32 C
Phnom Penh

កម្ពុជា​បង្កើន​ការ​នាំចូល​ប្រេងឥន្ធនៈ​ពី​ប្រទេស​សិង្ហបុរី និង​ប្រទេស​ម៉ាឡេស៊ី ដើម្បី​បំពេញ​ការ​ខ្វះខាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា ប្រកាស​ពី​ការ​បង្កើន​ការ​នាំចូល​ប្រេងឥន្ធនៈ​ពី​ប្រទេស​សិង្ហបុរី និង​ម៉ាឡេស៊ី បន្ថែម​ទៀត ដើម្បី​បំពេញ​ការ​ខ្វះខាត​ក្នុង​ស្រុក​ដែល​អាច​កើតមាន ខណៈ​សង្គ្រាម​អាមេរិក-អ៊ីស្រាអែល លើ​អ៊ីរ៉ង់ កំពុង​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ជា​សកល។

ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ​រ៉យទ័រ (Reuters) បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ នៅ​ថ្ងៃទី​១៩ មីនា នេះ​ថា រយៈពេល ១៨​ថ្ងៃ​ដំបូង​នៃ​ខែ​មីនា ឆ្នាំ​២០២៦ នេះ ការ​នាំចូល​ប្រេង​ពី​ប្រទេស​សិង្ហបុរី និង​ប្រទេស​ម៉ាឡេស៊ី បាន​កើន​ឡើង ២៥% បើ​ប្រៀប​នឹង​ឆ្នាំ​មុន ប៉ុន្តែ​ធ្លាក់​ចុះ ៤០% បើ​ប្រៀប​នឹង​ចុង​ខែ​កុម្ភៈ កន្លង​ទៅ។

លោក កែវ រតនៈ អះអាង​ថា ប្រហែល ១/៣ នៃ​ស្ថានីយ​ប្រេង​ដែល​មាន​ជាង ៦​ពាន់​ស្ថានីយ (៦៣០០​ស្ថានីយ) នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​បិទ​ទ្វារ​កាលពី​សប្តាហ៍​មុន ដោយសារ​ព្រួយបារម្ភ​ពី​តម្លៃ​ប្រេង ប៉ុន្តែ​ពេលនេះ​មាន​តែ​ប្រមាណ​ជា ៥,៧៧% ប៉ុណ្ណោះ​ដែល​នៅតែ​បន្ត​បិទ​ទ្វារ។

លោក​បន្ថែម​ថា សព្វថ្ងៃ​នេះ កម្ពុជា​នៅតែ​អាច​នាំចូល​ប្រេង​ខ្លះៗ​ពី​ចិន ហើយ​លើស​ពី​នេះ​ក៏​មាន​ដៃគូ​អន្តរជាតិ​ដទៃ​ទៀត​ដែរ ដូចជា Total Energies និង Chevron ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​កង្វះ​ការ​ផ្គត់ផ្គង់​ដល់​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល រូប​នេះ បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កិច្ចពិភាក្សា​បឋម​នៅ​ខែ​នេះ​ជាមួយ​ក្រុមហ៊ុន Woodside Energy (WDS.AX) របស់​ប្រទេស​អូស្ត្រាលី ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) សម្រាប់​រោងចក្រ​ថាមពល ៩០០​មេហ្គាវ៉ាត់ ដែល​អាច​នឹង​ចាប់ផ្តើម​ផលិត​នៅ​ឆ្នាំ​ក្រោយ​នេះ។

លោក កែវ រតនៈ បញ្ជាក់​ថា កម្ពុជា​បាន​ជជែក​ជាមួយ​ក្រុមហ៊ុន Woodside របស់​ប្រទេស​អូស្ត្រាលី រួចរាល់​ហើយ ដើម្បី​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) សម្រាប់​រោងចក្រ​ថាមពល​ដែល​ដំណើរការ​ដោយ​ឧស្ម័ន​ធម្មជាតិ​ដំបូង​គេ​របស់​កម្ពុជា ខណៈ​ការ​ផ្គត់ផ្គង់​របស់​អូស្ត្រាលី ក៏បាន​ជួយ​ការពារ​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​ដល់​កម្ពុជា ផង​ដែរ។

ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters) បាន​រាយការណ៍​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២៦ នេះ​ថា យោង​តាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​វិភាគ​ការ​ដឹកជញ្ជូន Kpler សម្រាប់​ឆ្នាំ​២០២៥ បាន​បង្ហាញ​ថា ប្រទេស​សិង្ហបុរី ដែល​ជា «មជ្ឈមណ្ឌល​ប្រេង​ប្រចាំ​អាស៊ី» បាន​នាំចូល​ប្រេង​ឆៅ​ជាង ៧០% របស់​ខ្លួន​ពី​តំបន់​មជ្ឈិមបូព៌ា ដែល​ស្មើ​នឹង​ជាង ៦​សែន​បារ៉ែល (៦៩៤០០០​បារ៉ែល) ក្នុង ១​ថ្ងៃ។ ដោយឡែក​ប្រទេស​ម៉ាឡេស៊ី ក៏​ពឹងផ្អែក​យ៉ាង​ខ្លាំង​ផង​ដែរ​ពី​ការ​នាំចូល​ប្រេង​ឆៅ​ពី​មជ្ឈិមបូព៌ា ដែល​មាន​ប្រមាណ​ជាង ៣​សែន​បារ៉ែល (៣២៣០០០​បារ៉ែល) ក្នុង ១​ថ្ងៃ ទោះបី​ប្រទេស​នេះ​មាន​ផលិតកម្ម​ប្រេង​ក្នុង​ស្រុក​ដោយ​ខ្លួនឯង​ក៏ដោយ។

ប្រភព​ដដែល អះអាង​ថា ទោះបី​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​សិង្ហបុរី ជា​មជ្ឈមណ្ឌល​នាំចេញ​ប្រេង​ប្រចាំ​តំបន់​ក៏ដោយ ក៏​ប្រទេស​ទាំង​ពីរ​នេះ​មាន​ស្តុក​ប្រេង​បម្រុង​សម្រាប់​គ្រាអាសន្ន​តិចតួច​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ធំៗ​នៅ​អាស៊ីបូព៌ា។

ជុំវិញ​បញ្ហា​នេះ តាម​របាយការណ៍​របស់​ទស្សនាវដី្ត Forbes កាលពី​ពេល​ថ្មីៗ​នេះ បង្ហាញ​ថា សិង្ហបុរី មាន​ស្តុក​ប្រេង​បម្រុង​ដែល​អាច​ប្រើប្រាស់​បាន​ប្រហែល ៤០​ថ្ងៃ ប្រសិនបើ​គ្មាន​ការ​នាំចូល​សោះ។ ដោយឡែក​ម៉ាឡេស៊ី មិន​បាន​បញ្ចេញ​ទិន្នន័យ​ជាក់លាក់​អំពី​ស្ដុក​ប្រេង​របស់​ខ្លួន​ថា​អាច​ប្រើប្រាស់​បាន​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ។

របាយការណ៍​ដដែល​បង្ហាញ​ថា ប្រទេស​ធំៗ​មួយ​ចំនួន​នៅ​អាស៊ីបូព៌ា មាន​ស្ដុក​ប្រេង​បម្រុង​ដែល​អាច​ប្រើប្រាស់​បាន​យូរ​ក្នុង​ករណី​មិន​អាច​នាំចូល​ប្រេង​សោះ ដូចជា ប្រទេស​ចិន មាន​ប្រេង​ស្តុក​ទុក​ចំនួន ១០០​ថ្ងៃ ចំណែក​ប្រទេស​ជប៉ុន មាន​ស្តុក​ប្រេង​បម្រុង​ចំនួន ២៥៤​ថ្ងៃ ខណៈ​ប្រទេស​កូរ៉េខាងត្បូង ក៏​មាន​ប្រេង​បម្រុង​ទុក​ចំនួន ២០៧​ថ្ងៃ​ដែរ។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ បាន​អះអាង​កាលពី​ថ្ងៃទី​១៦ មីនា នេះ​ថា បច្ចុប្បន្ន​កម្ពុជា​មិន​មាន​បញ្ហា​ខ្វះ​ប្រេងឥន្ធនៈ​ឡើយ ព្រោះ​កម្ពុជា​មាន​ស្តុក​ប្រេង​យុទ្ធសាស្ត្រ​ដែល​អាច​ប្រើ​បាន​ប្រហែល ២១​ថ្ងៃ ដែល​មាន​ន័យ​ថា ទោះបីជា​មិន​អាច​នាំចូល​ប្រេង​សោះ ក៏​នៅតែ​មាន​ប្រេង​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​រយៈពេល ៣​សប្តាហ៍​ដែរ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស