះអាង​ថា យោង​តាម​ការ​ប្រែប្រួល​នៃ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ រាជរដ្ឋាភិបាល​បន្ត​បញ្ចុះ​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៦,៥​សេន​ដុល្លារ​ក្នុង ១​លីត្រ ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ។

ជាង​នេះ​ទៀត រាជរដ្ឋាភិបាល​ក៏បាន​បញ្ចុះ ១​សេន​ដុល្លារ​ក្នុង ១​លីត្រ​បន្ថែម​ទៀត​ដែរ ដោយសារ​ប្រេងសាំង​អន្តរជាតិ​ឡើង​លើស​ពី ៩០​ដុល្លារ​ក្នុង ១​បារ៉ែល និង​ប្រេងម៉ាស៊ូត​អន្តរជាតិ​ឡើង​លើស ១០០​ដុល្លារ​ក្នុង ១​បារ៉ែល​នោះ។ លើស​ពី​នេះ រដ្ឋ​ក៏បាន​កាត់បន្ថយ​ពន្ធអាករ​ប្រមាណ ៤,១​លាន​ដុល្លារ​ដែរ​ក្នុង​រយៈពេល ៣​ថ្ងៃ​កន្លង​ទៅ​នេះ។

ក្រសួង​ពាណិជ្ជកម្ម បញ្ជាក់​ថា ការ​កំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា គឺ​យោង​លើ​ការ​ព្រមព្រៀង​លើ​រូបមន្ត​កំណត់​តម្លៃ​ជាមួយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ដែល​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា និង​យោង​ការ​ប្រែប្រួល​នៃ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ។

កាលពី​ថ្ងៃទី​១៦ មីនា ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ CNA បាន​រាយការណ៍​ថា តម្លៃ​ប្រេង​បាន​បន្ត​ហក់​កើន​ឡើង​ខ្លាំង​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ព្រោះតែ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) កំពុង​រង​ការ​គំរាមកំហែង​ដោយសារតែ​សង្គ្រាម​រវាង​អាមេរិក-អ៊ីស្រាអែល ប្រឆាំង​នឹង​អ៊ីរ៉ង់ នា​ពេលនេះ។

កាសែត CNA ឱ្យ​ដឹង​ថា តម្លៃ​ប្រេង​ឆៅ​ប្រភេទ Brent បាន​ហក់​ឡើង ២,០១​ដុល្លារ​អាមេរិក ឬ ១,៩៥​ភាគរយ​ដល់​តម្លៃ ១០៥,១៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ចំណែក​តម្លៃ​ប្រេង​ឆៅ​ប្រភេទ West Texas Intermediate របស់​សហរដ្ឋ​អាមេរិក ក៏បាន​កើន​ឡើង ១,៦១​ដុល្លារ ឬ ១,៦៣​ភាគរយ​ដល់​តម្លៃ ១០០,៣២​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ផង​ដែរ។

ដោយឡែក​ប្រើ​ប្រៀបធៀប​តម្លៃ​ប្រេង​នៅ​ថ្ងៃទី​១៧ មីនា ដដែល​នេះ ទៅ​នឹង​តម្លៃ​ប្រេង​កាលពី​ថ្ងៃទី​១៣ មីនា គឺ​កើន​ឡើង ៣០០​រៀល​បន្ថែម​ទៀត​ក្នុង​មួយ​លីត្រ​ដែល​ធ្វើ​ឱ្យ​ប្រេងសាំង​ឡើង​ដល់​តម្លៃ ៥៥០០​រៀល ចំណែក​ប្រេងម៉ាស៊ូត​ក៏បាន​កើន​ឡើង ១៥០​រៀល​ក្នុង ១​លីត្រ​ដែរ ដែល​ធ្វើ​ឱ្យ​តម្លៃ​ប្រេងម៉ាស៊ូត​ឡើង​ដល់ ៦៥៥០​រៀល​ក្នុង​មួយ​លីត្រ​ក្នុង​ពេលនេះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​តម្លៃ​ប្រេង​នេះ សារព័ត៌មាន​ថៃ នៅ​ថ្ងៃទី​១៧ មីនា នេះ ផ្សាយ​ថា រដ្ឋាភិបាល​ថៃ កំពុង​ចរចា​ទិញ​ប្រេង​រុស្ស៊ី បង្គ្រប់​សេចក្តី​ត្រូវការ​ក្នុង​ស្រុក ហើយ​ក៏​ឈប់​ដឹក​ប្រេង​លក់​ឲ្យ​ស្រុក​ដទៃ។ ក្រុមហ៊ុន​អាកាសចរណ៍​យៀកណាម នឹង​កាត់បន្ថយ​ជើងយន្តហោះ​ដោយសារ​ខ្វះ​ប្រេងសាំង​យន្តហោះ​ដែល​នាំចូល​ប្រមាណ ៦០% ពី​ប្រទេស​ចិន និង​ប្រទេស​ថៃឡង់ដ៍។

នៅ​ថ្ងៃទី​១៧ ខែ​មីនា នេះ ស្ថានីយ​ប្រេងឥន្ធនៈ​តូតាល់ (TOTAL) បាន​ដាក់​បង្ហាញ​តម្លៃ​ប្រេងឥន្ធនៈ​របស់​ខ្លួន​ជា​សាធារណៈ ដោយ​កំណត់​ប្រេងសាំង​ធម្មតា​តម្លៃ ៥៥០០​រៀល​ក្នុង ១​លីត្រ ខណៈ​ប្រេងសាំង​ស៊ូពែរ​តម្លៃ ៦៦០០​រៀល​ក្នុង ១​លីត្រ ចំណែក​ប្រេងម៉ាស៊ូត​តម្លៃ ៦៥៥០​រៀល​ក្នុង​មួយ​លីត្រ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស